RFI
អន្តរជាតិ
អ.ស.ប.៖ សារធាតុ​​ជាតិ​ពុលគីមី​ ជា​វិបត្តិ​បរិស្ថាន​និង​សុខភាព លំដាប់​ទីបី
19, Jun 2024 , 8:59 am        
រូបភាព
អ.ស.ប.៖ សារធាតុ​​ជាតិ​ពុលគីមី​ ជា​វិបត្តិ​បរិស្ថាន​និង​សុខភាព លំដាប់​ទីបី​ Getty Images - onuma Inthapong
អ.ស.ប.៖ សារធាតុ​​ជាតិ​ពុលគីមី​ ជា​វិបត្តិ​បរិស្ថាន​និង​សុខភាព លំដាប់​ទីបី​ Getty Images - onuma Inthapong
ដោយ៖អៀង សុខម៉ិញ/RFI ខេមរភាសា
 
សារធាតុ​ពុល​គីមី បាន​ជ្រៀត​ចូលដោយស្ងាត់​និង​អាថ៌​កំបាំង​បំផុត​ក្នុង​​ជីវិតរស់​នៅ​​ប្រចាំ​ថ្ងៃ​របស់​មនុស្ស​លោក និង​បានក្លាយ​ជា​កង្វល់​ថ្មី​សម្រាប់​សុខភាព​និងអាកាសធាតុ។ ហេតុ​ដូច្នេះ​ហើយ​បាន​អ្នក​ជំនាញ​បាន​ស្វះ​ស្វែង​តាំងពី​ជាង​២០​ឆ្នាំ​មក​ហើយ បង្កើត​ស្ថាប័ន​មួយដែល​ប្រមូល​ផ្តុំ​ក្រុម​អ្នក​ជំនាញអន្តររដ្ឋាភិបាល​ស្តីពី​ការ​វិវឌ្ឍន៍​​សារធាតុ​ពុល​គីមី តាម​គំរូស្ថាប័នជំនាញ​អាកាសធាតុ​​Giec។ ក្រុម​អ្នក​ជំនាញកំពុង​ជួប​ប្រជុំ​គ្នា​នៅ​ប្រទេស​ស្វ៊ីស​​​ ពី​ថ្ងៃ​ចន្ទទី ១៧ ​ដល់​ថ្ងៃ២១​​មិថុនា ដើម្បី​សម្រេច​កម្មវត្ថុ​នេះ ប៉ុន្តែនៅ​មាន​​ឧបសគ្គរារាំង​ច្រើនណាស់។

 
ក្នុង​ចំណីអាហារ និង​កសិកម្ម​ សម្លៀក​បំពាក់ វត្ថុ​ប្រើប្រាស់ប្រចាំថ្ងៃ-ក្នុង​ផ្ទះ ថ្នាំពេទ្យ ផលិតផល​អេឡិចត្រូនិក សម្ភារៈសំណង់ ។ល។ សុទ្ធ​តែមាន​សារធាតុ​គីមី​ ទាំងអស់ ពោលគឺ​ផែន​ដី​ទាំង​មូល ជា​​ពិភព​ចម្រុះ​ទៅ​ដោយ​សារធាតុ​គីមី​ ច្នៃ​ដោយ​ស្នាដៃ​មនុស្ស​យ៉ាង​សម្បូរ​បែប​បំផុត។ បច្ចុប្បន្ន​គេ​រាប់​ឃើញ​មាន​សារធាតុគីមី​ឧស្សា​ហកម្ម​ពី​៤​ទៅ​៦ម៉ឺន​មុខ​ធ្វើ​ចរាចរណ៍​នៅលើ​ពិភពលោក ក្នុង​ចំណោម​សារធាតុ​គីមី​ចំនួន​២១៩​លាន​មុខដែល​អ្នក​ស្រាវជ្រាវ​ស្រង់​បាន​តាំងពី​ឆ្នាំ​១៨០០មក។ សារធាតុ​គីមីទាំង​នោះ​ ត្រូវ​បាន​បែងចែង​ទៅ​ជា​​ក្រុមៗ​ទៅ​តាម​បម្រើបម្រាស់ (សារធាតុគីមី​សម្លាប់​សត្វ​ល្អិត សម្រាប់​សម្អាត សម្រាប់លាង ថ្នាំ​ពេទ្យ ​ជីគីមី...) ឬ​ទៅ​តាម​រចនាសម្ព័ន្ធ​គីមី​ (ជា​ពពួក​ផលិត​ពី​ប្រេងកាត​អ៊ីដ្រូកាបួរ ជា​លោហៈ ជា​មូលេគុល​សំយោគ...) ឬ​ទៅ​តាម​ប្រភេទ​ ជា​អាស៊ីត​ ជាសារធាតុ​សម្រាប់​ដំឡើង​​ពណ៌​ និង​ក្លិន។ល។​
 
ប៉ុន្តែ​ការ​អភិវឌ្ឍន៍​គីមី​ប្រកប​ដោយ​មោទនភាព​នេះ​កំពុង​ក្លាយ​ជា​កង្វល់សកល​ទៅ​វិញ ព្រោះ​ពេល​នេះ​ផែនដីកំពុងតែ​​បំពុលដោយ​សំរាម​​​សារធាតុ​គីមី។ ​ផលិតរបស់​គីមីហើយចែកគ្នា​​ប្រើ- ​ប្រើ រួច​ក៏​បោះចោល ទៅ​ក្នុង​ធម្មជាតិ។ សំណល់​គីមីពុល បាន​ជ្រៀត​ចូល​ដល់​គ្រប់​ទិសទី ក្នុង​ទឹក​ លើ​ដី ក្នុង​បរិយាកាស។ ​សូម្បី​តែកោសិកា​ខ្លាញ់​របស់​​ខ្លាឃ្មុំ​ស​នៅ​តំបន់​ប៉ូល​ក៏​មាន​ជាតិពុល​គីមី​ដែរ។ ប្រតិភូ​វិទ្យាសាស្ត្រ​នៃ​វិទ្យាស្ថានបរិស្ថាន​បារាំង យល់​ថា​សម្ពាធដែល​​ផែន​ដី​ប្រឈម​នឹង​ជាតិ​ពុល​គីមី​មាន​ទម្ងន់​ដូច​ប្រឈម​នឹង​ការ​ប្រែប្រួល​អាកាសធាតុ​យ៉ាង​ដូច្នោះ។ ផលិតផល​ឧស្សាហកម្ម​គីមី​សំយោគ (ថ្នាំ​សម្លាប់​សត្វ​ល្អិត ថ្នាំពេទ្យ...) ការ​ទាញ​ ចម្រាញ់​យកវត្ថុ​ធាតុដើម​ធម្មជាតិ ជា​ការ​បំផ្លាញ​បរិស្ថាន​និង​ជីវិត​ដ៏​ធ្ងន់ធ្ងរ​និង​មិន​អាច​ស្តារ​ឡើងវិញ​បាន​ទេ។
 
អង្គការ​សហប្រជាជាតិ​បាន​ចាត់ទុក​សារធាតុ​គីមីពុល​ជា​វិបត្តិ​បរិស្ថាន​លំដាប់​ទីបី បន្ទាប់​ពី​ការ​ឡើង​កម្តៅ​អាកាសធាតុ និង​ការ​បាត់​បង់​ជីវចម្រុះ។ សារធាតុគីមីពុល​មិន​​ជះ​​​ឥទ្ធិពលភ្លាម​ដល់​សុខភាព​ទេ តែ​បញ្ជី​ឈ្មោះជំងឺ​បង្ក​ឡើង​ជាតិគីមី វែង​ខ្លាំងណាស់ ដូច​ជា​ធ្វើ​ឱ្យ​មាន​វិបត្តិ​បញ្ញា វិបត្តិ​បន្តពូជ វិបត្តិ​បេះដូង​និង​ផ្លូវ​ដង្ហើម មាន​ជំងឺ​ទឹក​នោម ជំងឺ​ធាត់ជ្រុល​ និងធ្វើ​ឱ្យ​ខ្សោយ​ប្រព័ន្ធ​ការពារ​ខ្លួន ប្រព័ន្ធអ័រមូន​លូត​លាស់​។ល។  ផលិតផល​គីមី​ខ្លះ​ ជា​ភ្នាក់ងារ​​នាំ​ឱ្យ​កើត​ជំងឺ​មហារីក​ផង។ ​សារធាតុ​គីមី​ពុល អាច​បង្ក​ផលវិបាក​មួយ​ទៀតដល់​អាកាសធាតុ។
 
បើ​ដឹង​អំពី​ផលវិបាក​ហើយ​ម្តេច​ឡើយ​ចាំបាច់​ត្រូវ​បង្កើត​ស្ថាប័ន​ក្រុម​អ្នក​ជំនាញ​អន្តររដ្ឋាភិបាល​ដើម្បី​សិក្សា​ការ​វិវឌ្ឍន៍​នៃ​សារធាតុ​គីមី​ធ្វើ​អ្វី? ការ​​​ផ្តួច​ផ្តើម​បង្កើត​សន្ធិសញ្ញា​ពហុ​ភាគី​ដើម្បី​គ្រប់​គ្រងការ​បំពុល​សារធាតុគីមី​ មាន​តាំង​ពី​ឆ្នាំ​១៩៨៥។ សហភាព​អឺរ៉ុប​មាន​ច្បាប់​ត្រួត​ពិនិត្យ​ការផលិត​និង​នាំ​ចូល​ផលិត​ផល​មាន​ជាតិគីមី​តាំងពី​ឆ្នាំ​២០០៧មក។ ក្នុង​កំរិត​ពិភពលោក អង្គការ​សហប្រជាជាតិ បាន​អនុម័ត​នៅ​ចុង​ឆ្នាំ​២០២៣ ច្បាប់ទប់​ស្កាត់​ការ​រីកសាយភាយ​សារធាតុ​គីមី​ ពិសេស​ថ្នាំ​សម្លាប់​សត្វ​ល្អិត​កសិកម្ម ឱ្យ​បាន​នៅ​ឆ្នាំ​២០៣៥។​ តែ​គ្មាន​ទេ រចនា​សម្ព័ន្ធ​មាន​សមត្ថភាព​ច្បាស់​លាស់​ ដូច​ស្ថាប័ន​ក្រុម​អ្នក​ជំនាញ​អាកាសធាតុ​អង្គការ​សហប្រជាជាតិ ដែល​អាច​ប្រមូល​ទិន្នន័យ​វិទ្យាសាស្ត្រ​ទាំងឡាយ​កំរិត​ពិភពលោក​។ ទើប​ក្រុម​អ្នក​ជំនាញ​ត្រូវ​ជួប​ពិភាក្សា​គ្នា​ជា​លើក​ទី​បី​នៅ​សប្តាហ៍​នេះ នៅ​ប្រទេស​ស្វ៊ីស ដោយ​មាន​តំណាង​នយោបាយ សង្គម​ស៊ីវិល​និងអ្នក​ការពារ​ឧស្សាហកម្មគីមី​ មក​ពី​ជាង​១០០ប្រទេស​ចូល​រួម។ កម្មវត្ថុ​គឺ​សម្រេច​ឱ្យ​មាន​ស្ថាប័ន​អ្នក​ជំនាញដែល​មាន​ក្បាល​ម៉ាស៊ីន​ដឹកនាំ​ត្រឹម​ត្រូវ។ ​ការ​គាំទ្រ​​ហិរញ្ញវត្ថុ​​និង​បច្ចេកទេស​សម្រាប់​ប្រទេស​កំពុង​អភិវឌ្ឍ​ ជា​ចំណុច​ខ្ទាស់​ធំមួយ តែអ្វី​ដែល​លំបាក​បំផុត​​ គឺទំនាស់​​ផលប្រយោជន៍តែម្តង៕

© រក្សាសិទ្ធិដោយ thmeythmey.com