RFI
អន្តរជាតិ
ចូលកាន់អំណាច​បាន១ខែ ប្រធានាធិបតីតៃវ៉ាន់អះអាង​ថា តៃវ៉ាន់​មិនចុះចាញ់ការដាក់សម្ពាធយោធារបស់ចិន
20, Jun 2024 , 8:29 am        
រូបភាព
ចូលកាន់អំណាច​បាន១ខែ ប្រធានាធិបតីតៃវ៉ាន់អះអាង​ថា តៃវ៉ាន់​មិនចុះចាញ់ការដាក់សម្ពាធរបស់ចិន AP - Chiang Ying-ying
ចូលកាន់អំណាច​បាន១ខែ ប្រធានាធិបតីតៃវ៉ាន់អះអាង​ថា តៃវ៉ាន់​មិនចុះចាញ់ការដាក់សម្ពាធរបស់ចិន AP - Chiang Ying-ying
ដោយ៖ឈាង បុប្ផា/RFI ខេមរភាសា

ប្រធានាធិបតីថ្មី​របស់​តៃវ៉ាន់ លោក​ឡៃ ឈីងទឿ​ដែលទើបចូលកាន់តំណែង​បាន​១ខែ បាន​គូសបញ្ជាក់ នៅថ្ងៃពុធទី ១៩​មិថុនានេះថា តៃវ៉ាន់​នឹង​មិន​ចុះចាញ់​ការដាក់សម្ពាធ​របស់​ចិន។ ចិនដែល​ប្រើគ្រប់វិធីសាស្រ្ត ដើម្បីដាក់សម្ពាធ​ទាំងផ្នែកយោធា និង​នយោបាយ​លើ​កោះតៃវ៉ាន់ ដែលចិន​គំរាម​យកមកគ្រប់គ្រង​វិញ ទោះត្រូវ​ប្រើកម្លាំងយោធា។ នៅក្នុងសន្និសីទកាសែត​ដែលបញ្ជាក់​ការចូលកាន់តំណែង​របស់លោក​ក្នុងរយៈពេល​១ខែមកនេះ ប្រធានាធិបតី​តៃវ៉ាន់​អះអាងថា ប្រជាជនតៃវ៉ាន់នឹង​ការពារ​ដែនអធិបតេយ្យភាពជាតិ ថែរក្សា​មាគ៌ាប្រជាធិបតេយ្យ​ សេរីភាពដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញ។

 
ចូលកាន់ក្បាលម៉ាស៊ីនដឹកនាំរដ្ឋាភិបាល​តៃវ៉ាន់បានមួយខែ លោកប្រធានាធិបតី​ឡៃ ឈីងទឿ​បាន​ធ្វើ​សន្និសីទកាសែត​ដែលនៅក្នុងនោះ លោកបាន​បញ្ជាក់សាជាថ្មីថា តៃវ៉ាន់​នឹង​មិនចុះញ៉ម ចុះចាញ់​​ការដាក់សម្ពាធរបស់​ចិន។ បើតាមមេដឹកនាំ​តៃវ៉ាន់ ការដាក់បញ្ចូល​កោះតៃវ៉ាន់​ទៅក្នុង​ផែនទី​របស់ចិន​គឺ​ជា​នយោបាយ​ជាតិ​របស់សាធារណរដ្ឋប្រជាមានិតចិន។ ដូច្នេះ ក្រៅតែពីបង្ហាញ​សាច់ដុំយោធា រដ្ឋាភិបាល​ចិន​បាន​ប្រើ​វិធីសាស្រ្ត​ថ្មីៗ ប្លែកៗ​ជាច្រើន ខុសពីទម្លាប់ដើម ដើម្បី​ចាប់បង្ខំ​តៃវ៉ាន់ឲ្យ​លត់ជង្គង់ ចុះចាញ់។ ប៉ុន្តែ តៃវ៉ាន់​នឹង​មិន​ព្រមចុះចាញ់​នោះទេ។ ប្រជាជន​តៃវ៉ាន់​​ការពារដាច់ខាតដែនអធិបតេយ្យភាព​ជាតិ និង​ថែរក្សា​សេរីភាព របៀបរស់នៅតាម​បែបប្រជាធិបតេយ្យ។
 
នៅក្នុងសន្និសីទកាសែត នៅថ្ងៃពុធទី ១៩​មិថុនា ប្រធានាធិបតី​តៃវ៉ាន់នៅបាន​ថ្លែងអំណរគុណ​អាមេរិក​ដែល​បន្ត​គាំទ្រជួយ​តៃវ៉ាន់។ លោក ឡៃ ឈីងទឿ​ចង់​និយាយ​ដល់​មន្ទីរបញ្ចកោណ​អាមេរិក​ដែលទើបបាន​សម្រេច​កាលពីថ្ងៃអង្គារ បើកភ្លើងខៀវ​ឲ្យលក់សព្វាវុធ​បន្ថែម​ទៅ​ឲ្យតៃវ៉ាន់។​ នៅក្នុង​​សេចក្តីប្រកាស ក្រសួងការពារជាតិតៃវ៉ាន់និយាយថា អាមេរិក​យល់ព្រម​លក់​ដ្រូនទៅ​ឲ្យតៃវ៉ាន់ ក្នុងតម្លៃ៣០០លាន​ដុល្លារ ចំណែក​កិច្ចសន្យា​មួយទៀត តម្លៃជាង​៦០លានដុល្លារផ្តោតទៅលើ​ការលក់​ដ្រូន​អត្តឃាត។ បើតាម​ក្រសួងការពារជាតិតៃវ៉ាន់ដដែល ដោយសារ​តែ​កងទ័ពចិន​ធ្វើសកម្មភាព​កាន់តែច្រើន​នៅ​ច្រកសមុទ្រ​តៃវ៉ាន់ ភាគីអាមេរិកបាន​​យល់ព្រម​លក់អាវុធ​ដែលអនុញ្ញាត​ឲ្យ​តៃវ៉ាន់អាច​ឆ្លើយតបភា្លមៗ​នឹង​ការគំរាមកំហែង​របស់​សត្រូវ។ នៅ​ខែ​មិថុនានេះដែរ វ៉ាស៊ីនតោន​ទើប​បាន​យល់ព្រម​លក់​គ្រឿង​ផ្គុំរបស់​យន្តហោះចម្បាំង F-16ទៅ​ឲ្យទៅ​តៃវ៉ាន់​ក្នុងទំហំទឹកប្រាក់ ៣០០លាន​ដុល្លារ។ នៅចំពោះមុខការគំរាមកំហែង​របស់​ចិន តៃវ៉ាន់​បាន​ចំណាយទឹកប្រាក់​រាប់ពាន់លានដុល្លារ​ដើម្បីទិញសព្វាវុធទំនើបៗ​របស់អាមេរិកមកបំពាក់​ឲ្យកងទ័ពរបស់ខ្លួន។
 
ចំពោះលោកប្រធានាធិបតី ឡៃ ឈីងទឿ ប្រជាជន​តៃវ៉ាន់​ស្រឡាញ់ណាស់​សន្តិភាព និង​យកចិត្ត​ទុកដាក់​ជួយប្រជាជន​ដទៃ។ ប៉ុន្តែ សន្តិភាពត្រូវការជំនួយ​ពីការប្រើកម្លាំង។ សន្តិភាពតាមរយៈ​ការត្រៀមប្រុងប្រៀបខ្លួន គឺជាមធ្យោបាយជួយ​ឲ្យគេជៀសផុតពី​ជម្លោះ។
 
ប៉ុន្តែ នៅក្នុងក្រសែភ្នែករបស់ចិន ប្រធានាធិបតី​ថ្មី​របស់តៃវ៉ាន់ លោក​ ឡៃ ឈីងទឿជា​ជនទាមទារ​បំបែកទឹកដីដ៏គ្រោះថ្នាក់។ បន្ទាប់ពីរៀបចំ​សមយុទ្ធទ្រង់ទ្រាយធំ ឡោមព័ទ្ធតៃវ៉ាន់ នៅ​​ចុងខែ​ឧសភា ចិន​ប្តេជ្ញា​បន្ត​ដាក់សម្ពាធ​យោធា​លើ​តៃវ៉ាន់ ដរាបណា​ថ្នាក់ដឹកនាំតៃវ៉ាន់​នៅតែបន្ត​ញុះញង់​ទាមទារ​ឯករាជ្យ។ លោក​ ឡៃ ឈីងទឿ​វិញ​អះអាងរួចហើយថា តៃវ៉ាន់​​មិនចាំបាច់អ្វីដែល​ត្រូវ​ប្រកាស​ឯករាជ្យ​ជាផ្លូវការនោះទេ ព្រោះតៃវ៉ាន់​ឯករាជ្យរួចទៅហើយ៕​​​​

© រក្សាសិទ្ធិដោយ thmeythmey.com