កីឡាជាតិ
ជាតិ
ម៉ារ៉ាតុងអន្ដរជាតិចក្រភពអង្គរ ជួយផ្សព្វផ្សាយទេសចរណ៍ សេដ្ឋកិច្ចរដូវវស្សា និងមនុស្សធម៌
20, Jun 2024 , 6:59 pm        
រូបភាព
លោក វ៉ាត់ ចំរើន នៅខាងស្ដាំដៃ និងខាងឆ្វេង លោក សែម ផល្លា
លោក វ៉ាត់ ចំរើន នៅខាងស្ដាំដៃ និងខាងឆ្វេង លោក សែម ផល្លា
គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) នឹងរៀបចំការរត់ម៉ារ៉ាតុងអន្ដរជាតិ-ចក្រភពអង្គរ លើកទី៩ (9th Angkor Empire Marathon 2024) នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៤ នៅមុខប្រាសាទអង្គរវត្ត។ លោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC រំពឹងមានអ្នកចូលរួមត្រឹមជាង ៣ពាន់នាក់ ព្រោះចំរដូវវស្សា ពុំសូវមានភ្ញៀវទេសចរ។ លោក សែម ផល្លា តំណាងអ្នករៀបចំព្រឹត្តិការណ៍នេះ បញ្ជាក់ថាគោលដៅសំខាន់ នៃម៉ារ៉ាតុង គឺដើម្បីផ្សព្វផ្សាយទេសចរណ៍ លើកស្ទួយសេដ្ឋកិច្ចប្រជាជនក្នុងតំបន់ ដែលធ្លាក់ចុះក្នុងរដូវភ្លៀង និងជួយដល់កិច្ចការសប្បុរសធម៌។



NOCC បានរៀបចំទិវារត់ម៉ារ៉ាតុងអន្ដរជាតិ-ចក្រភពអង្គរ ៨លើករួមមកហើយ។ ដោយឡែក NOCC នឹងធ្វើព្រឹត្ដិការណ៍លើកទី៩ នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៤ ដោយមាន៤វិញ្ញាសាដូចជា៖ ៤២គីឡូម៉ែត្រ, ២១គីឡូម៉ែត្រ, ១០គីឡូម៉ែត្រ និង៣គីឡូម៉ែត្រ។ 
 
លោក វ៉ាត់ ចំរើន បាននិយាយថា នារដូវភ្លៀង ពុំសូវមានភ្ញៀវទេសចរទេ នៅសៀមរាប ហើយសេដ្ឋកិច្ច និងចំណូលរបស់ប្រជាជនក្នុងតំបន់ក៏ធ្លាក់ចុះ ផងដែរ។ ម្យ៉ាងវិញទៀត ទិវាម៉ារ៉ាតុងនាអំឡុងខែសីហានេះ មិនសូវមានភ្ញៀវទេសចរពីអឺរ៉ុបឡើយ ដោយសារជាពេលមមាញឹកការងារផង និងជាខែដែលមានភ្លៀងធ្លាក់នៅកម្ពុជាផង។ ដូច្នេះហើយ លោក វ៉ាត់ ចំរើន រំពឹងថាអ្នកចូលរួមម៉ារ៉ាតុង អាចកើនដល់៣ពាន់នាក់ជាង ប៉ុណ្ណោះ។ ដោយឡែកគិតត្រឹមថ្ងៃទី២០ ខែមិថុនា នាពេលសន្និសីទសារព័ត៌មាន នៅទីស្នាក់ការ NOCC អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជារូបនេះ បញ្ជាក់ថា មានអ្នកចូលរួមរត់ ១៣៧៦នាក់បានចុះឈ្មោះរួចរាល់។ ភាគច្រើន នៃអ្នកបានចុះឈ្មោះរួចរាល់នោះ ជាជប៉ុន, ចិន និងម៉ាឡេស៊ី។
 
ក្នុងសន្និសីទដដែលនេះ លោក សែម ផល្លា បានប្រាប់ថា គោលដៅសំខាន់ នៃទិវាម៉ារ៉ាតុងលើកទី៩នេះ គឺដើម្បីជួយដល់វិស័យទេសចរណ៍តំបន់អង្គរ ដែលធ្លាក់ចំនួនភ្ញៀវទេសចរ នារដូវភ្លៀវ។ តំណាងអ្នករៀបចំរូបនេះ ពន្យល់ថានៅពេលចំនួនភ្ញៀវទេសចរធ្លាក់ចុះ ប្រជាជនដែលប្រាស្រ័យលើវិស័យនោះ ក៏ធ្លាក់ចុះដែរ ដូចជាការលក់ដូរវត្ថុអនុស្សាវរីយ៍ មគ្គុទេសចរណ៍ លក់អាហារហូបចុក...។ល។ ក្រៅពីនេះ ការរៀបចំទិវាម៉ារ៉ាតុងនេះ ក៏ជាកិច្ចការជួយដល់សប្បុរសធម៌ ព្រោះលុយមួយចំនួន ដែលបានពីធ្វើព្រឹត្តិការណ៍នេះ នឹងត្រូវយកទៅជួយមន្ទីរពេទ្យគន្ធបុប្ផា។
 
លោក សែម ផល្លា បាននិយាយដូច្នេះ៖«យើង ធ្វើព្រឹត្តិការណ៍ម៉ារ៉ាតុងនេះ ដើម្បីជួយដល់វិស័យទេសចរណ៍ និងជាការផ្សព្វផ្សាយនូវម៉ារ៉ាតុង ក្នុងរដូវវស្សា ក៏ដូចជាធ្វើជាមនុស្សធម៌ជួយដល់មន្ទីរពេទ្យគន្ធបុប្ផា។ យើង ធ្វើទិវារត់ម៉ារ៉ាតុងជារៀងរាល់ឆ្នាំដើម្បី មនុស្សធម៌ ដើម្បីលើកដំកើងសេដ្ឋកិច្ចប្រជាជននៅតាមតំបន់ ដែរ។ នៅរដូវវស្សាសៀមរាប មិនសូវសម្បូរភ្ញៀវទេ។ ដូច្នេះ យើងនាំមនុស្សមក នាំកីឡាករ-កីឡាការិនីមកជាង ៣ពាន់នាកជាងនេះ ហើយជួយសេដ្ឋកិច្ចនៅតំបន់អង្គររបស់យើង បានធូមួយរយៈដែរ។ គោលដៅជួយសេដ្ឋកិច្ចក្នុងតំបន់ទេសចរណ៍ ក៏សំខាន់សម្រាប់យើង ដែរ។»៕

Tag:
 ម៉ារ៉ាតុងអន្ដរជាតិ-ចក្រភពអង្គរ
  វ៉ាត់ ចំរើន
  សែម ផល្លា
© រក្សាសិទ្ធិដោយ thmeythmey.com