អន្តរជាតិ
ហេតុអ្វីឥស្លាមមានពីរនិកាយ?
24, Jun 2024 , 12:09 pm        
រូបភាព
រូបភាព AFP
រូបភាព AFP
ដោយ៖ គី ស៊ីណា (Ky Syna) 
 
ការបែកបាក់រវាងនិកាយស៊ូនី និងស៊ីអ៊ីត នៃឥស្លាមសាសនា កើតមានជាច្រើនឆ្នាំមកហើយ។ ការចាប់ផ្តើមនៃចំណុចខុសគ្នារវាងមូស្លីមទាំងពីរនិកាយ កើតមានតាំងពី ១៤០០ឆ្នាំមុន មកម្លេះ ពោលគឺកើតមាននៅពេលព្យាការី Muhammad បានទទួលមរណភាព។ សាសនិកមូស្លីមកាន់និកាយ ស៊ូនី មានច្រើននៅអារ៉ាប៊ីសាអូឌីត ខណៈប្រជាជនអ៊ីរ៉ង់ មានអ្នកកាន់និកាយស៊ីអ៊ីត របស់ឥស្លាម។ សម្រាប់ផ្នែកនយោបាយ ប្រទេសទាំងពីរ ដែលស្ថិតនៅក្នុងតំបន់មជ្ឈិមបូព៌ា គឺមិនត្រូវគ្នាឡើយ។

 
ហេតុអ្វីបានជានិកាយស៊ូនី និងស៊ីអ៊ីត នៃឥស្លាមសាសនាបាក់បែកគ្នា? 
 
ការចាប់ផ្តើមភាពបាក់បែករវាងនិកាយទាំងពីរមានតាំងពីឆ្នាំ ៦៣២មកម្លេះ នៅពេលព្យាការីនៃសាសនាឥស្លាម Muhammad បានទទួលមរណភាព។ ដោយសារតែព្រឹត្តិការណ៍នេះ អ្នកកាន់សាសនាឥស្លាម មានការខ្វែងគំនិតគ្នា ជុំវិញអ្នកបន្តវេនរបស់ព្យាការី។ 
 
មនុស្សមួយក្រុមនៃសាសនាឥស្លាម បានជឿជាក់ថា អ្នកបន្តតំណែងរបស់លោកព្យាការី Muhammad គួរតែជាអ្នកដែលមានសាច់សារលោហិតរបស់អ្នកនាំសារព្រះរូបនេះ ដោយក្រោយមក បានបង្កើតជានិកាយស៊ីអ៊ីត។ ចំណែកអ្នកស្នងតំណែងនៃនិកាយស៊ីអ៊ីតបន្ទាប់គឺលោក Ali ibn Abi Talib ដែលជាបងប្អូន និងជាកូនប្រសាររបស់លោក Muhammad។
 
ចំណែកមួយក្រុមទៀត បានយល់ថា អ្នកដែលគោរពយ៉ាងត្រឹមត្រូវ និងអាចកាន់ទំនៀមទំលាប់របស់ព្យាការីបាន អាចធ្វើជាអ្នកបន្តវេនបាន។ សាសនិកឥស្លាមមួយក្រុមនេះ ក៏បានវិវដ្តជា ក្រុមប្រកាន់និកាយស៊ូនី។ លោក  Abu Bakr ត្រូវបានគាំទ្រជាព្យាការីបន្ត។ 
 
តាមការយល់ឃើញរបស់លោក Robin Wright មកពីវិទ្យាស្ថានស្រាវជ្រាវអាមេរិកនៃសន្តិភាព និងមណ្ឌលរបស់លោក Woodrow Wilson ដើមហេតុនៃការបាក់បែករវាងនិកាយទាំងពីរ មិនមែនត្រឹមតែសាសនានោះទេ តែមកពីមេដឹកនាំនយោបាយ។ 
 
តើនិកាយនៃសាសនាទាំងពីរមានអ្វីដូចគ្នា?
 
សាសនិកនៃនិកាយទាំងពីរអានគម្ពីរ Quran ដែលចែងពីក្បួន ជំនឿ និងការគោរពនៅក្នុងសាសនាឥស្លាម។ ជនមូស្លីមទាំងពីរនិកាយ មានជំនឿថា​​ លោកព្យាការី (Prophet) ជាអ្នកនាំសាររបស់ព្រះជាម្ចាស់។ 
 
និកាយទាំងពីរ គោរពលើគោលការណ៍ចំនួន ៥ដូចជា បង្អត់អាហារអំឡុងខែរ៉ម៉ាឌន, សន្យាធ្វើធម្មយាត្រាទៅកាន់ក្រុង​ Mecca, អនុវត្តការគោរពព្រះចំនួន ៥ដងក្នុងមួយថ្ងៃ, ការធ្វើទានដល់អ្នកក្រ និស្មោះត្រង់ចំពោះសាសនា។ ពិធីបុណ្យសាសនារបស់មូស្លីមនិកាយទាំងពីរមានភាពស្រដៀងគ្នា។
 
ភាពខុសគ្នាបន្តិចបន្តួចមានដូចជា​ ពេលគោរពរបស់និកាយ ស៊ីអ៊ីត គឺឈរគោរពដោយដៃទាំងពីរដាក់នៅសងខាងខ្លួន​។ ចំណែកនិកាយ ស៊ូនី ឈរគោរពដោយដាក់ដៃទាំងពីររបស់ខ្លួននៅលើពោះ។ ក្រុមមូស្លីមទាំងពីរក៏បានជឿលើច្បាប់ឥស្លីម ប៉ុន្តែវិធានការនៃការអនុវត្តមានភាពមិនដូចគ្នាទេ។
តើភាពខុសគ្នារវាងនិកាយស៊ូនី និងនិកាយស៊ីអ៊ីត មានអ្វីខ្លះ?
 
និកាយទាំងពីរមានមនោគមពីរខុសគ្នាទាក់ទងទៅនឹងបុគ្គលដែលគួរបន្តតំណែងពីព្យាការីនៃសាសនាឥស្លាម។ និកាយមូស្លីម ស៊ូនី មានឋានានុក្រមសាសនាតិចជាងនិកាយ ស៊ីអ៊ីត ហើយនិកាយឥស្លាមទាំងពីរ មានការបកប្រែគម្ពីរឥស្លាមផ្សេងគ្នា។ ក្រុមមូស្លីមនិកាយ ស៊ីអ៊ីត ផ្ដល់យសសក្តិខ្ពស់ដល់បុគ្គលដែលមានអំណាចដូចជា ព្យាការីនៅក្នុងគម្ពីរ Quran ចំណែកឥស្លាមនិកាយ ស៊ូនី មិនប្រកាន់យកបែបនេះឡើយ។
 
តើអ្នកគោរពនិកាយទាំងពីរមានចំនួនប៉ុន្មាននាក់? 
អ្នកគោរពនិកាយ ស៊ូនី មានចាប់ពី ៨៥ទៅ៩០ភាគរយ នៃចំនួនឥស្លាមសាសនិកប្រមាណ ១,៦ពាន់លាននាក់ នៅជុំវិញពិភពលោក។ ដោយឡែកនិកាយ ស៊ីអ៊ីត វិញ មានត្រឹមប្រមាណ ១០ ទៅ១៥ភាគរយប៉ុណ្ណោះ ដោយមានតិចជាង ២០០លាននាក់។ 
 
និកាយ ស៊ូនី មាននៅអាហ្វ្រិកខាងកើត រហូតដល់ឥណ្ឌូណេស៊ី ខណៈនិកាយ ស៊ីអ៊ីត មាននៅ អ៊ីរ៉ង់, អ៊ីរ៉ាក់ និងមួយផ្នែកនៅស៊ីរី, លីបង់ និងយេម៉ែនជាដើម៕ 

Tag:
 ឥស្លាម
  មជ្ឈិមប៉ូព៌ា
© រក្សាសិទ្ធិដោយ thmeythmey.com