RFI
អន្តរជាតិ
សមាគមអាកាសចរណ៍៖ ចំនួនអ្នកជិះយន្តហោះ កើនខ្លាំងជិត ៥ ពាន់លាននាក់ សមាគមក្រុមហ៊ុនអាកាសចរណ៍ ចូលរួមមហាសន្និបាតប្រចាំឆ្នាំ នៅថ្ងៃចន្ទ ទី៣មិថុនា នៅទីស្នាក់ការកណ្តាល ក្នុងក្រុងឌូបៃ។ REUTERS - Abdel Hadi Ramahi
×
ដោយ៖ហេង ឧត្តម/RFI ខេមរភាសា
ក្នុងឆ្នាំ២០២៤នេះ សមាគមក្រុមហ៊ុនអាកាសចរណ៍ដឹកអ្នកដំណើរ បានវាយតម្លៃថា នៅទូទាំងពិភពលោក អ្នកដំណើរផ្លូវអាកាស មានប្រមាណ ៥ ពាន់លាននាក់។ ជាចំនួនច្រើនខ្លាំង បំបែកកំណាត់ត្រា ថាជាឆ្នាំដែលមនុស្សជិះយន្តហោះច្រើនបំផុត គិតចាប់តាំងពីឆ្នាំ២០១៩។ ឆ្នាំ២០១៩ ជើងហោះហើរទាំងស្រុង ត្រូវបិទជិតឈឹង ព្រោះតែជំងឺរាតត្បាតកូវីដ១៩។
សមាគមក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិ ព្យាករថា ឆ្នាំ២០២៤នេះ ប្រាក់ចំណេញនៅក្នុងវិស័យអាកាសចរណ៍ ទូទាំងពិភពលោក ហក់ឡើងដល់ជាង ៩៩៦ ពាន់លានដុល្លារ។ ទន្ទឹមនឹងគ្នានេះ តួលេខចំនួនអ្នកដំណើរតាមជើងយន្តហោះ ក៏លោតទៅដល់ចំនួនប្រមាណជិត ៥ ពាន់លាននាក់។ នេះបើតាមលោក Willie Walsh ប្រធានសមាគមក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិ។
សមាគមនេះ មានអ្នកតំណាងក្រុមហ៊ុនអាកាសចរណ៍ ចំនួន ៣២០ ស្មើនឹង ៨៣% នៃក្រុមហ៊ុនអាកាសចរណ៍ លើពិភពលោក ដែលមកចូលរួមមហាសន្និបាត នៅថ្ងៃចន្ទ ទី៣មិថុនា នៅទីស្នាក់ការកណ្តាល ក្នុងក្រុងឌូបៃ។
ថ្លែងទៅកាន់ទីភ្នាក់ងារព័ត៌មានរ៉យទ័រ ប្រធានសមាគមក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិ មានក្តីអំណររីករាយថា បរិយាកាសនៃវិស័យអាកាសចរណ៍ ដំណើរការទៅបានល្អ លើសការរំពឹងទុកទៀតផង ពិសេសនៅក្នុងតំបន់អាស៊ី។ ទន្ទឹមនឹងគ្នានេះ អ្នកជំនាញផ្នែកអាកាសចរណ៍ លោក Vik Krishnan នៃក្រុមហ៊ុនប្រឹក្សាយោបល់ Mckinsey បានបញ្ជាក់ដែរថា ឆ្នាំនេះ ជាឆ្នាំគួរឲ្យកត់សម្គាល់បំផុត បើធៀបនឹងរយៈពេលចុងក្រោយ គ្រាចេញពីរដូវកាលកូវីដ១៩មក។ ជើងហោះហើរក្នុងស្រុកចិននិងក្នុងស្រុកសហរដ្ឋអាមេរិក ក៏មានច្រើនខ្លាំងដែរ។ ក៏ប៉ុន្តែ ជើងហោះហើរនៅអឺរ៉ុប ដូចជាក្នុងប្រទេសបារាំងនិងក្នុងប្រទេសអាល្លឺម៉ង់ ក៏មិនសូវកាក់កប ដូចនៅអាមេរិកនិងចិន នោះទេ។
ដោយឡែក ស្របគ្នានឹង ប្រាក់ចំណូលក៏កើនឡើង ចំនួនអ្នកជិះយន្តហោះក៏ឡើងខ្ពស់ រីឯតម្លៃចំណាយលើប្រេងនិងប្រតិបត្តិការទូទៅ ក៏អស់ថ្លៃច្រើនដែរ។ គ្រាន់តែថ្លៃប្រេងសាំង អស់ប្រមាណ ២៩១ ពាន់លានដុល្លារ ស្មើប្រហែលនឹង ៣១% នៃថ្លៃចំណាយប្រតិបត្តិការទូទៅរបស់វិស័យអាកាសចរណ៍ ដោយគិតលើតម្លៃប្រេង ១១៣,៨ដុល្លារ ក្នុង១ធុងបារិល។
ប្រេងសាំងជាបញ្ហា ព្រោះថា ការធ្វើដំណើរតាមយន្តហោះ រួមចំណែកបញ្ចេញឧស្ម័នផ្សែងពុលខ្លាំង ខូចបរិស្ថាន និងបង្កើនកម្តៅផែនដី។ ហេតុនេះហើយ ទើបអ្នកបរិស្ថាននិយម បដិសេធដាច់អហង្ការ មិនព្រមធ្វើដំណើរតាមយន្តហោះឡើយ។ ប្រឈមនឹងបញ្ហានេះ សមាគមក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិ សន្យាកាត់បន្ថយការបញ្ចេញឧស្ម័នពុល និងអភិវឌ្ឈបច្ចេកវិទ្យាថ្មី ប្រើថាមពលកកើតឡើងវិញ ឲ្យសមស្របតាមការទាមទារចង់របស់អថិតិជនអ្នកដំណើរផ្លូវអាកាស។
របាយការណ៍ព្យាករណ៍ស្តីពីប្រាក់ចំណេញនិងចំនួនអ្នកជិះយន្តហោះ ដែលលាតត្រដាងគ្រានេះ ត្រូវប្រកាស ឲ្យដឹងនៅក្នុងមហាសន្និបាតប្រចាំឆ្នាំ របស់ សមាគមក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិ ហើយកិច្ចប្រជុំកំពូលនេះ ក៏បានលើកឡើងពីបញ្ហាសុវត្ថិភាព គ្រោះថ្នាក់យន្តហោះ តួយ៉ាងព្រឹត្តិការណ៍គ្រោះថ្នាក់នៃយន្តហោះក្រុមហ៊ុនប៊ូអ៊ីង នាពេលថ្មីៗនេះដែរ។ ឆ្នាំ២០២៤ សន្និបាតប្រចាំឆ្នាំនៃសមាគមក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិ ប្រារព្ធធ្វើនៅ អេមីរ៉ាត់អារ៉ាប់រួម ហើយ នៅឆ្នាំក្រោយ ត្រូវរៀបចំនៅក្រុងញូវដេលី ប្រទេសឥណ្ឌា៕
© រក្សាសិទ្ធិដោយ thmeythmey.com