កីឡាអន្តរជាតិ
អន្តរជាតិ
Euro 2024៖ អាល្លឺម៉ង់ ចាប់ដៃស្វ៊ីស ឡើងវគ្គ១៦ក្រុម ឯហុងគ្រី រង់ចាំអ៊ុតលេខ៣ល្អ
24, Jun 2024 , 9:56 am        
រូបភាព
ម្ចាស់ផ្ទះអាល្លឺម៉ង់ និងស្វ៊ីស បានកៅអីទៅវគ្គ១៦ក្រុមចុងក្រោយ UEFA Euro 2024 ក្រោយក្រុមទាំងពីរបញ្ចប់ក្នុងលទ្ធផលស្មើ ១-១ នៅជំនួបចុងក្រោយពូល A។ អាល្លឺម៉ង់ និងស្វ៊ីស បញ្ចប់ក្នុងចំណាត់ថ្នាក់លេខ១ និលេខ៣​ ស្របពេលហុងគ្រីទទួលបាន៣ពិន្ទុពីជ័យជម្នះលើស្កុតឡែន ដើម្បីរង់ចាប់អ៊ុតលេខ៣ល្អជាមួយក្រុមពូលផ្សេង។



ជារឿងគួរភ្ញាក់ផ្អើលចំពោះស្វ៊ីស ដែលធ្វើបានល្អក្នុងជំនួបទល់អាល្លឺម៉ង់ នៅរាត្រីថ្ងៃទី២៣ ខែមិថុនា។ Dan Ndoye ជាអ្នករកគ្រាប់បាល់នាំមុខឱ្យស្វ៊ីស នៅនាទី២៨ នៃវគ្គទី១ មុនពេល Niclas Füllkrug រកគ្រាប់តាមស្មើឱ្យម្ចាស់ផ្ទះវិញនៅនាទី៩០+២។
 
តាមរយៈលទ្ធផលស្មើនេះ បានជួយឥន្ទ្រីដែកបញ្ចប់ក្នុងចំណាត់ថ្នាក់កំពូលតារាងពូល A មាន៧ពិន្ទុ ស្របពេលស៊្វីសនៅលេខ២ មាន៥ពិន្ទុ និងឈានទៅវគ្គ១៦ក្រុមចុងក្រោយ។ 
 
ដោយឡែកមួយគូទៀតក្នុងពូល A នេះដែរ ហុងគ្រី បានយកឈ្នះស្កុតឡែនទាំងត្រដាបត្រដួសក្នុងលទ្ធផល ១-០ ដែលសម្រេចទីបានដោយ Kevin Csoboth នៅនាទី ៩០+១១។ ជ័យជម្នះមួយលើកចុងក្រោយ ជួយហុងគ្រីសល់ឱកាសប្រជែងចំណាត់ថ្នាក់លេខ៣ល្អចំណោម៤ក្រុម ដើម្បីទៅកាន់វគ្គខ្វែង។ ស្កុតឡែន បញ្ចប់ក្នុងចំណាត់ថ្នាក់បាតារាងដោយរកបាន១ពិន្ទុ។
 
បញ្ចប់ក្នុងចំណាត់ថ្នាក់លេខ១ក្នុងពូល A ក្រុមម្ចាស់ផ្ទះអាល្លឺម៉ង់ អាចប្រឈមជួបអង់គ្លេសនៅវគ្គ១៦ក្រុម។ នៅវគ្គ១៦ក្រុមចុងក្រោយ ក្រុមរបស់លោក Julian Nagelsmann ត្រូវជួបក្រុមលេខ២ពូល C ដែលអាចជាអង់គ្លេស ដាណឺម៉ាក ស្លូវេនី ឬស៊ែប៊ី។ លទ្ធផលពិន្ទុបណ្តោះអាសន្នក្នុងពូល C ក្រោយប្រកួតពីរលើក អង់គ្លេសមាន៤ពិន្ទុ ដាណឺម៉ាកមាន២ពិន្ទុ ស្មើស្លូវេនី និងស៊ែប៊ី នៅបាតតារាងមាន១ពិន្ទុ៕
 

Tag:
 Euro 2024
© រក្សាសិទ្ធិដោយ thmeythmey.com