RFI
អន្តរជាតិ
របាយការណ៍បង្ហាញថា ចិននាំចេញរបបឯកបក្ស ទៅផ្សព្វផ្សាយនៅអាហ្វ្រិក និងអាមេរិកខាងត្បូង
15, Jun 2024 , 7:40 pm        
រូបភាព
របាយការណ៍បង្ហាញថា ចិននាំចេញរបបឯកបក្ស ទៅទឹកដីអាហ្វ្រិក និងអាមេរិកខាងត្បូង AP - Ng Han Guan
របាយការណ៍បង្ហាញថា ចិននាំចេញរបបឯកបក្ស ទៅទឹកដីអាហ្វ្រិក និងអាមេរិកខាងត្បូង AP - Ng Han Guan
ដោយ៖ឈាង បុប្ផា/RFI ខេមរភាសា
 
បក្សកុម្មុយនិស្តចិនមិនបិទព្រំដែន កម្រិតប្រព័ន្ធនយោបាយឯកបក្ស តែនៅក្នុងប្រទេសចិន។ យោងតាមរបាយការណ៍របស់ក្រុមអ្នកត្រិះរិះអាមេរិកឈ្មោះ Atlantic Council ចុះផ្សាយកាលពីថ្ងៃព្រហស្បតិ៍ទី ១៣មិថុនា ឆ្នាំ ២០២៤ នៅប៉ុន្មានឆ្នាំមកនេះ ចិនបានជំរុញការផ្សព្វផ្សាយប្រព័ន្ធគ្រប់គ្រងផ្តាច់ការ របបឯកបក្ស នៅតាមបណ្តាប្រទេសនៅទ្វីបអាហ្វ្រិក និងអាមេរិកខាងត្បូង។ នៅមួយថ្ងៃក្រោយការចុះផ្សាយនេះ ក្រសួងការបរទេសចិនចេញមកបដិសេធ នៅថ្ងៃទី១៤ មិថុនា ថា ចិនគោរពការសម្រេចចិត្តរបស់ប្រជាជននៅគ្រប់ប្រទេស ដែលប្រាថ្នាចង់ជ្រើសរើសប្រព័ន្ធដឹកនាំប្រទេសរបស់ពួកគេ។

ចិនមិនមែននាំចេញតែទំនិញ ផលិតផល ផ្តល់ប្រាក់កម្ចីសម្រាប់ការវិនិយោគតែប៉ុណ្ណោះទេ ប៉ុន្តែ ចិនបាននាំចេញមនោគមវិជ្ជា ប្រព័ន្ធនយោបាយឯកបក្ស របៀបគ្រប់គ្រងផ្តាច់ការទៅកាន់បណ្តាប្រទេសនៅអាហ្វ្រិក និងអាមេរិកខាងត្បូង ដែលជាប់ពាក់ព័ន្ធក្នុងគម្រោងផ្លូវមួយ ខ្សែក្រវ៉ាត់របស់ចិន។
 
យោងតាមរបាយការណ៍របស់ក្រុមអ្នកជំនាញ Atlantic Council ដែលជាអង្គការអាមេរិកាំង ជំនាញខាងនយោបាយបរទេស ចិនបានជំរុញការផ្សព្វផ្សាយ ប្រព័ន្ធគ្រប់គ្រងឯកបក្ស និងទស្សនវិជ្ជាផ្លូវការរបស់លោកប្រធានាធិបតី ស៊ី ជីនពីង ដែលមានចុះនៅក្នុងរដ្ឋធម្មនុញ្ញរបស់បក្សកុម្មុយនិស្តចិន នៅតាមសិក្ខាសាលា និងថ្នាក់បណ្តុះបណ្តាល ដែលចិនរៀបចំឡើង នៅតាមប្រទេសអាហ្វ្រិក និងអាមេរិកខាងត្បូង។
 
របាយការណ៍របស់អ្នកជំនាញអាមេរិកមិនបានបញ្ជាក់ឈ្មោះប្រទេស ដែលចិនជ្រើសរើសសម្រាប់ផ្សព្វផ្សាយប្រព័ន្ធនយោបាយឯកបក្ស ប៉ុន្តែ ឯកសារជាច្រើនរបស់ក្រសួងពាណិជ្ជកម្មចិន ដែល Atlantic Councilស្រង់ចុះផ្សាយនៅក្នុងរបាយការណ៍របស់ខ្លួន បានគូសបញ្ជាក់ សង្កត់ធ្ងន់លើជោគជ័យនៃការដឹកនាំរបស់បក្សកុម្មុយនិស្តចិន តាមប្រព័ន្ធឯកបក្ស ដែលប្រទេសដទៃអាចយកធ្វើគំរូ អនុវត្តតាម។ ឧទាហរណ៍ នៅក្នុងសិក្ខាសាលាមួយដែលរៀបចំ កាលពីខែមិថុនា ឆ្នាំ ២០២១ សម្រាប់ទីប្រឹក្សាប្រធានាធិបតី និងមន្រ្តីខុទ្ទការល័យនៅតាមបណ្តាប្រទេសកំពុងអភិវឌ្ឍ គ្រូបណ្តុះបណ្តាលបានពន្យល់ឲ្យគេស្គាល់ ទស្សនវិជ្ជា ឬការគិតរបស់លោកស៊ី ជីនពីង ទាក់ទងនឹងការដឹកនាំប្រទេស ប្រព័ន្ធនយោបាយចិន ជីវិតប្រចាំថ្ងៃ និងការសម្រេចចិត្តសម្រាប់គោលនយោបាយគ្រឹះរបស់បក្សកុម្មុយនិស្តចិន។
 
កម្មវិធីបណ្តុះបណ្តាលរបស់ចិន នៅបានលើកតម្កើងសរសើរនយោបាយដ៏ជោគជ័យរបស់ចិន ក្នុងការគ្រប់គ្រងការរីករាលដាលជំងឺកូវីដ តាមរយៈការបិទខ្ទប់ប្រទេសក្នុងរយៈពេលដ៏យូរ នោះបើទោះបីជាមានការតវ៉ា ស្តីពីការរំលោភបិទសិទ្ធិសេរីភាពរបស់ប្រជាជនក្តី។
 
យោងតាមឯកសាររបស់ក្រសួងពាណិជ្ជកម្មចិនដដែល ដែលគេបានដកស្រង់ក្នុងរបាយការណ៍ ជាមួយមន្រ្តីអាហ្រ្វិកដែលមានតួនាទីជាអ្នកចាត់ចែង រៀបចំក្រុង អ្នកជំនាញចិនបាននាំយកកម្មវិធីបណ្តុះបណ្តាលផ្នែកគ្រប់គ្រងសាធារណៈ តាមរយៈការប្រើប្រព័ន្ធបច្ចេកវិទ្យា ដូចជាការតាំងប្រព័ន្ធកាម៉េរ៉ាសុវត្ថិភាព និងកម្មវិធីកំណត់អត្តសញ្ញាណមនុស្សនៅតាមដងផ្លូវជាដើម។
 
ចំពោះអ្នកសរសេររបាយការណ៍អាមេរិក នេះមិនមែនជារឿងថ្មីប្លែកទេ ព្រោះថា របបកុម្មុយនិស្តចិន ដែលគ្រប់គ្រងប្រទេសតាមវិធីផ្តាច់ការតាមដានប្រជាជនរបស់ខ្លួនមិនឲ្យរំលងឡើយ។

ដើម្បីបង្ក្រាបអ្នកប្រឆាំង អ្នករិះគន់ ចិនបានដាក់កាមេរ៉ា ប្រើបច្ចេកវិទ្យាសំគាល់មុខមនុស្ស នៅគ្រប់ទីកន្លែង។ បើតាមអ្នកសរសេររបាយការណ៍ ចិនប្រឹងប្រែងជំរុញ នាំចេញគោលនយោបាយ របៀបគ្រប់គ្រងផ្តាច់ការ ដើម្បីយកទៅផ្សព្វផ្សាយ បុកគ្រឹះនៅតាមបណ្តាប្រទេសកំពុងអភិវឌ្ឍ ដែលបានទទួលប្រាក់បំណុលចិន នៅក្នុងគម្រោងផ្លូវមួយ ខ្សែក្រវ៉ាត់មួយ។ ប៉ុន្តែ ឆ្លើយតបយ៉ាងខ្លីនឹងសំណួររបស់អ្នកកាសែតរបស់ទីភ្នាក់ងារព័ត៌មានបារាំង AFP កាលពីថ្ងៃសុក្រ ក្រសួងការបរទេសចិនបានចេញសេចក្តីថ្លែងការណ៍ បញ្ជាក់ថា ចិនគោរពការសម្រេចចិត្តរបស់ប្រជាជនរបស់ប្រទេសដទៃ និងថាចិនមិនដែលចាប់បង្ខំ ចាប់តម្រូវឲ្យគេអនុវត្តដើរតាមគោលនយោបាយរបស់ចិន៕

© រក្សាសិទ្ធិដោយ thmeythmey.com