សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
ក្រុមហ៊ុន​រថយន្ត​អគ្គិសនី​​អាម៉េរិកមួយទៀតដាក់​ពាក្យ​ក្ស័យធន
19, Jun 2024 , 9:59 pm        
រូបភាព
លោក Henrik Fisker ស្វាគមន៍អ្នកទស្សនានៅពិព័រណ៍រថយន្តឆ្នាំ២០២០ នៅ Las Vegas ។ រូបភាព ៖ AFP
លោក Henrik Fisker ស្វាគមន៍អ្នកទស្សនានៅពិព័រណ៍រថយន្តឆ្នាំ២០២០ នៅ Las Vegas ។ រូបភាព ៖ AFP
បន្ទាប់ពីមានការលំបាកផ្នែកហិរញ្ញវត្ថុអស់ជាច្រើនខែ ក្រុមហ៊ុន Fisker ដែលជាក្រុមហ៊ុនរថយន្តអគ្គិសនីរបស់អ្នករចនារថយន្តដ៏ល្បីល្បាញ លោក Henrik Fisker បានដាក់ពាក្យក្ស័យធន។

 
ការដាក់ពាក្យសុំការពារក្ស័យធនរបស់ក្រុមហ៊ុន Fisker ត្រូវបានទទួលដោយតុលាការអាម៉េរិក Delaware នៅថ្ងៃទី១៧ ខែមិថុនា។ មុន​​នេះ ទ្រព្យ​សកម្ម​របស់​ក្រុមហ៊ុន​ត្រូវ​បាន​ប៉ាន់​ប្រមាណ​ថា​មាន​ចំនួនចន្លោះ ៥០០លានដុល្លារទៅ ១ពាន់​លាន​ដុល្លារ និងមាន​បំណុល​ពី ១០០-៥០០លាន​ដុល្លារ។
 
«ដូចក្រុមហ៊ុនផ្សេងទៀតនៅវិស័យរថយន្តអគ្គិសនី យើងបានប្រឈមមុខនឹងបញ្ហាជាច្រើនក្នុងរយៈពេលកន្លងមក ដែលបានជះឥទ្ធិពលដល់សមត្ថភាពរបស់យើងក្នុងប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព»។ ក្រុមហ៊ុន Fisker បានបញ្ជាក់បែបនេះ។
 
ក្រុមហ៊ុន Fisker គ្រោងនឹងលក់ចេញទ្រព្យសកម្ម ព្រមទាំងរៀបចំរចនាសម្ព័ន្ធបំណុលឡើងវិញ បន្ទាប់ពីបានចំណាយប្រាក់យ៉ាងច្រើនក្នុងការផលិតរថយន្តអគ្គិសនីដំបូងបង្អស់របស់ខ្លួនគឺ Ocean SUV។ ក្នុងចំណោមក្រុមម្ចាស់បំណុលធំៗចំនួន២០ របស់ក្រុមហ៊ុននេះគឺក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Adobe, Google និង SAP មានចំណែកច្រើនជាងគេ ។
 
ជាការពិត ក្រុមហ៊ុនរថយន្តអគ្គិសនីរបស់អាម៉េរិកមួយនេះ ស្ថិតក្នុងភាពស្រពិចស្រពិលចាប់តាំងពីខែមីនា មកម្លេះ បន្ទាប់ពីក្រុមហ៊ុនបានព្រមានថា ខ្លួនមិនមានសាច់ប្រាក់គ្រប់គ្រាន់សម្រាប់ប្រតិបត្តិការ។ ពួកគេក៏មិនបានទទួលការវិនិយោគថ្មីពីក្រុមហ៊ុនរថយន្តធំណាមួយនោះទេ ដែលធ្វើឲ្យប្រតិបត្តិការកាន់តែពិបាក។
 
លោក Garrett Nelson នាយករងនៃក្រុមហ៊ុនវិភាគ CFRA Research បានអះអាងថា ៖« ក្រុមហ៊ុន Fisker បានខាតបង់អស់ជាច្រើនខែ។ ដូច្នេះការប្រកាសនេះមិនគួរឱ្យភ្ញាក់ផ្អើលទេ។ ពួកគេមិនមែនជាក្រុមហ៊ុនរថយន្តអគ្គិសនីដំបូងគេដែលប្រកាសក្ស័យធនឡើយ»។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters ។ 
 
ក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ ក្រុមហ៊ុនរថយន្តអគ្គិសនីរបស់អាម៉េរិកជាច្រើនបានក្ស័យធន រួមទាំង Proterra, Lordstown និង Electric Last Mile Solutions ។ ការធ្លាក់ចុះនៃតម្រូវការ ការលំបាកក្នុងការស្វែងរកដើមទុន និងបញ្ហាប្រឈមក្នុងប្រតិបត្តិការ ខណៈខ្សែច្រវាក់ផ្គត់ផ្គង់សកលបានជួបបញ្ហាដែលបណ្តាលឱ្យក្រុមហ៊ុនទាំងនោះដួលរលំ។
 
Fisker ជាក្រុមហ៊ុនរថយន្តអគ្គិសនីដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០០៧ ដោយអ្នករចនារថយន្តដ៏ល្បីល្បាញរបស់ជនជាតិដាណឺម៉ាក Henrik Fisker ដែលលោកទទួលខុសត្រូវក្នុងការរចនារថយន្តស្ព័រល្បីៗជាច្រើនដូចជា Aston Martin DB9, V8 Vantage, Artega GT និង BMW Z8 ។ ពីមុនលោក Henrik Fisker ក៏ជានាយកផ្នែករចនារបស់ Aston Martin ផងដែរ។
 
នៅឆ្នាំ២០២៣ ការលក់រថយន្តអគ្គិសនីនៅអាម៉េរិកកើនដល់ ១,២លានគ្រឿង ស្មើនឹង ៧,៦ភាគរយនៃទីផ្សាររថយន្តរបស់ប្រទេស។ នេះបើយោងតាមការប៉ាន់ស្មានដោយក្រុមហ៊ុនបច្ចេកវិទ្យា Cox Automotive ។ អត្រានេះត្រូវបានគេព្យាករថានឹងកើនឡើងដល់ ៣០-៣៩ភាគរយនៅចុងទសវត្សរ៍នេះ។
 
យ៉ាងណាមិញ ទីផ្សាររថយន្តអគ្គិសនីនៅអាម៉េរិក ក៏ដូចជាពិភពលោកកំពុងចាប់ផ្តើមធ្លាក់ចុះ។ ក្រុមហ៊ុនផលិតរថយន្តរាប់ចាប់ពីក្រុមហ៊ុន Ford រហូតដល់ក្រុមហ៊ុន GM បានកាត់បន្ថយទំហំ និងពន្យារពេលគម្រោងផលិតរថយន្តអគ្គិសនី។ Tesla ដែលបានរួមចំណែក ៥៥ភាគរយនៃការលក់កាលពីឆ្នាំមុន ក៏បានព្រមានថានឹងមានការថមថយចណែកទីផ្សារដែរ៕ 

Tag:
 អាម៉េរិក
  រថយន្តអគ្គិសនី
© រក្សាសិទ្ធិដោយ thmeythmey.com