កីឡាអន្តរជាតិ
អន្តរជាតិ
បែលហ្ស៊ិក ឈ្នះរូម៉ានី! De Bruyne ថាមិនទាន់ត្រៀមខ្លួន ក្នុងការនិយាយពីរឿងចូលនិវត្តន៍
23, Jun 2024 , 12:04 pm        
រូបភាព
 
ខ្សែបម្រើ Kevin De Bruyne បាននិយាយថា រូបគេមិនទាន់ត្រៀមខ្លួននៅឡើយទេ​ សម្រាប់ការនិយាយរឿងរ៉ាវចូលនិវត្តន៍ពីក្រុមជម្រើសជាតិ បន្ទាប់ពីបានជួយក្រុមឈ្នះការប្រកួតលទ្ធផល ២-០ ទល់នឹងក្រុមរូម៉ានី ក្នុងជំនួបពូល E នាព្រឹត្តិការណ៍ Euro 2024 កាលពីថ្ងៃទី២២ ខែមិថុនា ។ កន្លងមក De Bruyne ហាក់បង្ហាញពីបំណងចង់ឈប់សម្រាកពីភារកិច្ចជម្រើសជាតិបែលហ្ស៊ិក។

ព្រឹត្តិការណ៍ Euro 2024 ក៏ទំនងនឹងក្លាយជាពេលវេលាចុងក្រោយមួយ សម្រាប់ De Bruyne ក្នុងភារកិច្ចជាមួយបែលហ្ស៊ិក ដ្បិតរូបគេមិនទាន់ត្រៀមខ្លួនប្រកាសថានឹងព្យួរស្បែកជើង ក្រោយពីបញ្ចប់ការប្រកួតនេះទៅ។ ក្តីសង្ឃឹមរបស់ក្រុមបែលហ្ស៊ិក​ បានវិលត្រឡប់មកវិញ នៅពេលពួកគេបានបំបាក់ក្រុមរូម៉ានី លទ្ធផល ២​-០ ក្នុងជំនួបជុំទី២ វគ្គចែកពូល ដោយដណ្តើមបាន ៣ពិន្ទុ ធ្វើឱ្យពូល ​E កាន់តែប្រទាញប្រទង់គ្នាខ្លាំង ដោយក្រុមទាំង ៤ មានលទ្ធផល៣ពិន្ទុដូចគ្នា។
 
២គ្រាប់ជ័យជម្នះរបស់បែលហ្ស៊ិក ធ្វើបានដោយកីឡាករ Youri Tielemans តាំងពីនាទី២ ហើយខ្សែបម្រើ Kevin De Bruyne ជាអ្នកស៊ុតបញ្ចប់គ្រាប់ទី២ នៅនាទី៨០។ បន្ទាប់ពីរកគ្រាប់បាល់ជួយនាំជ័យជម្នះដល់ក្រុម កីឡាករវ័យ ៣២ឆ្នាំ លេងនៅ Manchester City បានរៀបរាប់ថា រូបគេទំនងនឹងផ្តល់ឱកាសដល់យុវជនមានសមត្ថភាពជំនាន់ក្រោយ ចូលប្រកួតប្រជែងបន្តបន្ទាប់ ពីកីឡាករមានវ័យចាស់ដូចរូបគេ។ ប៉ុន្តែ De Bruyne នៅមិនទាន់ចង់គិតពីការចូលនិវត្តន៍ ពីជម្រើសជាតិនៅឡើយ។ កីឡាករប្រធានក្រុមបែលហ្ស៊ិកបាននិយាយដូច្នេះថា៖«នៅពេលខ្ញុំចាកចេញពីក្រុម នោះវានឹងត្រូវស្ថិតលើពួកគេ ដើម្បីបង្ហាញពីការតាំងចិត្តរបស់ពួកគេដោយផ្ទាល់។ ខ្ញុំធ្លាប់បានគិតពីការពិត ដែលថាកីឡាករមានសមត្ថភាពវ័យក្មេងជាច្រើនកំពុងតែមកដល់ ហើយខ្ញុំបានលេងជាមួយក្រុម ១០ឆ្នាំហើយ ខ្ញុំទទួលស្គាល់ថា ខ្ញុំត្រូវតែចែករំលែកជាមួយពួកគេ ប៉ុន្តែខ្ញុំមិនគិតថារឿងនេះ នឹងក្លាយជាចុងបញ្ចប់នៃផ្លូវរបស់ខ្ញុំនោះទេ។ ខ្ញុំមិនធ្លាប់គិតទេថាក្នុងការគិតអំពីនៅពេលដែលខ្ញុំនឹងត្រូវចូលនិវត្តន៍ ឬក៏អនាគតបែបណាទៀតសម្រាប់ខ្ញុំ។»។
 
ដោយឡែកសម្រាប់បែលហ្ស៊ិកវិញ ការប្រកួតបន្ទាប់របស់ពួកគេ នឹងត្រូវបន្តដំណើរប្រជែងទល់នឹងក្រុមអ៊ុយក្រែន ខណៈក្នុងពូល E ក្រុមទាំង ៤ លទ្ធផល ៣ពិន្ទុដូចគ្នាតែម្តង ដែលត្រូវកាត់សេចក្តីនាការប្រកួតចុងក្រោយ។ ចំណែករូម៉ានី ដែលចាញ់ការប្រកួត នឹងបន្តទៅប៉ះស្លូវ៉ាគី៕
 
 

Tag:
 Kevin De Bruyne
  Euro 2024
© រក្សាសិទ្ធិដោយ thmeythmey.com