RFI
អន្តរជាតិ
សមុទ្ទ​ចិន​ខាង​ត្បូង ៖ ​ចិន​បង្កើន​សម្ពាធកាន់​តែ​ខ្លាំងលើ​ហ្វីលីពីន
20, Jun 2024 , 7:39 pm        
រូបភាព
សមុទ្ទចិនខាងត្បូង៖ តើចិនកំពុងប្រើយុទ្ធសាស្ត្រអ្វីដាក់ហ្វីលីពីន? AP
សមុទ្ទចិនខាងត្បូង៖ តើចិនកំពុងប្រើយុទ្ធសាស្ត្រអ្វីដាក់ហ្វីលីពីន? AP
ដោយ៖អៀង សុខម៉ិញ/RFI ខេមរភាសា
 
ចិន​មិនដែល​បិទ​បាំង​​មហិច្ឆតា​ចង់​គ្រប់គ្រង​តំបន់​សមុទ្ទ​ចិន​ខាង​ត្បូង​ទាំង​ស្រុង ​តែ​ម្នាក់​ឯងទេ។ ហើយចិន​តតាំង​នឹង​ហ្វីលីពីន កាន់​តែ​ខ្លាំង​ឡើងៗ តាម​គ្រប់​វិធី​ក្នុង​បំណង​តែ​មួយ​គឺដាក់​សម្ពាធ​រុញ​​ហ្វីលីពីន​ឱ្យ​ចេញផុត​​ពីតំបន់​ជាប់​ជម្លោះ​​នៅ​ថ្ងៃអនាគត។ នេះ​បើ​តាម​អ្នក​វិភាគ។ ការ​ប៉ះទង្គិច​រវាងឆ្មាំ​សមុទ្ទ​ចិន​និង​ហ្វីលីពីន មានកាន់​តែ​ច្រើន។​ ​យោធា​ហ្វីលីពីន ​បានអះអាងនៅ​ថ្ងៃ​ពុធ​នេះថាឆ្មាំ​សមុទ្ទ​​​ចិន​បាន​​ចូល​ទៅ​រឹប​អូសយក​​អាវុធ​ពី​ក្នុង​នាវា​ហ្វីលីពីន​ ពេល​​បុក​ទូក​គ្នា​រហូត​បណ្តាល​ហ្វីលីពីន​ម្នាក់​រង​របួស​។



នៅក្នុង​សេចក្តី​ថ្លែងការណ៍​ នាថ្ងៃពុធទី​១៩មិថុនា​នេះ មេ​បញ្ជា​ការ​យោធា​ហ្វីលីពីន បាន​អះអាង​ថាបុគ្គលិក​ជា​ឆ្មាំ​សមុទ្ទ​ចិន​បាន​នាំ​គ្នាចុះ​ទៅ​ក្នុង​​ទូក​ពោង​របស់​ហ្វីលីពីន ដោយ​ខុស​ច្បាប់​ហើយ​ប្រមូល​យក​អាវុធ​ប៉ុន្មាន​ដើម ដែល​នា​វិក​ហ្វីលីពីន​បាន​ទទួល​បញ្ជា​មិន​ឱ្យ​ប្រើ​ នៅ​ពេល​ប្រឈម​នឹង​យោធា​ចិនទេ។​ នៅ​ចំពោះ​មុខ​អ្នកសារព័ត៌មាន ប្រមុខ​យោធា​ហ្វីលីពីន​ដដែល​បាន​ប្រកាស​ថា នេះ​ជា​លើក​ទីមួយ​ហើយ​ដែល​គេ​ឃើញ​ឆ្មាំ​សមុទ្ទ​ចិន​កាន់​ដាវ​ លំពែង​ កាំបិត សម្រុក​ចូល​មក​វាយប្រហារ​លើ​កងកម្លាំង​ហ្វីលីពីន​ដៃ​ទទេ។ ហេតុការណ៍​បានកើត​ឡើង​នៅ​ថ្ងៃ​ចន្ទទី​១៧​មិថុនា​ ហើយ​ពេល​​នាវា​ឆ្មាំ​សមុទ្ទ​ចិន​មក​កៀរ​ទូក​ហ្វីលីពីននៅ​ក្បែរ​ប្រជុំ​កូនកោះ​ថ្ម​ប៉ប្រះ​ទឹក​ Second Thomas Shoal ​​នាវិកហ្វីលីពីន​​ម្នាក់​បាន​របួស​ដាច់​ម្រាម​មេដៃ​មួយផង។
 
ឧប្បត្តិហេតុ​នៅក្នុង​សមុទ្ទ​ចិន​ខាង​ត្បូង ជាពិសេស​នៅ​តំបន់​ជិត​ប្រជុំ​កូន​កោះ​ថ្ម​ប៉ប្រះ​ទឹក​សឺខិនថូម៉ាស ឬ​រ៉ែនអៃ ហៅតាម​ចិន មាន​កាន់​ញាប់​ ព្រោះ​ឆ្មាំ​សមុទ្ទ​ហ្វីលីពីនតែង​​ធ្វើ​ដំណើរ​ចុះ​ឡើង​ជញ្ជូន​ស្បៀង​និង​ប្តូរ​គ្នា​ប្រចាំការ​នៅ​ទីនោះ ដែល​​មាន​នាវា​យោធា​ហ្វីលីពីនBRP Sierra Marde​មួយ​គ្រឿង​ជាប់​គឿង​ដោយ​ចេតនា​តាំងពី​ឆ្នាំ​១៩៩៩មក ដើម្បី​សម្គាល់​ថា​ជា​ដែន​ទឹក​របស់​ហ្វីលីពីន។
 
កូន​កោះ​​ថ្មប៉ប្រះ​ទឹកសឺខិន​ថូម៉ា​​នេះ ស្ថិតក្នុង​​តំបន់​ប្រជុំ​កោះ​ស្ព្រាតលី ក្នុង​ចម្ងាយ​ប្រមាណ​២០០​គីឡូម៉ែត្រ​ពី​ឆ្នេរ​ប៉ាឡាវ៉ានហ្វីលីពីន និង​ដល់​ទៅ​ជាង​១ពាន់​គីឡូម៉ែត្រ​ពី​ឆ្នេរ​ខាង​ត្បូង​បំផុត​របស់​ចិន។ ប៉ុន្តែ​ប៉េកាំង ប៉ង​ដណ្តើម​គ្រប់គ្រង​ប្រជុំ​កូនកោះ​ថ្ម​ប៉ប្រះ​ទឹក​នេះ និង​រង់ចាំ​ឱ្យ​តែនាវា​យោធានោះ​​លិច​បាត់​ ឬ​លែង​អាច​ស្នាក់​នៅ​បាន នឹង​ចាប់​បង្ខំ​ឱ្យ​ម៉ានីល​ដកទ័ព​ចេញ។ នេះ​បើ​តាម​ការ​វិភាគ​របស់​អ្នកស្រី អេឡេណា ឡឺហ្ការដា អ្នកស្រាវជ្រាវ​នៅ​វិទ្យាស្ថាន​Mercator​ក្រុង​ប៊ែរ​ឡាំង ដោយ​ពន្យល់​បន្ថែម​ថា បើ​ចិន​យក​បានកូនកោះ​សឺខិន​ថូម៉ា នោះ​ចិន​នឹងវាតទី​បាន​កាន់​តែ​ធំ​ ហើយ​អាច​ពង្រឹក​វត្តមាន​កាន់​ខ្លាំង​នៅ​តំបន់​ដែល​មាន​លក្ខណៈ​​​យុទ្ធសាស្ត្រ​ខ្លាំង​ ព្រោះ​ជា​​ច្រក​ផ្លូវ​ដឹកជញ្ជូនទំនិញ​តាម​សមុទ្ទផង សម្បូរ​ធនធាន​ធម្មជាតិ​ក្រោម​ដី ប្រេងកាត​និង​ឧស្ម័ន​ផង។
 
សម្រាប់​អ្នក​វិភាគ នយោបាយ​សន្តិសុខ​សមុទ្ទ​នៅ​វៀតណាម​វិញ ដើម្បី​អាច​ឈាន​ទៅ​កាន់​កាប់​កូនកោះ​សឺខិន​ថូម៉ាឬ​រ៉េនអៃ ចិនប្រើ​យុទ្ធសាស្ត្រ​កាត់​ចិញ្ចាំ ពោល​គឺ​ពង្រឹង​វត្តមាន​យោធា ឆ្មាំ​សមុទ្ទ និង​កម្លាំងអ្នក​នេសាទ​​ប្រដាប់​អាវុធ​ នៅ​តាម​តំបន់​គ្មាន​មនុស្ស​រស់​នៅ​នៃ​ប្រជុំ​កោះ​ស្ព្រាតលី។ បន្ទាប់​មក​ ចិន​នឹង​បន្ត​បង្ខិតវត្តមាន​ទៅ​ទិស​ខាងកើត​ រហូត​ដល់​កូនកោះ​ថ្ម​ប៉ប្រះទឹក​សាប៊ីណា​ ដើម្បី​លេប​ត្របាក់​តំបន់​សេដ្ឋកិច្ច​ផ្តាច់​មុខ​ហ្វីលីពីន​បន្តិច​ម្តងៗ មក​ធ្វើ​ជា​របស់​ខ្លួន។ ចិន​​ដណ្តើម​យក​តំបន់​យុទ្ធសាស្ត្រសម្បូរត្រី​Scarborough ​ពី​ហ្វីលីពីន​បាន​មួយហើយកាលពី​ឆ្នាំ​២០១២​​​​ ដោយ​ពង្រាយ​នាវា​ចាំរារាំង​​ហ្វីលីពីន​មិន​ឱ្យ​មក​នេសាទ។
 
ចិន​ចាប់​អនុវត្តយុទ្ធសាស្ត្រ​នេះ​​ជាយូរ​ឆ្នាំមក​ហើយ​។ ទៅដល់​កោះ​ណា ពង្រឹង​ពង្រីកកោះ​នោះ​ ហើយ​បំពាក់​មីស៊ីលនិង​សង់​ផ្លូវ​សម្រាប់​ឱ្យយន្តហោះចុះ​ចតទៀត។ ដំណាក់កាល​ថ្មី កាលពី​ថ្ងៃសៅរ៍​មុន ចិន​បានចេញ​ក្រិត្យ​អនុញ្ញាត​ឱ្យ​ឆ្មាំ​សមុទ្ទ​ចាប់ឃុំ​​បរទេស​រំលោភ​ចូល​ក្នុង​សមុទ្ទ​ចិន​ខាង​ត្បូង​ ដោយ​គ្មានការកាត់​សេចក្តី​ទៀត​ផង។
 
សាស្តាចារ្យ​ច្បាប់​នៅ​សកលវិទ្យាល័យ​ហ្វីលីពីន លោក Jay Batongbacal  យល់​ថា​កម្មវត្ថុ​របស់​ចិន គឺ​រុញ​ហ្វីលីពីន​ឱ្យ​បោះបង់​សិទ្ធិ​ស្រប​ច្បាប់​លើ​តំបន់​នេះ​។ តែ​នាយក​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​ចិន ថា​ប៉េកាំង​ការ​ពារ​ដែន​ដី​របស់​ខ្លួន​ដោយ​ការ​អត់ធ្មត់​ខ្លាំងណាស់៕
 

© រក្សាសិទ្ធិដោយ thmeythmey.com