RFI
អន្តរជាតិ
បារាំង​បើក​ជំនួប​កំពូល​ពិភពលោក​ដើម្បីអធិបតេយ្យភាព​ថ្នាំ​បង្ការ​​នៅ​អាហ្វ្រិក
21, Jun 2024 , 7:59 am        
រូបភាព
បារាំង​បើក​ជំនួប​កំពូល​ពិភពលោក​ដើម្បីអធិបតេយ្យភាព​ថ្នាំ​បង្ការ​​នៅ​អាហ្វ្រិក AFP - SIMON MAINA
បារាំង​បើក​ជំនួប​កំពូល​ពិភពលោក​ដើម្បីអធិបតេយ្យភាព​ថ្នាំ​បង្ការ​​នៅ​អាហ្វ្រិក AFP - SIMON MAINA
ដោយ៖អៀង សុខម៉ិញ/RFI ខេមរភាសា

ប្រធានាធិបតី​ ​ធ្វើ​ជាអធិបតី​​បើក​ជំនួបកំពូ​ល​ពិភពលោក ដើម្បី​អធិបតេយ្យភាព​និង​នវានុវត្តន៍ថ្នាំ​បង្ការ នៅ​ទី ២០​មិថុនា​២០២៤​ ។ សហការ​ផ្តួចផ្តើម​ឡើង​ដោយ​សហភាព​អាហ្វ្រិក​និង​សម្ព័ន្ធ​វ៉ាក់សាំង​ ព្រមទាំង​ប្រទេស​បារាំង​ក្នុង​នាម​សហភាព​អឺរ៉ុប ជំនួប​កំពូល​ចង់​ពន្លឿន​ការ​ផលិត​ថ្នាំ​បង្ការ​នៅ​អាហ្វ្រិក​និង​ដើម្បី​អាហ្វ្រិក។

 
ប្រមុខ​រដ្ឋ​-រដ្ឋាភិបាល​និង​តំណាង​រដ្ឋ​នៅ​អាហ្វ្រិក​ជា​ច្រើនប្រទេស ក្រុម​ឧស្សាហកម្ម​ឱសថ សង្គមស៊ីវិល​និង​អង្គការ​អន្តរជាតិ​ព្រមទាំង​ម្ចាស់​អំណោយ​ផង បាន​មក​ជួប​ជុំ​គ្នា​នៅ​ទីក្រុង​ប៉ារីស នា​​​ថ្ងៃ​ព្រហស្បតិ៍​ទី ២០​មិថុនា​នេះ ក្នុង​ជំនួប​កំពូល​ពិភពលោក​ដើម្បី​អធិបតេយ្យភាពនិង​នវានុវត្តន៍​​ថ្នាំ​បង្ការ ដែល​ផ្តួច​ផ្តើម​​ឡើង​ដោយ​សម្ព័ន្ធ​វ៉ាក់សាំង សហភាព​អាហ្វ្រិក​និង​បារាំង។ក្នុង​នាម​អឺរ៉ុប លោកប្រធានាធិបតី​បារាំង ​អេម៉ានុយអែល ម៉ាក្រុង បាន​​ធ្វើ​ជា​អធិបតី​បើក​​ជំនួប​កំពូល​នេះ។
 
សម្រាប់​សម្ព័ន្ធ​វ៉ាក់សាំង​ (Gavi) ដែលជា​អង្គការ​អន្តរជាតិ​បង្កើត​ឡើង​នៅឆ្នាំ​២០០០ ក្នុង​ទម្រង់​ជា​ការ​ចង​ភ្ជាប់​ដៃគូ​រដ្ឋ​និង​ឯកជន​​ ​ក្រុមហ៊ុន​ឧស្សាហកម្ម​ អង្គការ​អន្តរជាតិ​និង​មូលនិធិ​ផៀងៗ ​កម្មវត្ថុដំបូង​នៃ​​ជំនួប គឺ​ប្រមូល​មូលនិធិ​សម្រាប់​រយៈ​ពេល​៥​ឆ្នាំខាង​មុខ។ ​ក្នុង​រយៈ​ពេល​២០​ឆ្នាំកន្លង​មក​នេះ សម្ព័ន្ធ​វ៉ាក់សាំង បានបញ្ចៀស​មរណភាព​បាន​១៧​លាន​នាក់ តាម​រយៈ​សមត្ថភាព​​ចរចា​ជាមួយ​អ្នក​ផលិត​ថ្នាំ​បង្ការ ជួយ​រដ្ឋ​នៅ​អាហ្វ្រិក​ឱ្យ​មាន​ថ្នាំបង្ការ​ចាក់​​ក្នុង​តម្លៃ​ថោក​ ការពារ​កុមារ​បាន​ជាង​១ពាន់​នាក់​ ប្រឆាំង​នឹង​ជំងឺ​កញ្ជ្រិល រលាក​សួត ក្អកមាន់ ខាន់​ស្លាក់ តេតាណូស ឬ​គ្រុនស្វិតដៃជើង។ ពេល​នេះ សម្ព័ន្ធ​ចង់ចាក់​​ថ្នាំ​បង្ការលើ​កុមារឱ្យ​បាន​​​១ពាន់​លាន​នាក់​បន្ថែម​ទៀត​ ក្នុង​រយៈ​ពេល​តិច​ជាង​មុន​ពាក់​កណ្តាល​ផង និង​មាន​ថ្នាំ​បង្ការ​ថ្មី​ប្រឆាំង​នឹង​ជំងឺ​គ្រុន​ចាញ់​ ឬ​មហារីក​កស្បូន ដែល​ជា​មូលហេតុ​ចម្បង​នៃ​មរណភាព​របស់​ស្ត្រី នៅអាហ្វ្រិក។ ការ​ដំឡើង​ស្តុក​វ៉ាក់សាំង​ប្រឆាំង​នឹង​ជំងឺ​គ្រុន​លឿង អាសន្នរោគ និ​អេបូឡា ក៏​មាន​ចំណែក​ក្នុង​ផែនការ​ថ្មី​នេះ​ដែរ។
 
ជំនួប​កំពូល​ដើម្បី​អធិបតេយ្យភាព​ថ្នាំបង្ការ ក៏​មាន​កម្មវត្ថុ​ចង់​បង្កើត​ឱ្យ​មានយន្តការ​​ហិរញ្ញវត្ថុ​ថ្មី​មួយ​ សម្រាប់​ពន្លឿន​ការ​ផលិត​វ៉ាក់សាំង​នៅ​អាហ្វ្រិក​ ដើម្បី​អភិវឌ្ឍ​ឧស្សាហកម្ម​នេះ​នៅ​លើ​ទ្វីប​អាហ្វ្រិក​តែម្តង។ បច្ចុប្បន្ន​នេះ អាហ្រ្វិកមាន​សមត្ថភាព​ផលិត​ថ្នាំ​បង្ការ​​ត្រឹម​ប្រមាណ​២%​នៃ​សេចក្តី​ត្រូវការ​របស់​ខ្លួន​តែ​ប៉ុណ្ណោះ ហើយ​​នាំ​ចូល​ថ្នាំ​បង្ការ​ដល់​ទៅ​ជាង​៩៨%​។ ដូច្នេះ​ក្នុង​ករណី​មាន​រោគ​រាតត្បាត​ផ្ទុះ​ឡើង ឧទាហរណ៍​ជំងឺ​រាត​ត្បាត​សកល​កូវីដ​១៩ អាហ្វ្រិក​បាន​ទទួល​វ៉ាក់សាំង​ក្រោយ​គេ។ កង្វះ​ថ្នាំ​បង្ការ​ប្រឆាំង​នឹង​ជំងឺ​អាសន្ន​រោគនា​ពេល​ថ្មីៗ​នេះ បាន​ចុះ​បញ្ចាំង​ឱ្យ​ឃើញ​កាន់​តែ​ច្បាស់​ទៀត​អំពី​ផលវិបាក​ដ៏​ធ្ងន់ធ្ងរ​​របស់​អាហ្វ្រិក​ដែល​គ្មាន​អធិបតេយ្យភាព​វ៉ាក់សាំង។
 
សូម​រំលឹក​ថា ​​គម្រោងលើក​ឡើង​​​ក្រោយ​វិបត្តិ​កូវីដ​ សម្រាប់​អាហ្វ្រិក ពុំ​ទាន់​កើត​ចេញ​ជា​រូប​រាង​ទេ។ នៅកេនយ៉ា ក្រុមហ៊ុន​ឱសថ​អាមេរិក​ម៉ូឌែនណា បាន​បោះបង់​ផែនការ​ផលិត​វ៉ាក់សាំង​កូវីដ​នៅ​អាហ្វ្រិក​ហើយ។ អាជ្ញាធរ​កេនយ៉ា​សង្ឃឹម​ត្រឹម​អាច​មាន​រោងចក្រ​ច្រក​ថ្នាំ​បង្ការ​ប្រឆាំង​ជំងឺ​របេង​ គ្រុនស្វិតដៃជើង និង​អ៊ុតស្វាយនៅ​៥​ខាង​មុខ​ឯណោះ។ ​ក្រុមហ៊ុន​អាល្លឺម៉ង់​ គ្រោង​នឹង​ផលិត​វ៉ាក់សាំង​ប្រឆាំង​នឹង​​កូវីដ គ្រុន​ចាញ់​ និង​របេង នៅ​​រវ៉ាន់ដា​ តែមិន​ដឹងចាប់​ផ្តើម​នៅ​​ថ្ងៃ​ណា​ទេ។ អាហ្វ្រិក​នឹង​មាន​ររោងចក្រ​ផលិត​វ៉ាក់សាំង​ប្រឆាំង​កញ្ជ្រិល​ តែ​ទំនង​ត្រូវ​រង់ចាំ​ពីរ​បី​ឆ្នាំ​ទៀត​ ទើប​លេច​គម្រោង​ច្បាស់​លាស់៕

© រក្សាសិទ្ធិដោយ thmeythmey.com