អន្តរជាតិ
ហ្វីលីពីនថា មិនទាន់ឱ្យអាម៉េរិកចូលជួយឡើយ ក្រោយការប៉ះទង្គិចជាមួយឆ្មាំសមុទ្រចិន
22, Jun 2024 , 2:39 pm        
រូបភាព
ការប្រឈមមុខដាក់គ្នានៅសមុទ្រចិនខាងត្បូងក្នុងសប្តាហ៍នេះជាមួយកងឆ្មាំសមុទ្រចិន មិនទាន់ដល់ថ្នាក់ឱ្យហ្វីលីពីនហៅអាម៉េរិកចូលជួយតាមសន្ធិសញ្ញាការពារគ្នាទៅវិញទៅមកឡើយ។ នេះបើតាមអ្នកនាំពាក្យរបស់ប្រធានាធិបតីហ្វីលីពីន Ferdinand Marcos Jr.។

វីដេអូដែលចេញផ្សាយដោយទីក្រុងម៉ានីល បានបង្ហាញនាវិកឆ្មាំឆ្នេរសមុទ្រចិន កាន់កាំបិត ពូថៅ និងអាវុធផ្សេងទៀតនៅក្នុងការប៉ះទង្គិចគ្នាកាលពីថ្ងៃទី១៧។ នាវិកហ្វីលីពីនម្នាក់បានបាត់បង់មេដៃក្នុងការប៉ះទង្គិច ដែលកើតឡើងពេលយោធចិនប៉ុនប៉ងបង្អាក់ដំណើររបស់កងទ័ពជើងទឹកហ្វីលីពីនដើម្បីផ្គត់ផ្គង់គ្រឿងបរិក្ខារនានាឱ្យយោធាខ្លួននៅសមុទ្រចិនខាងត្បូង។
 
ការប៉ះទង្គិចនេះ នៅមិនទាន់ដល់កម្រិតដែលហ្វីលីពីនផ្ដើមអនុវត្តសន្ធិសញ្ញាការពារទៅវិញទៅមកជាមួយអាម៉េរិកឆ្នាំ១៩៥១ ដែលចែងថា ភាគីម្ខាងទៀតទៀតត្រូវចេញជួយ នៅពេលភាគីម្ខាងរងការវាយប្រហារដោយអាវុធ។
 
លេខាធិការប្រតិបត្តិរបស់ប្រធានាធិបតី Ferdinand Marcos លោក Lucas Bersamin បានប្រាប់អ្នកយកព័ត៌មានថា ទីក្រុងម៉ានីលមិនទាន់បានត្រៀមខ្លួនរួចរាល់ដើម្បីចាត់ទុករឿងនេះជាការវាយប្រហារដោយប្រដាប់អាវុធទេឡើយ។
 
សន្ធិសញ្ញាការពារទៅវិញទៅមករវាងអាម៉េរិក និងហ្វីលីពីន តម្រូវឱ្យភាគីទាំងពីរចូលមកការពារភាគីម្ខាងទៀត ក្នុងករណីមានការវាយប្រហារប្រដាប់អាវុធប្រឆាំងនឹងនាវា យន្តហោះ យោធា និងឆ្មាំឆ្នេរសមុទ្រគ្រប់ទីកន្លែងនៅក្នុងប៉ាស៊ីហ្វិក។ ទីក្រុងវ៉ាស៊ីនតោននិយាយថា ដែនយុត្តាធិការក៏រួមមានសមុទ្រចិនខាងត្បូងដែរ។
 
រដ្ឋមន្ត្រីការបរទេសអាម៉េរិកលោក អាន់តូនី ប្លីងខិន ក៏បានជជែកជាមួយសមភាគីហ្វីលីពីនលោក Enrique Manalo នៅថ្ងៃទី១៩ ខែមិថុនា ពីសកម្មភាពរបស់ចិន។ បើតាមក្រសួងការបរទេសអាម៉េរិក លោក ប្លីងខិន និយាយថា សកម្មភាពរបស់ចិនធ្វើឱ្យខូចដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់ ហើយលោកបានគូសបញ្ជាក់ការប្តេជ្ញាចិត្តរបស់អាម៉េរិកចំពោះហ្វីលីពីនក្រោមសន្ធិសញ្ញាការពារទៅវិញទៅមក។
 

Tag:
 ហ្វីលីពីន
  អាម៉េរិក
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com