កីឡាអន្តរជាតិ
អន្តរជាតិ
លោក Martinez បារម្ភពីការរត់ចូលទីលានរបស់អ្នកគាំទ្ររំខាន Ronaldo
23, Jun 2024 , 7:29 pm        
រូបភាព
ការប្រកួតរវាងព័រទុយហ្កាល់ បំបាក់តួកគី លទ្ធផល ៣-០ ក្នុងជំនួបពូល F អ្នកគាំទ្រទាំងក្មេងចាស់ នៅចុងម៉ោងជិតបញ្ចប់ការប្រកួត បានលួចរត់ចូលទីលានប្រកួត ដើម្បីសុំតារាបាល់ទាត់វ័យចំណាស់ Cristiano Ronaldo ថតរូប (Selfie)ជាមួយ។ ការលុកលុយក្នុងទីលានប្រកួតរបស់អ្នកគាំទ្រ បានបង្កឱ្យលោក Roberto Martinez  កើតក្តីបារម្ភចំពោះការលេងរបស់ Ronaldo នៅការប្រកួតបន្ទាប់។

យ៉ាងហោចអ្នកគាំទ្រ ៥នាក់ បានរត់ចូលទីលានប្រកួត ដើម្បីសុំ Ronaldo ថតរូបជាមួយ អំឡុងការប្រកួតព័រទុយហ្កាល់ ឈ្នះតួកគី លទ្ធផល ៣-០ ក្នុងទីក្រុង Dortmund។ ក្រុមការពារសន្តិសុខ បានព្យាយាមការពារ នឹងចាប់បានក្រុមអ្នកគាំទ្រជាច្រើន មានបំណងចង់រត់ចូលទីលាន ។
 
លោក Martinez បានបង្ហាញក្តីបារម្ភ ក្រោយចប់ការប្រកួត ចំពោះការរត់ចូលលុកលុយទីលានពីអ្នកគាំទ្រ ហើយរំខានដល់ការប្រកួត ថែមទាំងរំខានដល់ Ronaldo ថែមទៀត។
 
«វាគឺជាក្តីបារម្ភមួយ ថ្ងៃនេះបំណងរបស់អ្នកគាំទ្រគឺល្អ យើងគ្រប់គ្នាតែស្រលាញ់ទៅកាន់អ្នកគាំទ្រ ដែលពួកគេបានយកតារាល្បីៗឈ្មោះធំៗ និងការយកធ្វើជានិមិត្តរូប។ ប៉ុន្តែអ្នកត្រូវដឹងថា វានឹងក្លាយជាការលំបាក ប្រសិនបើបំណងរបស់អ្នកគាំទ្រមិនល្អ យើងត្រូវការប្រុងប្រយ័ត្នបញ្ហានេះ វាមិនគួរនឹងកើតមានឡើយ ព្រោះទីនោះមានក្រុមការពារសន្តិសុខច្រើនណាស់។»។ លោក Martinez បាននិយាយបែបនេះ ក្នុងសន្និសីទកាសែតក្រោយចប់ការប្រកួត។
  


អំឡុងការប្រកួត ដល់នាទីជិតចប់ទៅហើយ ក្មេងប្រុសជាអ្នកគាំទ្រ​ម្នាក់បានរត់សំដៅទៅកាន់ Ronaldo ហើយភ្លាមៗ តារាបាល់ទាត់វ័យ ៣៩ឆ្នាំ ផ្តល់ពេលវេលាដ៏ខ្លីមួយ ដោយឧបអ្នកគាំទ្រវ័យក្មេង នឹងថតរូបជាមួយ។ តែយ៉ាងណា បុរសទី៣ ដែលបានរត់សំដៅមកកាន់ Ronaldo ដើម្បីថតរូប ត្រូវបានតារាបាល់ទាត់វ័យចាស់បដិសេធ នឹងច្រានគេចេញ ខណៈដែលក្រុមកំពុងត្រៀមការពារការទាត់បាល់ជ្រុងពីសំណាក់ក្រុមតួកគី។
 
ក្រោយបញ្ចប់ការប្រកួត Ronaldo ក៏បានបដិសេធថតរូបជាមួយនឹងអ្នកគាំទ្រទី៥ ដែលព្យាយាមរត់ចូលសំដៅមករូបគេ ហើយក្រុមសន្តិសុខបានចាប់អ្នកគាំទ្ររូបនោះចេញ ហើយការពារតារាបាល់ទាត់វ័យ ៣៩ឆ្នាំ វិលចូលបន្ទប់ផ្លាស់សម្លៀកបំពាក់វិញ។
 
ការលុកលុយទីលានពីសំណាក់អ្នកគាំទ្រទៀតសោត ក្រុមកីឡាករជម្រើសជាតិព័រទុយហ្កាល់ មានដូចជា Bernardo Silva បាននិយាយថាមិនមែនជាក្តីបារម្ភប៉ុន្មានឡើយ ប៉ុន្តែជាជារឿងរំខានខ្លាំងបំផុត ហើយក៏អាចបង្កគ្រោះថ្នាក់៕
 

Tag:
 Cristiano Ronaldo
  Roberto Martinez
© រក្សាសិទ្ធិដោយ thmeythmey.com