ដោយ៖ឈាង បុប្ផា/RFI ខេមរភាសា
មួយសប្តាយ៍ ក្រោយពីអតីតប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំត្រូវតុលាការរកឃើញថា ពិតមានកំហុសតាមបទចោទប្រកាន់ព្រហ្មទណ្ឌក្នុងសំណុំរឿងប្រើលុយសូក បិទមាត់តារាភាពយន្តអាសអាភាស ក្រុមយុទ្ធនាការឃោសនារបស់លោកបានអះអាងថា លោកដូណាល់ ត្រាំរៃអង្គាសបានលុយប្រមាណ៥៣លានដុល្លារ ក្នុងរយៈពេលតែ១ថ្ងៃ។ ចាប់តាំងពីត្រូវតុលាការក្រុងញូវយ៉កបើកការជំនុំជម្រះ និងសម្រេចថា ពិតជាមានទោសដូចការចោទប្រកាន់ លោកដូណាល់ ត្រាំបានប្រកូកប្រកាសឲ្យក្រុមគាំទ្ររបស់លោកបរិច្ចាគលុយ ពី២០ ទៅ៣០០០ដុល្លារ ដើម្បីជួយឲ្យលោកអាចធ្វើយុទ្ធនាការឃោសនាបោះឆ្នោត ផ្តួលលោកចូ បៃដិន។
អតីតប្រធានាធិបតី និងជាមហាសេដ្ឋីអចលនទ្រព្យ លោកដូណាល់ ត្រាំមិនចោលទម្លាប់ យកសំណុំរឿងក្តីក្តាំរបស់លោកនៅតុលាការទៅពង្វក់ អូសទាញអ្នកគាំទ្ររបស់លោកឲ្យបរិច្ចាគលុយដើម្បីយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោក។
ជាក់ស្តែង បន្ទាប់ពី តុលាការក្រុងញូវយ៉កសម្រេចកាលពីថ្ងៃព្រហស្បតិ៍ ទី៣០ឧសភា ថា លោកដូណាល់ ត្រាំពិតជាមានទោសព្រហ្មទណ្ឌក្នុងរឿងយកលុយឃោសនាឆ្នោតទៅសូកបិទមាត់តារាភាពយន្តអាសអាភៀស ក្រុមឃោសនាបោះឆ្នោតរបស់លោកដូណាល់ ត្រាំនិយាយថា នៅក្នុងរយៈពេលតែមួយថ្ងៃ ឬ២៤ម៉ោងប៉ុណ្ណោះ អតីតប្រធានាធិបតី ដែលឈរឈ្មោះជាបេក្ខជនគូប្រជែងនឹងលោកចូ បៃដិន បានទទួលលុយពីអ្នកគាំទ្ររបស់លោក៥៣លានដុល្លារ តាមរយៈការរៃអង្គាសតាមប្រព័ន្ធអនឡាញ។
តាំងពីថ្ងៃដែលតុលាការក្រុងញូវយ៉កប្រកាសថា លោកដូណាល់ ត្រាំពិតជាមានកំហុសនៅក្នុងបទចោទប្រកាន់ព្រហ្មទណ្ឌទាំង៣៤ អ្នកគាំទ្ររបស់លោកដូណាល់ ត្រាំបានទទួលជាបន្តបន្ទាប់ សារអ៊ីម៉ែល សំបុត្រដែលនៅក្នុងនោះ លោកដូណាល់ ត្រាំបានអំពាវនាវឲ្យជនរួមជាតិគាំទ្រលោក ដើម្បីផ្តួលលោកចូ បៃដិន។ លោកចូ បៃដិនដែលលោកដូណាល់ ត្រាំចោទថា បានប្រើតុលាការអាមេរិកជាឧបករណ៍ រារាំងមិនឲ្យលោកអាចឈរឈ្មោះនៅក្នុងការបោះឆ្នោតប្រធានាធិបតីនៅចុងឆ្នាំនេះ។ នៅក្នុងសារអ៊ីមែលផ្ញើទៅកាន់អ្នកគាំទ្រ លោកដូណាល់ ត្រាំ ដែលអះអាងថា ខ្លួនលោកជាអ្នកទោសនយោបាយ បានរិះគន់ បក្សប្រជាធិបតេយ្យថា ចង់ឲ្យលោកជាប់ពន្ធនាគារ ១៨៧ឆ្នាំ។ នៅក្នុងសារអ៊ីមែល ដែលមានរូបថតរបស់លោក ក្តាប់ដៃលើកឡើងលើ លោកដូណាល់ ត្រាំ ប្រាប់អ្នកគាំទ្ររបស់ឲ្យជួយលោក តាមរយៈការបង់វិភាគទាន ២០ដុល្លារ ៤៧ដុល្លារ ១០០ ឬដល់៣៣០០ដុល្លារ។
លុយដែលបានមកពីការរៃអង្គាសនឹងត្រូវប្រើសម្រាប់ការផ្លាស់ទីរបស់បេក្ខជន ដូចជាលោកដូណាល់ ត្រាំ ការចាយវាយលើបុគ្គលិករបស់ក្រុមឃោសនា ការចំណាយលើការស្ទង់មតិ ឬការផ្សាយពាណិជ្ជកម្មតាមទូរទស្សន៍។
យុទ្ធសាស្រ្តបញ្ចុះបញ្ចូលរបស់ក្រុមឃោសនាលោកដូណាល់ ត្រាំមានប្រសិទ្ធិភាពក្នុងចំណោមអ្នកគាំទ្រដែលជឿថា លោកដូណាល់ ត្រាំជាជនរងគ្រោះនៅក្នុងការតាមប្រមាញ់របស់ក្រុមមេធ្មប់។
អ្នកគាំទ្រមួយចំនួនដែលមិនសូវមានជីវភាពធូរធាសុខចិត្តបេះពីមាត់ពី កដើម្បីយកលុយទៅឲ្យលោកដូណាល់ ត្រាំធ្វើឃោសនាបោះឆ្នោត។ គំនិតរបស់ពួកគេ គឺចង់ឲ្យគណបក្សប្រជាធិបតេយ្យរបស់លោកចូ បៃដិនចាញ់ឆ្នោត លែងមានឱកាសមកនិយាយកុហក ប្រើសំណាញ់ច្បាប់ធ្វើបាបមេដឹកនាំរបស់ពួកគេ គឺលោកដូណាល់ ត្រាំ។
នៅក្នុងរឿងបោះឆ្នោតអាមេរិក លុយមិនមែនជារឿងដែលគេនិយាយលួចលាក់នោះទេ។ ផ្ទុយទៅវិញ វាបញ្ជាក់ពីមោទនភាពរបស់ក្រុមអ្នកនយោបាយដែលមានសមត្ថភាពអូសទាញឲ្យគេរៃអង្គាសប្រាក់ដើម្បីការឃោសនារបស់គណបក្ស។ នៅប៉ុន្មានខែមកនេះ ទាំងលោកចូ បៃដិន និងលោកដូណាល់ ត្រាំបានផ្តើមយុទ្ធនាការស្វែងរកថវិការៀងៗខ្លួន ដោយមិនបង្អង់ដៃ។ ចំនួនប្រាក់ដែលគេរៃអង្គាសបានពីអ្នកគាំទ្រ ពីគ្រប់ប្រភព អាចឲ្យគេវាស់ស្ទង់បានពីថាមពល ការជឿជាក់របស់អ្នកគាំទ្រទៅលើបេក្ខជនរបស់ពួកគេ។ គេវាយតម្លៃថា ការបោះឆ្នោតប្រធានាធិបតីឆ្នាំ ២០២៤ នឹងមានការចាយប្រាក់សន្ធឹកសន្ធាប់ ច្រើនជាងគេបំផុតនៅក្នុងប្រវត្តិអាមេរិក៕