RFI
អន្តរជាតិ
អ.ស.ប.៖ ពលរដ្ឋ​ជាង​កន្លះ​ផែនដី​​ព្រួយ​នឹង​មហន្តរាយនៃ​​ការ​ប្រែប្រួល​អាកាសធាតុ
22, Jun 2024 , 8:29 am        
រូបភាព
អ.ស.ប.៖ ពលរដ្ឋ​ជាង​កន្លះ​ផែនដី​​ព្រួយ​នឹង​មហន្តរាយនៃ​​ការ​ប្រែប្រួល​អាកាសធាតុ Getty Images – brazzo
អ.ស.ប.៖ ពលរដ្ឋ​ជាង​កន្លះ​ផែនដី​​ព្រួយ​នឹង​មហន្តរាយនៃ​​ការ​ប្រែប្រួល​អាកាសធាតុ Getty Images – brazzo
ដោយ៖អៀង សុខម៉ិញ/RFI ខេមរភាសា
 
ប្រជាពលរដ្ឋ​នៅ​លើ​ពិភពលោកព្រួយ​បារម្ភកាន់​តែខ្លាំង​ឡើង​ៗ នឹង​មហន្តរាយនៃ​ការ​ប្រែប្រួល​អាកាសធាតុ ដែល​បាន​ស្តែង​កាន់​តែ​ច្បាស់ឡើងៗ​ និង​រំកិល​មកកាន់​តែ​​កៀកខ្លួន​មនុស្ស​។ បើ​តាម​ការអង្កេត​ពិភពលោក​​របស់​អង្គការ​សហប្រជាជាតិ ចេញ​ផ្សាយ​នៅថ្ងៃទី ២០មិថុនា​នេះ​ មនុស្សជាតិ​​កន្លះ​ផែន​ដីរស់​ក្នុង​​កង្វល់អាកាសធាតុ​​ និង​​ជាង៨០%​ ចង់​ឃើញ​រដ្ឋាភិបាល​នីមួយៗបញ្ចេញ​សកម្មភាពនយោបាយ​ច្បាស់​លាស់​មួយ​ ដើម្បី​​ប្រយុទ្ធ​ប្រឆាំង​នឹង​ ការ​ឡើង​កម្តៅ​អាកាសធាតុ​នៃ​ភពផែនដី។

ដើម្បី​បានយល់​​អំពី​ឥទ្ធិពល​នៃ​ការ​ប្រែប្រួល​អាកាសធាតុ​ចំពោះ​មនុស្សជាតិ កម្មវិធី​សហប្រជាជាតិ​ដើម្បី​អភិវឌ្ឍUNDP សាកលវិទ្យាល័យ​Oxfordអង់គ្លេស និង​វិទ្យាស្ថាន​ស្ទង់​មតិ​GeoPoll បាន​បើក​អង្កេត​រយៈ​ពេល​៨​ខែ​ ជា​៨៧​ភាសា​ នៅក្នុង​៧៧​ប្រទេសដែល​តំណាង​ឱ្យ​៨៧%​នៃ​ប្រជាជនសរុប​​នៅ​លើពិភពលោក​។
 
ជា​លទ្ធផល​ ប្រជាពលរដ្ឋ​ភាគ​ច្រើន​ ក្នុង​កំរិត​ដល់​ទៅ​៨០%​ ចង់ឃើញ​​ប្រមុខ​ដឹកនាំ​ប្រទេស​ខ្លួន មាន​នយោបាយប្រឹងប្រែង​​​ខ្លាំង​ ក្នុង​ការ​​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ឡើង​កម្តៅ​សីតុណ្ហភាព​នៃ​ភព​ផែន​ដី ហើយ​ដើរ​ចេញ​យ៉ាង​ឆាប់​រហ័សពី​ភាព​រំពឹង​លើ​ថាមពល​ផូស៊ីល។​ សម្រែក​​អំពាវនាវ​នេះ លាន់​ឮ​កាន់​តែ​ខ្លាំង​មែន​នៅតាម​បណ្តា​ប្រទេស​ក្រីក្រ​ជាង​គេ​នៅលើ​ពិភពលោក គឺ​៨៩%​ទល់​នឹង​៧៦%​នៅ​ក្នុង​ប្រទេស​ជា​សមាជិក​ហ្សេ២០ និង​៧៣%​នៅ​ចិន​ឬ​តែ​៦៦%​នៅ​សហរដ្ឋ​អាមេរិក។
 
សម្រាប់​អ្នក​ទទួល​ខុស​ត្រូវ​​​អាកាសធាតុ​នៃកម្មវិធី​​​សហប្រជាជាតិ​ដើម្បី​អភិវឌ្ឍ Cassie Flynn​ នេះ​ជា​ភស្តុតាង​បញ្ជាក់​យ៉ាង​ច្បាស់​ថា​ មនុស្សជាតិ​នៅ​លើ​ភព​ផែន​ដី​ចង់​បាន​​សកម្មភាពដ៏​ក្លាហានមួយពី​រដ្ឋាភិបាល​ខ្លួន។ ​​រដ្ឋាភិបាល​ដែល​ជា​ប្រទេស​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​អាកាសធាតុក្រុង​ប៉ារីស ត្រូវ​ប្រគល់​ផែនការកំណត់​​កម្មវត្ថុ​កាត់​បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន​កាបូនិក យ៉ាង​យូរ​ត្រឹម​ឆ្នាំ​២០២៥។ ប្រជាពលរដ្ឋ​គាំទ្រឱ្យ​រដ្ឋាភិបាល​បញ្ចេញ​​សកម្មភាពអាកាសធាតុ ព្រោះ​តែ​ខ្លាច។ ព្រោះ​តែ​បានដឹង​និង​បាន​​ឃើញ​ផលវិបាក​នៃ​ការ​ប្រែប្រួល​អាកាសធាតុនៅនឹង​មុខ​​ទៅ​ហើយ​។ នេះ​បើ​តាម​អ្នក​ទទួល​ខុស​ត្រូវUNDPដដែល។
 
ការ​ភ័យ​ខ្លាច​មាន​យ៉ាង​ជាក់​ស្តែង និង​ប៉ះពាល់​ដល់​សេចក្តី​សម្រេច​ធំៗ​ក្នុង​ជីវិតគ្រួសារ​​ផង សម្រាប់៦៩%​នៃ​ពលរដ្ឋ​លើ​ផែនដី។ ​បើ​តាមការ​ស្ទង់​មតិ​ពិភពលោក​នេះ ៥៦​%​នៃមនុស្សជាតិបាន​​អះអាង​ថា​គិត​ខ្វល់​អំពី​ការ​ឡើង​កំដៅ​សីតុណ្ហភាព​ជា​រៀង​រាល់​សប្តាហ៍ ជួន​ជា​រៀង​រាល់​ថ្ងៃ​​តែម្តងផង។ កង្វល់​កើន​ឡើង​កាន់​តែ​ខ្លាំង​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ ឬ​បើ​ប្រៀប​ទៅ​ឆ្នាំ​មុន សម្រាប់​ប្រជាពលរដ្ឋ​ចំនួន​៥៣%។ ប្រទេស​ដែល​មាន​កំណើននៃ​ក្តី​​ព្រួយ​បារម្ភ​ខ្លាំង​ជាង​គេ គឺ​ប្រទេស​កោះ​ហ្វីជី (៨០%) អាហ្វហ្កានីស្ថាន​(៧៨%) ម៉ិកស៊ិកនិង​តួកគី (៧៧%) ហើយ​ខ្វល់​តិច​ជាង​គេ​គឺ​អារ៉ាប៊ីសាអូឌីត (តែ​២៥%) ចិន​ (៣៩%) និង​រុស្ស៊ី​ (៣៤%)៕
 

© រក្សាសិទ្ធិដោយ thmeythmey.com