កីឡាអន្តរជាតិ
អន្តរជាតិ
គ្រូហុងគ្រី ចោទអាជ្ញាកណ្តាលកាន់ជើងម្ចាស់ផ្ទះអាល្លឺម៉ង់ដែលកក់កៅអី១៦ក្រុម Euro 2024
20, Jun 2024 , 10:18 am        
រូបភាព
គ្រូបង្វឹកក្រុមជម្រើសជាតិហុងគ្រីលោក Marco Rossi រិះគន់អាជ្ញាកណ្តាលដែលផ្តល់គ្រាប់បាល់ឱ្យអាល្លឺម៉ង់នូវគ្រាប់បើកឆាក ក្នុងការប្រកួតដែលហុងគ្រីចាញ់ម្ចាស់ផ្ទះ ២-០ នៅជំនួបពូល A ពានរង្វាន់ UEFA Euro 2024។ តាមរយៈជ័យជម្នះនេះ ក្រុមឥន្ទ្រីដែកកក់កៅអីវគ្គ១៦ក្រុមចុងក្រោយមុនគេ។



ក្នុងជំនួបវគ្គសន្សំពិន្ទុពូល A ជុំទី២ នៅយប់ថ្ងៃទី១៩ ខែមិថុនា ខ្សែបម្រើវ័យក្មេង Jamal Musiala ​ជួយ​អាល្លឺម៉ង់​នាំ​មុខ​ហុងគ្រីនៅនាទី២២ តាមរយៈការបញ្ជូនរបស់ប្រធានក្រុម Ilkay Gundogan។ យ៉ាងណាគ្រាប់បាល់នោះ ធ្វើឱ្យ​កីឡាករ​ហុងគ្រី​ខឹងសម្បា​យ៉ាងខ្លាំង ចំពោះ​ការ​ប្រជែង​របស់ Gundogan លើ​ខ្សែការពារ Willi Orban មុនបញ្ជូនឱ្យ Musiala ស្រពេលអាជ្ញាកណ្តាលលោក Robert Andrich មិនពិនិត្យ VAR តាមការតវ៉ា។ Gundogan ដដែលជាអ្នកសម្រេចគ្រាប់ទី២នៅនាទី៦៧។
 
ការសម្រេចរបស់អាជ្ញាកណ្តាល Andrich​ ទទួលការរិះគន់ពីគ្រូហុងគ្រីលោក Rossi ថាមានទំនោកាន់ជើងទៅក្រុមម្ចាស់ផ្ទះ។ «ខ្ញុំមិនដែលត្អូញត្អែរតវ៉ាទេក្នុងអាជីពជាកីឡាករ ឬគ្រូបង្វឹក ប៉ុន្តែអ្វីដែលអាជ្ញាកណ្តាលសម្រេចយប់មិញ ជាការសម្រេចបែបស្តង់ដារពីរ។ អាជ្ញាកណ្តាលផ្តល់គ្រាប់បាល់ ទាំងដែល Gundogan រុញ Orban»។ នេះជាការរិះគន់របស់គ្រូសញ្ជាតិអ៊ីតាលី មិនបន្តថា នៅវគ្គទី២ ក្នុងស្ថានភាពស្រដៀងគ្នានេះ លោកអាជ្ញាកណ្តាល Andrich បានផ្លុំកញ្ចែពិន័យលើកូនក្រុមខ្លួន។
 
មិនត្រឹមអាជ្ញាកណ្តាលលើទីលានឡើយ លោក Rossi ក៏​បាន​បន្ទោសក្រុមមន្ត្រីអាជ្ញាកណ្តាលពិនិត្យ​ VAR ផងដែរ ​ដោយ​មិន​ធ្វើ​អន្តរាគមន៍អ្វីសោះចំពោះការរុញរបស់ Gundogan ក្នុងតំបន់គ្រោះថ្នាក់។ លោក Rossi ថែមទាំងទទួលស្គាល់ថាទោះបីយ៉ាងណាជំនួបនេះអាល្លឺម៉ង់គង់នឹងឈ្នះដដែល ប៉ុន្តែអាជ្ញាកណ្តាលមិនគួរគិតក្តីអាក្រក់បែបនេះទេ។
 
ជ័យជម្នះនៅជំនួបទី២នេះ ជួយម្ចាស់ផ្ទះអាល្លឺម៉ង់មាន៦ពិន្ទុ គ្រប់គ្រាន់ទទួលបានកៅអីស្វ័យប្រវត្តិទៅវគ្គ១៦ក្រុមចុងក្រោយ ទោះសល់មួយប្រកួត។ ហុងគ្រីដែលចាញ់ពីរប្រកួតដំបូង សល់ឱកាសតិចតួចប៉ុណ្ណោះក្នុងនាមក្រុមលេខ៣ល្អ។
 
ក្នុងពូល A នេះដែរ ស៊្វីស ដែលតាមស្មើស្កុតឡែន ១-១ មានភាគរយខ្ពស់ឡើងទៅវគ្គខ្វែងជាមួយអាល្លឺម៉ង់។ Xherdan Shaqiri ជាអ្នករគ្រាប់តាមស្មើឱ្យស្វ៊ីស មុនពេល Scott McTominay ធ្វើបានគ្រាប់នាំមុខឱ្យស្កុតឡែន។ ស្វ៊ីសឈរលេខ២មាន៤ពិន្ទុ ឯស្កុតឡែននៅលេខ៣មាន១ពិន្ទុ។
 
ដោឡែក នៅជំនួបពូល B រវាងក្រូអាស៊ី និងអាល់បានីដែលវាយសម្រុកគ្នារហូតបញ្ចប់ក្នុងលទ្ធផលស្មើ ២-២ នៅជំនួបជុំទី២ ទំនងជាពិបាកក្នុងការដណ្តើមយកចំណាត់ថ្នាក់ទី២ក្នុងពូលទាំងពីរក្រុម។ ឆ្លងកាត់ពីរប្រកួតក្រូអាស៊ីឈរនៅបាតតារាងមាន១ពិន្ទុ ស្មើក្រុមលេខ៣អាល់បានី។ អេស្ប៉ាញ និងអ៊ីតាលី ដែលមាន៣ពិន្ទុ ឈរលេខ១ និងលេខ២ ត្រូវជួបគ្នានៅយប់ថ្ងៃទី២០ ខែមិថុនានេះ៕

Tag:
 Euro 2024
© រក្សាសិទ្ធិដោយ thmeythmey.com