RFI
អន្តរជាតិ
អឺរ៉ុបគ្រោងដាក់ពន្ធថ្មីបន្ថែមលើរថយន្តអគ្គិសនីចិន ម៉ាកខ្លះដល់ទៅជាង៣៨% បន្ថែមលើពន្ធនាំចូល អ្នកទស្សនានៅស្តង់រថយន្តម៉ាក BYD ក្នុងឱកាស China Auto Show ទីក្រុងប៉េកាំង ថ្ងៃទី២៦ មេសា ២០២៤ AP - Tatan Syuflana
×
ដោយ៖ម៉ម ពិសី/RFI ខេមរភាសា
គណកម្មការអឺរ៉ុបបានប្រកាសឲ្យដឹងថា នៅរវាងខែកក្កដាខាងមុខ គេអាចនឹងអនុវត្តពន្ធថ្មីមួយទៀត បន្ថែមលើពន្ធនាំចូល ទៅលើរថយន្តអគ្គិសនីរបស់ចិន។ កម្រិតពន្ធបន្ថែមនេះ អាចមានដល់ទៅ៣៨,១%។ ការសម្រេចបន្ថែមពន្ធនេះ គឺជាលទ្ធផលនៃការស៊ើបអង្កេតអស់រយៈពេល៩ខែ បន្ទាប់ពីអឺរ៉ុបសង្ស័យថាក្រុមហ៊ុនផលិតរថយន្តចិនខ្លះ បានទទួលនូវជំនួយថវិកាពីរដ្ឋចិន ទើបអាចផលិតនាំចេញមកលក់នៅទីផ្សារអឺរ៉ុប ក្នុងតម្លៃមួយថោកដែលគ្មាននរណាអាចធ្វើតាមបាន។
គណកម្មការអឺរ៉ុបបានសម្រេច ថានឹងបង្កើតពន្ធបន្ថែមមួយទៀត ទៅលើរថយន្តអគ្គិសនីនាំចូលពីចិន មកលក់ក្នុងទីផ្សារអឺរ៉ុប។ ពន្ធបន្ថែមនេះ គឺជា "ពន្ធប៉ះប៉ូវឲ្យមានភាពយុត្តិធម៌" ដែលនឹងមានកម្រិតខុសគ្នា ទៅតាមក្រុមហ៊ុនរថយន្តចិននីមួយៗ។ ជាក់ស្តែង សម្រាប់ក្រុមហ៊ុនរថយន្តម៉ាក BYD ពន្ធនេះនឹងមានកម្រិត ១៧,៤% រថយន្តម៉ាក Geely មាន២០% ចំណែករថយន្តម៉ាក SAIC មានដល់ទៅ ៣៨,១%។
គណកម្មការអឺរ៉ុបបានឲ្យដឹងដែរថា ក្រុមហ៊ុនផលិតរថយន្តចិន ដែលសហការជាមួយអឺរ៉ុប នៅក្នុងការស៊ើបអង្កេតស្តីពីការទទួលបានជំនួយពីរដ្ឋចិន គឺក្រុមហ៊ុននោះនឹងត្រូវបង់ពន្ធបន្ថែមនេះ ក្នុងកម្រិត២១%។ រីឯក្រុមហ៊ុនដែលមិនសហការ នោះនឹងត្រូវបង់ពន្ធក្នុងកម្រិត ៣៨,១%។
សូមបញ្ជាក់ថា បច្ចុប្បន្ននេះ ទីផ្សារអឺរ៉ុបត្រូវជន់ជោរដោយរថយន្តអគ្គិសនីនាំចូលពីចិន ដែលលក់ក្នុងតម្លៃថោកខ្លាំង បើប្រៀបធៀបទៅនឹងរថយន្តផលិតនៅអឺរ៉ុប។ តាមធម្មតា រថយន្តចិនដែលនាំចូលមកលក់នៅអឺរ៉ុប ត្រូវបងពន្ធនាំចូលចំនួន១០% ទៅលើតម្លៃលក់។ កាលពីខែតុលា សហភាពអឺរ៉ុបបានបើកការស៊ើបអង្កេតធំមួយ ដោយសង្ស័យថា គឺរដ្ឋចិនបានជួយឧបត្ថម្ភក្រុមហ៊ុនផលិតរថយន្តខ្លះ ដើម្បីអាចវាយលុកចូលទីផ្សារអឺរ៉ុបក្នុងតម្លៃថោក។
ការសម្រេចបន្ថែមពន្ធលើរថយន្តអគ្គិសនីចិននេះ អាចនឹងនាំឲ្យអឺរ៉ុបប្រមូលប្រាក់បាន ច្រើនពាន់លានអឺរ៉ូក្នុងមួយឆ្នាំៗ។ តែយ៉ាងណាក៏ដោយ វិធានការនេះ ប្រាកដជានឹងរកនូវការវាយបកវិញពីសំណាក់ភាគីចិន។ យ៉ាងណាមិញ គ្រាន់តែពេលអឺរ៉ុបបានចាប់ផ្តើមបើកកាស៊ើបអង្កេតភ្លាម កាលពីខែមករា ចិនបានចេញវិធានការដាក់ពិន័យលើស្រាគ្រប់ប្រភេទនាំចូលពីអឺរ៉ុប។ ហើយនៅថ្ងៃទី១២មិថុនា ក្រោយដឹងដំណឹងថាអឺរ៉ុបគំរាមបន្ថែមពន្ធលើរថយន្តអគ្គីសនីចិន ក្រសួងការបរទេសចិនបានប្រតិកម្ម ចាត់ទុកថាជាវិធានការបំពាននឹងគោលការណ៍សេដ្ឋកិច្ចទីផ្សារសេរី ហើយថាចិននឹងចាត់វិធានឆ្លើយតបវិញ ឲ្យសក្តិសមបំផុត។
គួរបញ្ជាក់ដែរថា នៅសហរដ្ឋអាមេរិកឯនោះវិញ កាលពីថ្ងៃទី១៤ឧសភា លោក ចូ បៃដិន បានសម្រេចដំឡើងពន្ធនាំចូលរថយន្តអគ្គិសនីចិន ដែលពីមុនមានត្រឹម២៥% ឡើងដល់១០០%។ វិធានការពិន័យបន្ថែមពន្ធលើរថយន្តអគ្គិសនីចិននេះ ក៏ជាប្រភពបញ្ហាបង្កឲ្យមានការខ្វែងគំនិតគ្នាដែរ រវាងប្រទេសសមាជិកអឺរ៉ុប។ អាល្លឺម៉ង់ ស៊ុយអែត និងហុងគ្រី ដែលខ្លាចចិនសងសិកលើទំនិញខ្លួន បានព្យាយាមរារាំងកុំឲ្យអឺរ៉ុបធ្វើដូច្នេះ ខណៈបារាំង អ៊ីតាលីនិងអេស្ប៉ាញវិញ ព្យាយាមជំរុញថាត្រូវតែបន្ថែមពន្ធលើរថយន្តអគ្គិសនីចិន ដើម្បីឲ្យភាពយុត្តិធម៌សម្រាប់រថយន្តអឺរ៉ុប។ ទោះជាយ៉ាងណា គណកម្មការអឺរ៉ុបបានបញ្ជាក់ថា គេនឹងចរចាជាមួយភាគីចិនបន្ថែមទៀត ដើម្បីស្វែងរកការស្រុះស្រួលគ្នាណាមួយ ហើយក្នុងករណីពុំត្រូវគ្នា ទើបវិធានការពន្ធថ្មីនេះចាប់អនុវត្តពីថ្ងៃទី៤កក្កដា៕
© រក្សាសិទ្ធិដោយ thmeythmey.com