ភ្ញៀវទេសចរចិន កំពុងជ្រើសរើសគោលដៅក្នុងស្រុកដែលមានតម្លៃថោក ជំនួសឱ្យការធ្វើដំណើរទៅក្រៅប្រទេស ស្របពេលរដ្ឋាភិបាលក្នុងតំបន់ បង្កើនកិច្ចខិតខំប្រឹងប្រែងផ្សព្វផ្សាយទេសភាពរបស់ពួកគេ ដើម្បីទាក់ទាញភ្ញៀវទេសចរ។
តាមការស្ទង់មតិដែលបានចេញផ្សាយថ្មីៗ ដោយក្រុមហ៊ុនប្រឹក្សា Oliver Wyman របស់អាម៉េរិក មានតែ ១៤ភាគរយ នៃគ្រួសារមានប្រាក់ចំណូលខ្ពស់នៅចិនប៉ុណ្ណោះ ដែលបានធ្វើដំណើរទៅក្រៅប្រទេសកាលពីឆ្នាំ២០២៣ និងគ្រោងបន្តការធ្វើដំណើរនៅឆ្នាំ២០២៤។ ទាំងនេះជាបណ្តាគ្រួសាររបស់ចិនដីគោក ដែលមានប្រាក់ចំណូលយ៉ាងហោចណាស់ ៤ ១៣៥ដុល្លារ ក្នុងមួយខែ។
មូលហេតុចម្បងដែលភ្ញៀវទេសចរចិន ចូលចិត្តគោលដៅក្នុងស្រុកជាង ដោយសារតែមានជម្រើសច្រើនជាងមុន ខណៈទៅក្រៅប្រទេសត្រូវចំណាយថ្លៃពេក។ នេះបើតាមសារព័ត៌មាន CNBC។
ការចំណាយជាមធ្យមសម្រាប់មនុស្សម្នាក់ នៃការធ្វើដំណើរមួយលើកនៅចិនដីគោក គឺតិចជាង ១៤០ដុល្លារ ខណៈការធ្វើដំណើរទៅកាន់ទីក្រុងហុងកុង ឬជប៉ុនមានតម្លៃរាប់រយដុល្លារ។ នេះបើយោងតាមក្រុមហ៊ុនប្រឹក្សា Oliver Wyman ។
អ្នកទេសចរទៅទស្សនាឧទ្យានមួយកន្លែងក្នុងក្រុង Xinghua ខេត្ត Jiangsu ភាគខាងកើតប្រទេសចិន កាលពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤។ រូបភាព ៖ Xinhua
វិស័យទេសចរណ៍ក្នុងស្រុក បានក្លាយជាគោលដៅនៃការងើបឡើងវិញរបស់សេដ្ឋកិច្ចចិន បន្ទាប់ពីជំងឺរាលដាលកូវីដ-១៩។ បើតាមវេបសាយកក់សំបុត្រ Trip.com នៅឆ្នាំ២០២៣ ចំនួននៃការកក់សំបុត្រ ទៅកាន់គោលដៅជនបទនៅចិន បានកើនឡើង ២,៦ដង បើប្រៀបធៀបទៅនឹងមុនពេលមានជំងឺកូវីដ-១៩។ ការធ្វើដំណើរអន្តរជាតិ បានថយចុះបន្តិចបើធៀបនឹងកម្រិតឆ្នាំ២០១៩។ អំឡុងពេលឈប់សម្រាករយៈពេល ៥ថ្ងៃ ដើមខែឧសភា ចំនួននៃការធ្វើដំណើរក្នុងស្រុក និងប្រាក់ចំណូលបានកើនឡើង បើធៀបទៅនឹងមុនការរីករាលដាលនៃជំងឺកូវីដ-១៩។
សារព័ត៌មាន Bloomberg នៅថ្ងៃទី៣ ខែមិថុនា បានដកស្រង់របាយការណ៍របស់ក្រុមប្រឹក្សាទេសចរណ៍ និងទេសចរណ៍ពិភពលោក (WTTC) និងក្រុមហ៊ុនវិភាគ Oxford Economics ដែលព្យាករណ៍ថា ប្រាក់ចំណូលពីភ្ញៀវទេសចរក្នុងស្រុកនៅចិន រំពឹងថានឹងកើនឡើងដល់កម្រិតដល់ ៩៣៨ពាន់លានដុល្លារ នៅឆ្នាំ២០២៤ ដែលកើន ១១ភាគរយ ដែលខ្ពស់ជាងឆ្នាំ២០១៩។
ភ្ញៀវទេសចរចិន ជាប្រភពបង្កើតចំណូលដ៏ធំមួយ សម្រាប់វិស័យទេសចរណ៍ពិភពលោក។ យោងតាម WTTC ក្នុងឆ្នាំ ២០១៩ ភ្ញៀវទេសចរចិន បានធ្វើដំណើរទៅក្រៅប្រទេសចំនួន ១៧០លាននាក់ និងបានចំណាយប្រាក់ជិត ២៤៨ពាន់លានដុល្លារដែលស្មើនឹង ១៤ភាគរយ នៃការចំណាយធ្វើដំណើរសរុបទូទាំងពិភពលោក។ យ៉ាងណាមិញ រយៈពេលនៃការដាក់ពាក្យសុំទិដ្ឋាការដ៏យូរ និងការហោះហើរអន្តរជាតិដែលមានតម្លៃកាន់តែថ្លៃ បានបង្ខំឱ្យអ្នកទេសចរចិន ធ្វើដំណើរក្នុងស្រុកទៅកាន់ទីក្រុងល្បីៗ ដើម្បីញ៉ាំអាហារតាមដងផ្លូវ ឬទៅតាមទីក្រុងតូចៗ។
នៅចិនដីគោក ទីក្រុងធំៗមួយចំនួន ដូចជា Yangzhou, Luoyang, Qinhuangdao, Guilin ឬ Zibo ជាកន្លែងដែលមានកំណើនលឿនបំផុត ក្នុងការកក់ដំណើរទេសចរណ៍អំឡុងថ្ងៃឈប់សម្រាក នាដើមខែឧសភា។
ទិដ្ឋភាពនៃការតាំងពិព័រណ៍បុណ្យនិទាឃរដូវ នៅមាត់ទន្លេលឿងក្នុងក្រុង Lanzhou រាជធានីនៃខេត្ត Gansu ភាគពាយ័ព្យប្រទេសចិន។ រូបភាព ៖ Xinhua
យោងតាមសារព័ត៌មាន CNBC រដ្ឋាភិបាលក្នុងតំបន់នៅខាងក្រៅទីក្រុងសំខាន់ៗរបស់ចិន កំពុងបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីទាក់ទាញភ្ញៀវទេសចរជាចម្បង តាមរយៈបណ្តាញសង្គម។ មន្ត្រីខេត្តក្វាងស៊ី កាលពីខែឧសភាបាននិយាយថា វីដេអូផ្សព្វផ្សាយទេសចរណ៍ នៅលើកម្មវិធីបណ្តាញសង្គមដូចជា Douyin និង Xiaohongshu មានការចូលមើលរាប់លានដង។
ទន្ទឹមនេះ ភ្ញៀវទេសចរចិនជាច្រើន បានសម្រុកទៅកាន់ទីប្រជុំជន Zibo ក្នុងខេត្ត Shandong បន្ទាប់ពីមានការចែករំលែកលើបណ្តាញសង្គម អំពីសាច់អាំងក្នុងស្រុកដ៏ឆ្ងាញ់ល្បីល្បាញកាលពីឆ្នាំមុន។ លើសពីនេះ ភ្ញៀវទេសចរ ៣លាននាក់ បានទៅទីក្រុង Harbin ក្នុងឱកាសបុណ្យចូលឆ្នាំចិន ដើម្បីអបអរពិធីបុណ្យបង្ហោះគោម និងទំនៀមទម្លាប់ភាគខាងជើងតែមួយគត់ ដែលល្បីល្បាញនៅលើបណ្តាញសង្គមពីមុន។ ក្រៅពីនេះ ក៏មានកម្មវិធីទូរទស្សន៍ ដែលចាក់បញ្ចាំងជាហូរហែ ដើម្បីជួយផ្សព្វផ្សាយតំបន់ទេសចរណ៍។
យោងតាមទិន្នន័យពី Trip.com នៅក្នុងត្រីមាសទី១ ការកក់ជើងហោះហើរក្នុងស្រុកបានកើនឡើង ៣០ភាគរយ ធៀបនឹងគ្រាដូចគ្នាកាលពីឆ្នាំមុន។ Trip.com បានឲ្យដឹងថា ការបង្កើនកិច្ចខិតខំប្រឹងប្រែងផ្សព្វផ្សាយនៅក្នុងខេត្តជាច្រើន មានប្រសិទ្ធភាពក្នុងការលើកទឹកចិត្តភ្ញៀវទេសចរ ឱ្យស្វែងរកគោលដៅចម្រុះដែលពួកគេចង់ទៅកម្សាន្ត៕