ទោះបីជាមានភ្ញៀវទេសចរអន្តរជាតិទៅកម្សាន្តនៅជប៉ុនមានចំនួនច្រើន ទីភ្នាក់ងារទេសចរណ៍ជប៉ុននៅតែចង់បានភ្ញៀវរហូតដល់ ៦០លាននាក់នៅឆ្នាំ២០២៤ ដោយផ្តោតលើអតិថិជនមានការចំណាយខ្ពស់។
ប្រធានទីភ្នាក់ងារទេសចរណ៍ជប៉ុន (JTA) លោក Ichiro Takahashi បានបញ្ជាក់ថា ជប៉ុននៅតែមានកន្លែងជាច្រើនដែលភ្ញៀវអន្តរជាតិមិនទាន់ស្គាល់ ឬមិនធ្លាប់បានទៅទស្សនា។ បើតាមលោក Takahashi ជប៉ុននឹងស្វាគមន៍ភ្ញៀវទេសចរចំនួន ៦០លាននាក់នៅឆ្នាំនេះ ពោលគឺច្រើនជាងពីរដងកាលពីឆ្នាំមុនចំនួន ២៥លាននាក់។
« គោលដៅនៃការមកទស្សនាចំនួន ៦០លាននាក់អាចសម្រេចបាននៅឆ្នាំនេះ ប្រសិនបើជប៉ុនមានយុទ្ធសាស្រ្តត្រឹមត្រូវក្នុងការទាក់ទាញភ្ញៀវទេសចរ»។ លោក Takahashi បានសង្កត់ធ្ងន់បែបនេះ។
នៅក្នុងខែឧសភា ជប៉ុនបានស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិជាង ៣លាននាក់ កើនឡើង ៦០ភាគរយធៀបនឹងគ្រាដូចគ្នាកាលពីឆ្នាំមុន ដែលមានរយៈពេល ៣ខែជាប់គ្នាសម្រាប់វិស័យទេសចរណ៍ប្រទេសនេះ បានស្វាគមន៍ចំនួនភ្ញៀវទេសចរដ៏ច្រើន។ នេះបើយោងតាមទិន្នន័យពីទីភ្នាក់ងារផ្សព្វផ្សាយទេសចរណ៍ (JNTO) នៅថ្ងៃទី២០ ខែមិថុនា។
ប្រាក់យ៉េនចុះខ្សោយ ជាមូលហេតុមួយដែលធ្វើឱ្យវិស័យទេសចរណ៍រីកចម្រើន។ អ្នកទេសចរបានសម្រុកទៅកាន់ជប៉ុន ដើម្បីរីករាយជាមួយសេវាកម្មលំដាប់ខ្ពស់ និងទិញទំនិញដែលមានគុណភាព។ ប៉ុន្តែទំហំសេដ្ឋកិច្ចជប៉ុនមានត្រឹម១១,១ពាន់លានដុល្លារ នៅត្រីមាសទី១នេះ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន SCMP។
ភ្ញៀវទេសចរដែលទៅជប៉ុនច្រើនជាងគេមាន ចិន ឥណ្ឌា អេមីរ៉ាតអារ៉ាប់រួម អាម៉េរិក សិង្ហបុរី និងវៀតណាម។ ម្ហូបអាហារ និងទេសភាពធម្មជាតិជាកន្លែងទាក់ទាញសម្រាប់ភ្ញៀវទេសចរអន្តរជាតិនៅជប៉ុន។ នេះបើតាមលោក Dalia Feldman នាយកប្រតិបត្តិក្រុមហ៊ុនទេសចរណ៍ Tourist Japan។
ដើម្បីទាញយកអត្ថប្រយោជន៍ពីប្រាក់យ៉េនទន់ខ្សោយ និងចំនួនភ្ញៀវទេសចរដ៏ច្រើន ភោជនីយដ្ឋាននៅជប៉ុនបានចាត់ថ្នាក់ភ្ញៀវទេសចរ និងអ្នកស្រុកដើម្បីទូទាត់តម្លៃធ្វើឱ្យមានតុល្យភាពផលប្រយោជន៍រវាងក្រុមទាំងពីរ។
អភិបាលក្រុង Hokkaido លោក Hajime Fujikura កាលពីថ្ងៃទី១៧ ខែមិថុនា បានស្នើរឲ្យគិតថ្លៃភ្ញៀវអន្តរជាតិ ៣ដងនៃថ្លៃចូលទស្សនាប្រាសាទ Himeji ជាងភ្ញៀវក្នុងស្រុក ដោយបង្កើនតម្លៃពី ៦,៣ដុល្លារ ដល់១៩ដុល្លារ។ ទន្ទឹមនេះ អភិបាលខេត្ត Nagasaki លោក Yamanashi Kotaro បាននិយាយថា វិស័យទេសចរណ៍គួរតែផ្តោតលើការទាក់ទាញ ជាពិសេសអ្នកទេសចរដែលចំណាយខ្ពស់៕