កីឡាអន្តរជាតិ
អន្តរជាតិ
អ្នកគាំទ្រប៉ូឡូញ ត្រូវបានប៉ូលិសទីក្រុងប៊ែរឡាំងចាប់ខ្លួន ក្រោយបង្កជម្លោះ នាជំនួបចាញ់អូទ្រីស
22, Jun 2024 , 5:09 pm        
រូបភាព
ក្រុមមន្ត្រីប៉ូលិសទីក្រុងប៊ែរឡាំង ថ្ងៃទី២១ ខែមិថុនា បានអះអាងថា ពួកគេបានចាប់ខ្លួនក្រុមអ្នកគាំទ្រមួយចំនួន ក្នុងជម្លោះអ្នកគាំទ្រ ក្រោយការប្រកួតរវាងក្រុមជម្រើសជាតិប៉ូឡូញ និងអូទ្រីស នៃព្រឹត្តិការណ៍ពានរង្វាន់ Euro 2024 ក្នុងទីក្រុងប៊ែរឡាំង ប្រទេសអាល្លឺម៉ង់។ ភាគច្រើនអ្នកគាំទ្រ ដែលប៉ូលីសឃាត់ខ្លួនបាននេះ គឺជាអ្នកគាំទ្រក្រុមជម្រើសជាតិប៉ូឡូញ។

នាការប្រកួតជំនួបពូល D ក្រុមប៉ូឡូញ បានប្រកួតចាញ់ក្រោម​​ថ្វីជើងអូទ្រីស លទ្ធផល ៣-១ ហើយបានក្លាយជាក្រុមដែលធ្លាក់ចេញពីការប្រកួតដំបូងគេ ស្ថិតក្នុងទីក្រុងប៊ែរឡាំង។
 
ក្រុមមន្ត្រីប៉ូលីស បានទៅកាន់កន្លែងកើតហេតុនៅជិតច្រកទ្វារ Brandenburg ដើម្បីទប់ស្កាត់ការប៉ះទង្គិចគ្នា រវាងអ្នកគាំទ្រទាំងនោះ។ នៅពេលមន្ត្រីប៉ូលិសទៅដល់ អ្នកគាំទ្រកំពុងមានជម្លោះ នាំគ្នាយកដបស្រា និងដុំថ្មគប់លើមន្ត្រីប៉ូលិសទៀតផង​។
 
មន្ត្រីប៉ូលិសទីក្រុងប៊ែរឡាំង បង្ហាញសេចក្តីថ្លែងការណ៍របស់ខ្លួននៅលើបណ្តាញសង្គម X អតីត Twitter ដូច្នេះថា៖«ក្រុមការងាររបស់យើងបានប្រើកម្លាំងកាយសម្បទា ការប្រើប្រាស់ការបាញ់ឧស្ម័នបង្ហូរទឹកភ្នែក (Spray) និងដំបងក្នុងការបង្រ្កាបទៅលើក្រុមមនុស្សដែលបង្កជម្លោះ ថែមទាំងចាប់ខ្លួនមនុស្សមួយចំនួន។»។
 
បើតាមសម្តីរបស់អ្នកនាំពាក្យរបស់ស្ថាប័នប៉ូលិសទីក្រុងប៊ែរឡាំង ស្ថានការណ៍ត្រូវបានរារាំង និងទប់ស្កាត់ទាន់ពេល។ មិនត្រឹមតែប៉ុណ្ណោះ មន្ត្រីប៉ូលិស និងអ្នកគាំទ្រដែលបានរងរបួស ក្នុងហេតុការណ៍ ក៏ទទួលបានការព្យាបាលបឋមភ្លាមៗផងដែរ៕
 
 
 

Tag:
 Euro 2024
  ប៉ូឡូញ
© រក្សាសិទ្ធិដោយ thmeythmey.com