កីឡាអន្តរជាតិ
អន្តរជាតិ
អង់គ្លេស ត្រូវការឈ្នះដាណឺម៉ាកដើម្បីទៅវគ្គខ្វែង ឯអេស្ប៉ាញ សងសឹក អុីតាលី
20, Jun 2024 , 4:59 pm        
រូបភាព
អង់គ្លេស ត្រូវតទល់ដាណឺម៉ាក់ ក្នុងការប្រកួតជុំទី២ ពូល C ពានរង្វាន់ UEFA Euro 2024 នៅយប់ម៉ោង ១១ ថ្ងៃទី២០ ខែមិថុនា បន្ទាប់ពីជំនួបរវាងស្លូវេនី និងស៊ែប៊ី នៅម៉ោង ៨ [ម៉ោងនៅកម្ពុជា]។ ជំនួបគូពិសេសក្នុងពូល B រវាងអេស្ប៉ាញ និងម្ចាស់ការពារជើងឯកអ៊ីតាលី នឹងធ្វើឡើងនៅម៉ោង២ អាធ្រាត្រ។



កាលពីជំនួបបើកឆាកពូល C អង់គ្លេសទទួលបាន៣ពិន្ទុរួចហើយ តាមរយៈការយកឈ្នះស៊ែប៊ី ១-០ ស្រពេលដាណឺម៉ាក ស្មើស្លូវេនី ១-១។ ក្រុមតោកំណាចអង់គ្លេស ត្រូវការឈ្នះដាណឺម៉ាកនៅជំនួបទី២នេះ ដើម្បីឡើងទៅវគ្គខ្វែងដោយស្វ័យប្រវត្តិ ស្របពេលដាណឺម៉ាកក៏ត្រូវការពិន្ទុបន្ថែមចាំបាច់សម្រាប់ឱកាសឆ្លងផុតវគ្គចែកពូល។
 
ស៊ែប៊ី ដែលមិនទាន់មានពិន្ទុរាប់នៅឡើយ ត្រូវធ្វើយ៉ាងណារកឱ្យបានពិន្ទុពីស្លូវេនីដែលមាន១ពិន្ទុក្នុងដៃ សម្រាប់ជំនួបជុំទី២ ក្នុងពូល។ ឆ្លងកាត់មួយប្រកួតដំបូងក្នុងពូល C មានតែអង់គ្លេសមួយគត់ជាក្រុមមានប្រៀបជាងគេក្នុងការបានកៅអីទៅវគ្គបន្ត ខណៈដាណឺម៉ាក ស្លូវេនី និងស៊ែប៊ី ប្រទាញប្រទង់។
 
ដោយឡែកជំនួបគូពិសេសរវាងអ៊ីតាលី និងអេស្ប៉ាញ ក្នុងពូល B ជាជំនួបសងសឹកផង និងដើម្បីកាត់សេចក្តីថាក្រុមណា នឹងឈរកំពូលតារាងផង ក្នុងជុំទី២នេះ។ អ៊ីតាលី ដែលធ្លាប់ផ្តល់ការខកចិត្តឱ្យអេស្ប៉ាញធ្លាក់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ កាលពី Euro 2020 ទទួលបាន៣ពិន្ទុ ពីការឈ្នះអាល់បានី ២-១ ខណៈអេស្ប៉ាញ ឈ្នះក្រូអាស៊ី ៣-០។ អេស្ប៉ាញឈរកំពូលតារាងបណ្តោះអាសន្ន តាមពីក្រោយដោយអ៊ីតាលី។
 
ដោយសារក្រូអាស៊ី បានត្រឹមស្មើអាល់បានី ២-២ នៅជំនួបទី២ ដូច្នេះក្នុងពូល B នេះ អ៊ីតាលី និងអេស្ប៉ាញ មានភាគរយខ្ពស់ ក្នុងការក្លាយជាក្រុមលេខ១​ និងលេខ២៕
 

Tag:
 Euro 2024
© រក្សាសិទ្ធិដោយ thmeythmey.com