កីឡាជាតិ
ជាតិ
សុស៊ីដាន ចែកផ្លូវពី Tiffy Army ក្រោយរួមរស់៤ឆ្នាំ រូបភាព៖-ផេកហ្វេសប៊ុកក្លិប-Tiffy-Army-
× សមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ Tiffy Army FC បានប្រកាសពីការចែកផ្លូវគ្នាជាមួយកីឡាករ ញាណ សុស៊ីដាន ក្រោយរួមរស់ជាមួយគ្នារយៈពេល ៤ឆ្នាំ។
តាមរយៈការបង្ហោះលើទំព័រហ្វេសប៊ុកផ្លូវការ របស់ Tiffy Army នៅព្រឹកថ្ងៃទី១៧ ខែមិថុនា កីឡាករជម្រើសជាតិកម្ពុជា ញាណ សុស៊ីដាន នឹងត្រូវចាកចេញពីក្លិបទ័ព ដើម្បីចូលរួមជាមួយក្លិបថ្មី នៅរដូវកាលក្រោយ ២០២៤-២៥។
«ថ្នាក់ដឹកនាំ មន្ត្រី គ្រូបង្វឹក ក្រុមកីឡាករទាំងអស់របស់ សមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ សូមអំណរគុណចំពោះកីឡាករ ញាណ សុស៊ីដាន ដែលបានរួមចំណែកជួយក្រុមអស់ពីកម្លាំងកាយចិត្ត នាពេលកន្លងមក ។
យើងទាំងអស់គ្នា សូមជូនពរ ស៊ីដាន ទទួលបាននូវភាពជោគជ័យបន្ថែម ក្នុងវិស័យកីឡាបាល់ទាត់មួយនេះ»។ នេះជាសារជូនពររបស់ក្លិបទ័ព ទៅកាន់ សុស៊ីដាន បន្ទាប់ពីខ្សែបម្រើវ័យ២១ឆ្នាំរូបនេះ ត្រូវចាកចេញពីក្រុមដែលខ្លួនធ្លាប់ប្រកបអាជីពរយៈពេល ៤ឆ្នាំ។
សុស៊ីដាន បានចូលរួមជាមួយ Tiffy Army FC នៅអំឡុងឆ្នាំ២០២០ ដោយកាលណោះ ស៊ីដាន បានធ្វើតេស្តជាប់ជាកីឡាយុវជនអាយុក្រោម២១ឆ្នាំ ក្រោមការបង្ហាត់ផ្ទាល់ពី លោក ប៊ួយ ភារម្យ ជាគ្រូបង្គោល។ សុស៊ីដាន បានជួយ U21 ទ័ព ទទួលបានចំណាត់ថ្នាក់លេខ២ នៃពានរង្វាន់លីគទី២កម្ពុជា រដូវកាលឆ្នាំ២០២០នោះ។
ត្រឹមរយៈពេល១ឆ្នាំ ពោលនៅឆ្នាំ ២០២១ ស៊ីដាន បានបង្ហាញទេពកោសល្យលេចធ្លោ និងត្រូវបានដំឡើងទៅកាន់ក្រុមឈុត របស់ Tiffy Army និងបន្តវិវឌ្ឍន៍ខ្លួន និងទម្រង់លេងបានយ៉ាងល្អ រហូតជាប់ជាកីឡាករល្អប្រចាំខែ ចំនួន២លើក នៃលីគកំពូលកម្ពុជា ព្រមទាំងមានឱកាសបង្ហាញខ្លួនជាមួយក្រុមជម្រើសជាតិកម្ពុជា ជាច្រើនលើកថែមទៀត។
ផ្លាស់ចេញពី Tiffy Army អតីតកីឡាករ U23 របស់ក្រុមជម្រើសជាតិរូបនេះ នៅមិនទាន់មានការប្រកាសជាផ្លូវការ ថានឹងចូលរួមជាមួយក្រុមណានៅឡើយទេ។ យ៉ាងណាក៏ដោយ តាមពាក្យចចាមអារ៉ាម លើប្រព័ន្ធផ្សព្វផ្សាយមួយចំនួន សុស៊ីដាន ទំនងជាចូលរួមជាមួយ ព្រះខ័នរាជស្វាយរៀង ដែលជាក្លិបស្ថិតក្នុងស្រុកកំណើតរបស់គេ៕
Tag:
ញាណ សុស៊ីដាន
Tiffy Army FC
© រក្សាសិទ្ធិដោយ thmeythmey.com