កីឡាអន្តរជាតិ
អន្តរជាតិ
ជម្រុះ World Cup៖ វៀតណាម ប្រទាញ ឥណ្ឌូណេស៊ីប្រជែងកៅអីជុំទី៣ ដូចថៃ និងចិន
07, Jun 2024 , 10:57 am        
រូបភាព
ឈ្នះហ្វីលីពីនទាំងប្រផិតប្រផើយក្នុងលទ្ធផល ៣-២ ជួយវៀតណាម មានឱកាសប្រជែងកៅអីជុំទី៣ វគ្គជម្រុះ FIFA World Cup តំបន់អាស៊ី ជាមួយឥណ្ឌូណេស៊ី ដែលចាញ់អ៊ីរ៉ាក់ ២-០។ ថៃ និងចិន ត្រូវកាត់សេចក្តីនៅជំនួបចុងក្រោយ ថាក្រុមណាទៅវគ្គបន្ត បន្ទាប់ស្មើគ្នា ១-១ នៅជំនួបទី៥ ក្នុងវគ្គជម្រុះជុំទី២។



ក្រុមជម្រើសជាតិជាតិវៀតណាម ដែលទើបប្តូរគ្រូបង្វឹកថ្មី បានយកឈ្នះហ្វីលីពីន ៣-២ នៅនៅជំនួបទី៥ ពូល F នៃវគ្គជម្រុះ ជុំទី២ នៅថ្ងៃទី៦ ខែមិថុនា។ ក្រោមក្រសែភ្នែកអ្នកគាំទ្រជិត ១២០០០នាក់នៅកីឡដ្ឋាន My Dinh ក្នុងក្រុងហាណូយ កីឡាករ Nguyễn Tiến Linh រកបានគ្រាប់នាំមុខឱ្យម្ចាស់ផ្ទះនៅនាទិ៦៥ មុនពេល Reichelt រកបានគ្រាប់តាមស្មើឱ្យហ្វីលីពីនវិញនៅ៣នាទីបន្ទាប់។
 
នៅនាទី៧៦ Tiến Linh ដដែលជួយវៀតណាម នាំមុខជាថ្មី ប៉ុន្តែនៅនាទី៨៩ Kevin Langbehn Ingreso រកបានគ្រាប់តាមស្មើ ២-២ វិញ សម្រាប់ហ្វីលីពីន។ ក្នុងម៉ោងបន្ថែម ពោលនៅនាទី៩០+៥ ទៅហើយ ខ្សែប្រយុទ្ធ Phạm Tuấn Hải រកបានគ្រាប់ទី៣ និងជាគ្រាប់បាល់ជ័យជម្នះឱ្យក្រុមវៀតណាម។
 
នេះជា៣ពិន្ទុដ៏សំខាន់សម្រាប់ក្រុមវៀតណាម ក្រោមការដឹកនាំរបស់លោក Kim Sang-sik ដែលជាគ្រូបង្វឹកថ្មី ដើម្បីប្រជែងជាមួយឥណ្ឌូណេស៊ី សម្រាប់កៅអីជុំទី៣។ នៅជំនួនទី៥ដូចគ្នានេះ ឥណ្ឌូណេស៊ី បានចាញ់អ៊ីរ៉ាក់ ២-០ ដែលលទ្ធផនេះ ធ្វើឱ្យក្រុមលោក Shin Tae-yong ត្រូវសម្រេចនៅជំនួបចុងក្រោយ ថាតើឥណ្ឌូណេស៊ី ឬវៀតណាម បានកៅអីទៅជុំបន្ទាប់។
 
ឆ្លងកាត់កាត់ប្រកួត៥លើកដូចគ្នា ឥណ្ឌូណេស៊ី​មាន៧ពិន្ទុដដែលស្ថិតនៅលេខ២ពូល F នាំមុខវៀតណាមដែលឈរលេខ៣ តែមួយពិន្ទុប៉ុណ្ណោះ។ ហ្វីលីពីនហាលអាវ និងអ៊ីរ៉ាក់ ឈានទៅជុំទី៣ដោយស្វ័យប្រវត្តិតាំងពីជំនួបលើកទី៤ម្លេះ។ យ៉ាងណាក៏ដោយ ឥណ្ឌូណេស៊ីនៅតែមានភាគរយខ្ពស់ក្នុងការឈានទៅវគ្គបន្ត ដោយត្រូវជួបហ្វីលីពីននៅជំនួបចុងក្រោយ ស្របពេលវៀតណាម ត្រូវប៉ះអ៊ីរ៉ាក់។
 
ក្នុងពូល C ឯណោះវិញ ក្រុមពីអាស៊ីអាគ្នេយ៍ ថៃ នៅមានឱកាសប្រជែងកៅអីទៅជុំទី៣ ជាមួយចិន ដល់ជំនួបចុងក្រោយ បន្ទាប់ពីក្រុមទាំងពីរ ប្រកួតស្មើគ្នា ១-១ នៅជំនួបទី៥។ នៅកីឡដ្ឋាន Shenyang Olympic Sports Centre ដែលមានអ្នកទស្សនាផ្ទាល់ជិត៥ម៉ឺននាក់ Supachok Sarachat ជាអ្នករកគ្រាប់បាល់នាំមុខឱ្យក្រុមភ្ញៀវថៃ​នៅនាទីទី២០ ខណៈគ្រាប់តាមស្មើរបស់ចិនសម្រេចបានដោយកីឡាករ Behram Abduweli នៅនាទី៧៩។
 
ចិននៅចំណាត់ថ្នាក់ទី២ ពូល C មាន៨ពិន្ទុ នាំមុខថៃ៣ពិន្ទុ ក្រោយប្រកួត៥លើកដូចគ្នា។ ពូលនេះកូរ៉េខាងត្បូងកក់កៅអីរួចទៅហើយ ស្របពេលសិង្ហបុរី ហាលអាវ។ ចិន មានសំណល់គ្រាប់បាល់១គ្រាប់ ឯថៃ ដក២គ្រាប់ ប៉ុន្តែ ថៃក៏មានភាគរយច្រើនក្នុងការឈានទៅវគ្គបន្តផងដែរ ដ្បិតជំនួបចុងក្រោយជួបសិង្ហបុរី ស្របពេល ចិន ប៉ះកូរ៉េខាងត្បូង។
 
ដោយឡែក កូរ៉េខាងត្បូង មានឱកាសច្រើនក្នុងការដណ្តើមបានចំណាត់ថ្នាក់ទី២ក្នុងពូល B សម្រាប់កៅអីជុំទី៣ វិញ ក្រោយឈ្នះ ស៊ីរី ១-០ នៅទឹកដីឡាវ។ តាមរយៈជ័យជម្នះនេះ បានជួយកូរ៉េខាងជើងកើន៦ពិន្ទុ នៅចំណាត់ថ្នាក់ទី៣ ដោយតាមពីក្រោយស៊ីរី ដែលឈរលេខ២ តែមួយពិន្ទុប៉ុណ្ណោះ។ ជំនួបចុងក្រោយកូរ៉េខាងត្បូង ជួបមីយ៉ាន់ម៉ា ដោយប្រើទឹកដីឡាវដដែល ស្របពេលស៊ីរី ជួបក្រុមខ្លាំងជប៉ុន។
 
ក្រុមដែលទទួលបានកៅអីទៅវគ្គជម្រុះបាល់ទាត់ពិភពលោកជុំទី៣ តំបន់អាស៊ី រួចហើយមាន កាតា ជប៉ុន កូរ៉េខាងត្បូង អូម៉ង់ អ៊ីរ៉ង់ អ៊ូសបេគីស្ថាន អ៊ីរ៉ាក់ អារ៉ាប៊ីសាអូឌីត ហ្សកដានី អេមីរ៉ាតអារ៉ាប់រួម បារ៉ែន អូស្ត្រាលី និងប៉ាឡេស្ទីន៕

Tag:
 World Cup
© រក្សាសិទ្ធិដោយ thmeythmey.com