កីឡាជាតិ
ជាតិ
វិទ្យាស្ថានបារាំងនៅកម្ពុជា ពិព័រណ៍រូបភាពកីឡារាំ Breakdance ដែលបញ្ចូលក្នុងអូឡាំពិកលើកដំបូងនៅប៉ារីស
19, Jun 2024 , 8:29 am        
រូបភាព
វិទ្យាស្ថានបារាំងកម្ពុជា នឹងដាក់តាំងពិព័រណ៍រូបភាពកីឡារាំ Breakdance និងបង្ហាញពីប្រភេទវិញ្ញាសាកីឡារាំ Breaking នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤។ កម្មវិធីនេះ ធ្វើឡើងដោយ​សារកីឡា​រាំ Breakdancing បាន​ដាក់បញ្ចូល​ក្នុង​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​ជា​លើកដំបូង ក្នុង​ក្រុងប៉ារីស​ ឆ្នាំ២០២៤ និងដើម្បីអបអរសិល្បៈរបាំ តាមរយៈរដូវកាលវប្បធម៌ «រាំតាមខ្ញុំ» ផង។



ស្របពេលព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងប៉ារីស នឹងឈានមកដល់ក្នុងរយៈជាង១ខែទៀត ពោលនៅថ្ងៃទី២៦ ខែកក្កដា និងនៅក្នុងក្របខណ្ឌនៃរដូវកាលរប្បធម៌ «រាំតាមខ្ញុំ» វិទ្យាស្ថាន​បារាំងកម្ពុជា នឹងរៀបចំការតាំងពិព័រណ៍កីឡារាំ Breakdance។ ពិព័រណ៍នេះ នឹងត្រូវដាក់បង្ហាញនៅលើជញ្ជាំងស្ថានទូតបារាំង និងវិទ្យាស្ថានបារាំងនៅកម្ពុជា ចាប់តាំងពីថ្ងៃទី២១ ខែមិថុនា ដល់ថ្ងៃទី២៨ ខែកញ្ញា។
 
កីឡារាំ breakdance ឬការរាំ breaking ហៅម្យ៉ាងទៀតថា break, breakdance, breakdancing ឬ bboying ត្រូវបានបង្កើតឡើងដោយឯកឯងនៅតាមដងផ្លូរ។ បន្ទាប់​បាន​សម្តែង​ក្នុង​ព្រឹត្តិការណ៍​អូឡាំពិក​យុវជន​នៅ​ក្រុង Buenos Aires ប្រទេស​អា​ហ្ស​ង់​ទីនឆ្នាំ ២០១៨ និងកីឡាស៊ីហ្គេមឆ្នាំ២០១៩ និង២០២៣នៅកម្ពុជា គណៈកម្មាធិការ​អូឡាំពិក​អន្តរជាតិ (IOC) បានសម្រេចដាក់បញ្ចូល​ កីឡារាំ Breakdance ​ក្នុង​កម្មវិធី​កីឡា​លំដាប់​ពិភពលោក នៅក្រុងប៉ារីស។​
  


ជាកីឡាដែលមានដើមកំណើតពីវប្បធម៌ហ៊ីបហប (Hip-Hop) និងមានប្រភពដើមពីសហរដ្ឋអាម៉េរិក សព្វថ្ងៃនេះការរាំ breaking បានទទួលស្គាល់ជាអន្តរជាតិ និងជាវិញ្ញាសានៃការប្រកួតកីឡាជាច្រើន។ ​ព្រឹត្តិការណ៍​អូឡាំពិក​ក្រុងប៉ារីស​ឆ្នាំ ២០២៤ នឹងមាន b-boys ចំនួន​១៦​រូប និង b-girls ១៦​រូប​ដូចគ្នា ដើម្បី​រាំ​ប្រកួតប្រជែង​គ្នា​នៅក្នុង​ការប្រកួត​មួយ​ទល់​មួយ​ និង២ទល់២។ ប្រភេទ​កីឡា​នេះ ត្រូវបាន​គេ​ជឿជាក់ថា នឹង​ទាក់ទាញ​អ្នកទស្សនា​ផ្ទាល់​ដែលមាន​វ័យក្មេងៗ​ច្រើន​ផងដែរ​។​
 
បើតាមលិខិតរបស់វិទ្យាស្ថានបារាំងកម្ពុជា ការតាំងពិព័រណ៍រូបភាពកីឡារាំ Breakdance នឹងបង្ហាញពីរូបថតដែលថតដោយគម្រោង ស្មូឌីយោរូបភាព-ផ្ទះរូបថត ក្នុងអំឡុងពេលការប្រកួតក្បាច់រាំ breakdance របស់វិទ្យាស្ថានបារាំងកម្ពុជា ដែលធ្វើឡើងពីថ្ងៃទី៣១ ខែឧសភា និងថ្ងៃទី១ ខែមិថុនា ឆ្នាំ ២០២៤។ ការរាំ breakdance លើកកម្ពស់តន្ត្រី ភាពច្នៃប្រឌិត និងអត្តសញ្ញាណបុគ្គលផ្ទាល់ខ្លួន ដែលអាចឱ្យមនុស្សទាំងអស់គ្នាចូលរួម ចំណែកទៅនឹងប្រវត្តិនៃកីឡារាំនេះ។
 
រូបថត bboys និង bgirls ដែលត្រូវបានរក្សាទុកជាប័ណ្ណសារ របស់ទីភ្នាក់ងារព័ត៌មានបារាំង (AFP) ក៏នឹងត្រូវបានដាក់តាំងបង្ហាញនៅលើ ជញ្ជាំងនៃវិទ្យាស្ថានបារាំងកម្ពុជា ដែលបង្ហាញពីការវិវត្តនៃវិញ្ញាសានេះ៕



Tag:
 កីឡារាំ Breakdance
© រក្សាសិទ្ធិដោយ thmeythmey.com