កីឡាអន្តរជាតិ
អន្តរជាតិ
ចប់ជុំទីមួយវគ្គចែកពូល Euro 2024 រឿងរ៉ាវអស្ចារ្យជាច្រើនកើតឡើង
19, Jun 2024 , 1:59 pm        
រូបភាព
ព្រឹត្តិការណ៍ Euro 2024 បានឆ្លងកាត់ការប្រកួតផុតជុំទីមួយហើយ នៃវគ្គចែកពូល បន្ទាប់ពីការប្រកួតរបស់ព័រទុយហ្កាល់ យកឈ្នះលើក្រុមសាធារណរដ្ឋឆែក លទ្ធផល ២-១ នាថ្ងៃទី១៨ ខែមិថុនា។ ត្រឹមតែរយៈពេល ៥ថ្ងៃ ប៉ុណ្ណោះ នៅព្រឹត្តិការណ៍ទ្វីបអឺរ៉ុបក្នុងប្រទេសអាល្លឺម៉ង់ បង្កើតរឿងរ៉ាវអស្ចារ្យ និងកំណត់ត្រាពិសេសៗជាច្រើន។



ការប្រកួតគូចុងក្រោយនៃជុំទី១ រវាងព័រទុយហ្កាល់ ឈ្នះឆែក លទ្ធផល ២-១ ខ្សែប្រយុទ្ធ Cristiano Ronaldo បានក្លាយជាកីឡាករដំបូងបំផុតប្រចាំប្រវត្តិសាស្ត្រពានអឺរ៉ុប ដែលបង្ហាញខ្លួនចំនួន ៦លើក លើសកីឡាករណាទាំងអស់។ Ronaldo បង្ហាញខ្លួនដំបូងនៅឆ្នាំ ២០០៤, ២០០៨, ២០១២, ២០១៦, ២០២០ និងឆ្នាំ ២០២៤ នៅក្នុងព្រឹត្តិការណ៍ Euro។
 
ក្នុងវ័យ ៤១ឆ្នាំ និង ១១៣ថ្ងៃ Pepe ជាកីឡាករដែលមានវ័យចាស់ជាងគេប្រចាំការប្រកួត Euro 2024 ខណៈដែល Cristiano Ronaldo នៅលេខ២ មានវ័យ ៣៩ឆ្នាំ និង ១៣៤ថ្ងៃ។ ការប្រកួតរបស់ព័រទុយហ្កាល់ ទល់នឹងក្រុមសាធារណរដ្ឋឆែក គឺជាការប្រកួតដំបូងដែលគ្មានគ្រាប់បាល់ស៊ុតបញ្ចូលទីក្នុងវគ្គទីមួយ។
  


ជំនួប ដែលតួកគី ឈ្នះហ្ស៊កហ្ស៊ី ៣-១ ក្នុងវគ្គចែកពូល បានក្លាយជាការប្រកួតដែលមានការប្រកួតប្រជែងខ្លាំងបំផុតប្រចាំព្រឹត្តិការណ៍ Euro 2024 ដោយក្រុមទាំងពីរ មានការស៊ុតសំដៅទីរហូតដល់ ៣៦លើក។ 
 
មួយវិញទៀតនៅត្រឹមជុំទីមួយ វគ្គចែកពូលនេះ ចំណោម ១២ប្រកួត នៅមិនទាន់រកឃើញកីឡាករដែលបានស៊ុតបាល់បញ្ចូលទី ២គ្រាប់ ម្នាក់ឯងនៅឡើយទេ ខណៈកីឡាករក្រុមនីមួយៗរកបានគ្រាប់បាល់រៀងៗខ្លួន។
  


ដោយឡែក នៅត្រឹមតែការប្រកួតចំនួន ៤លើកដំបូង នៃពានរង្វាន់ Euro 2024 កំណត់ត្រាជាច្រើនត្រូវបានបំបែករួចទៅហើយ ក្នុងនោះក៏រួមមានទាំងនៅក្នុងការប្រកួតបើកឆាករបស់ជម្រើសជាតិអាល្លឺម៉ង់​ លត់ស្កុតឡែន ៥-១ ផងដែរ។ រំលឹកទៅកាន់ការប្រកួត ៤លើក ដំបូង​ គ្រាប់បាល់ចំនួន ១៦គ្រាប់ បានស៊ុតបញ្ចូលទី ជាកំណត់ត្រាគ្រាប់បាល់ច្រើនបំផុតក្នុងពានរង្វាន់អឺរ៉ុប និង World Cup ចាប់តាំងពីឆ្នាំ ១៩៧៦។
 
ចំណោមការប្រកួត ៤លើក ដំបូងទាំងអស់នោះ យ៉ាងហោចគ្រាប់បាល់ ៣គ្រាប់ ត្រូវបានស៊ុតចូលទីមុនបញ្ចប់វគ្គទីមួយ នៅក្នុងចំណោម ៣ប្រកួត លើកដំបូងនៃ Euro 2024។ Euro 2020 មានការស៊ុត ៣គ្រាប់ មុនវគ្គទីមួយ នៅត្រឹមតែ ២ប្រកួតដំបូងប៉ុណ្ណោះ ចំណែកកាលពីឆ្នាំ ២០០៤ ក៏មានកំណត់ត្រា ៤ប្រកួតដំបូង មានក្រុមស៊ុតចូល ៣គ្រាប់មុនបញ្ចប់វគ្គទីមួយ។ 
 
កីឡាករវ័យក្មេងជាងគេសម្រាប់ការប្រកួតបានទៅលើកីឡាករខ្សែប្រយុទ្ធស្លាប Lamine Yamal  ដោយគេបង្ហាញខ្លួនព្រឹត្តិការណ៍ Euro ត្រឹមវ័យ ១៦ឆ្នាំ ៣៣៨ថ្ងៃ។ សម្រាប់ក្រុមដែលមានមធ្យមវ័យក្មេងជាងគេប្រចាំការប្រកួត បានទៅលើក្រុមជម្រើសជាតិអ៊ីតាលី ដោយមានអាយុជាមធ្យម ២៦ឆ្នាំ ២៨៧ថ្ងៃ និងជាក្រុមដែលក្មេងជាងគេចាប់តាំងពីឆ្នាំ ១៩៨៨។ 
  


ប្រធានក្រុមវ័យក្មេងបំផុត បានលើកីឡាករ Dominik Szoboszlai ដោយជាប្រធានក្រុមហុងគ្រី ត្រឹមវ័យ ២៣ឆ្នាំ និង ២៣៤ថ្ងៃ។ គ្រាប់បាល់ក្នុងការប្រកួតលឿនជាងគេបំផុតប្រចាំប្រវត្តិសាស្ត្រ បានទៅលើក្រុមអាល់បានី ធ្វើបានដោយកីឡាករ Nedim Bajramai ប្រើពេលត្រឹម ២៣វិនាទី ស៊ុតទល់អ៊ីតាលី។ 
 
កីឡាករ Wout Weghorst ជាកីឡាករនាំសំណាងដល់ហូឡង់ ដោយរូបគេបានផ្លាស់ប្តូរចូលការប្រកួតបានត្រឹមតែ ៣នាទី ពីនាទី៧៩ ដល់នាទី៨៣ នឹងប៉ះបាល់ត្រឹមតែ ១លើកដំបូង ក៏រកបានគ្រាប់បាល់បញ្ចូលទីតែម្តង និងយកឈ្នះសម្រាប់ហូឡង់។ អ្នកចាំទី Bart Verbruggen ជាអ្នកចាំទីវ័យក្មេងជាងគេប្រចាំ Euro 2024 មានវ័យត្រឹម ២១ឆ្នាំ និង ៣០៣ថ្ងៃ លេងឱ្យជម្រើសជាតិហូឡង់។
 
ចំណែកខ្សែបម្រើ Christian Eriksen ដែលបានវិលត្រឡប់មកកាន់ព្រឹត្តិការណ៍ Euro 2024 រយៈពេល ១,១០០ថ្ងៃ បន្ទាប់ពីការប្រកួតបើកឆាកវគ្គចែកពូលកាល Euro 2020 ហើយជួបបញ្ហាគាំងបេះដូង មកដល់ពេលនេះរូបគេក៏រកបានគ្រាប់បាល់ លើកដំបូងក្នុងព្រឹត្តិការណ៍ Euro  ដូចគ្នាផងដែរ។ 
 



សម្រាប់ក្រុមស្លូវេនី​ វិញ កីឡាករ Erik Janza ដែលរកបានគ្រាប់បាល់សម្រាប់ក្រុម បានស៊ុតគ្រាប់បាល់លើកដំបូងបំផុតរបស់គេប្រចាំ Euro នៅក្នុងវ័យ ២៤ឆ្នាំ។ 
 
ក្រុមរូម៉ានី បានបង្កើតប្រវត្តិសាស្ត្រសារជាថ្មីរបស់ខ្លួន នៅក្នុងការប្រកួតដែលបានលត់ក្រុមអ៊ុយក្រែន លទ្ធផល ៣-០ ដោយព្រឹត្តិការណ៍ Euro 2024 នេះជាការបង្ហាញខ្លួនលើកទី៦ របស់ពួកគេ ប៉ុន្តែពួកគេទើបតែយកឈ្នះការប្រកួតបានត្រឹមតែ ២លើក ប៉ុណ្ណោះមកដល់ពេលនេះ។ ការឈ្នះលើកទី១ របស់រូម៉ានី នៅក្នុងឆ្នាំ ២០០០ កាលនោះឈ្នះអង់គ្លេសលទ្ធផល ៣-២។
 
អង់គ្លេសជាក្រុមដំបូងប្រចាំប្រវត្តិសាស្ត្របាល់ទាត់ទ្វីបអឺរ៉ុបផ្នែកបុរស ដែលបានរក្សាសំណាញ់ទីនៅស្អាតមិនឱ្យក្រុមដទៃស៊ុតបាល់បញ្ចូលទីបាន នៅក្នុងវគ្គចែកពូលចំនួន ៥លើក។ Jude Bellingham ដែលរកបានគ្រាប់បាល់ជួយនាំជ័យជម្នះសម្រាប់អង់គ្លេស ទល់ស៊ែប៊ី រូបគេបានក្លាយជាកីឡាករដំបូង ដែលរកបានគ្រាប់បាល់នៅក្នុង World Cup និង Euro ខណៈជាកីឡាករលេងនៅក្លិបក្រៅប្រទេសអង់គ្លេស។
  


Bellingham ក៏ជាកីឡាករដំបូងប្រចាំប្រវត្តិសាស្ត្រអឺរ៉ុប ដែលបង្ហាញខ្លួននៅពានរង្វាន់អន្តរជាតិធំៗ ចំនួន ៣ Euro 2020, World Cup 2022 និង ​Euro 2024 ត្រឹមវ័យមុនឈានចូល ២១ឆ្នាំ (២០ឆ្នាំ និង ៣៥៣ថ្ងៃ)។
 
​ខ្សែប្រយុទ្ធ Romelu Lukaku ស្ថិតក្នុងការប្រកួតរបស់បែលហ្ស៊ិក ទល់នឹងក្រុមស្លូវ៉ាគី រូបគេបានខកខានគ្រាប់បាល់ស៊ុតបញ្ចូលទី ពេលមានឱកាសល្អៗ នៅនាទី៣ នាទី៦ ដើមវគ្គនៃការប្រកួត មិនត្រឹមតែប៉ុណ្ណោះ រូបគេក៏បានក្លាយជាកីឡាករដែលស៊ុតបាល់ចូលទី ២គ្រាប់ ហើយត្រូវបានប្រព័ន្ធ VAR បដិសេធគ្រាប់បាល់ទាំង ២លើក ព្រោះតែ Off-side និងបាល់ប៉ះដៃ។ បែលហ្ស៊ិកប្រកួតចាញ់ស្លូវ៉ាគី ក្នុងវគ្គចែកពូល។
 
សម្រាប់ជំនួបរវាងអូទ្រីស នឹងបារាំង បានក្លាយជាជំនួបដ៏តានតឹងបំផុតប្រចាំព្រឹត្តិការណ៍ និងត្រដាបត្រដួសបំផុតសម្រាប់បារាំង ដោយពួកគេមិនអាចស៊ុតបាល់បញ្ចូលទីបានដោយខ្លួនឯង ដោយ​ Mbappe បានទាត់បាល់កាត់ចូលមុខប្រអប់ទី ហើយខ្សែការពារ Maximillian Wober ធ្វើឱ្យចូលទីខ្លួនឯង។ កីឡាករដែលល្អបំផុតប្រចាំការប្រកួត (MOTM) រវាងបារាំង និងអូទ្រីស បានលើខ្សែបម្រើ N’Golo Kante ដែលរូបគេត្រូវបានគេសង្កេតឃើញថារត់ស្ទើរតែពេញទីលានតែម្តងក្នុងជំនួបនោះ។
  


ខ្សែប្រយុទ្ធ ២រូប Antoine Griezmann និងប្រធានក្រុម Kylian Mbappe សុទ្ធសឹងតែជាកីឡាកររងរបួសធ្ងន់នៅក្នុងជំនួបទល់អូទ្រីស ដោយម្នាក់បែកក្បាល និងបាក់ខ្ទង់ច្រមុះ។
 
ខ្សែបម្រើប្រយុទ្ធក្រុមតួកគី Arda Guler មានវ័យត្រឹមតែ ១៩ឆ្នាំ ១១៤ថ្ងៃ បានស៊ុតគ្រាប់បាល់ជ័យជម្នះជួយតួកគី យកឈ្នះលើក្រុមហ្ស៊កហ្ស៊ី លទ្ធផល ៣-១ ហើយរូបគេក៏ជាកីឡាករល្អប្រចាំការប្រកួតថែមទៀត។ Arda Guler បានក្លាយជាកីឡាករវ័យក្មេងដែលស៊ុតបាល់បញ្ចូលទីប្រចាំ Euro 2024 នៅការបង្ហាញខ្លួនលើកដំបូង ដោយបំបែកកំណត់ត្រា Cristiano Ronaldo ដែលធ្វើបាននៅវ័យ ១៩ឆ្នាំ និង ១២៨ថ្ងៃ កាលឆ្នាំ ២០០៤៕

Tag:
 Euro 2024
© រក្សាសិទ្ធិដោយ thmeythmey.com