កីឡាអន្តរជាតិ
អន្តរជាតិ
Copa America៖ អ៊ុយរូហ្គាយ បំបាក់ប៉ាណាម៉ា ខណៈម្ចាស់ផ្ទះអាម៉េរិក បាន៣ពិន្ទុពីបូលីវី
24, Jun 2024 , 3:41 pm        
រូបភាព
កីឡាករ Maximillian Araujo, Darwin Nunez និង Matias Vina រកបានម្នាក់ ១គ្រាប់ ជួយក្រុមបាល់ទាត់ជម្រើសជាតិអ៊ុយរូហ្គាយ យកឈ្នះប៉ាណាម៉ា ៣-១ ក្នុងការប្រកួតជំនួបបើកឆាកពូល C ក្នុងព្រឹត្តិការណ៍ Copa America។ ចំណែកក្រុមម្ចាស់ផ្ទះអាម៉េរិក ក៏បានឈ្នះលើក្រុមបូលីវី លទ្ធផល ២-០ ស្ថិតក្នុងពូល C ជាមួយគ្នានេះដែរ។



ក្រុមអ៊ុយរូហ្គាយ ម្ចាស់កំណត់ត្រាពានរង្វាន់ Copa America ១៥សម័យ ធ្វើបានល្អខ្លាំងនៅការប្រកួតធ្វើឡើងក្នុងកីឡដ្ឋាន Hard Rock វគ្គទីមួយ ដោយកីឡាករ Araujo អាចស្វែងរកគ្រាប់បាល់នាំមុខជាមុន តាំងតែនាទី១៦។ ប៉ុន្តែការប្រកួតចូលវគ្គទី២ ជំនួបរបស់ក្រុមទាំងពីរ នៅដើមវគ្គហាក់បីជាស្បើយការស៊ុតបញ្ចូលទីគ្នា ប៉ុន្តែយ៉ាងណានៅចុងម៉ោងនាទី៨៥ Darwin Nunez ខ្សែប្រយុទ្ធ Liverpool បានស៊ុតបញ្ចូលទីបន្ថែមគ្រាប់ទី២ ដល់អ៊ុយរូហ្គាយ។
 
ឈានដល់នាទី៩០+ ទៅហើយ ក្រុមទាំងពីរហាក់មិនលាក់ជើងដូចកាលពីដើមវគ្គ ដោយបន្តសម្រុកគ្នាខ្លាំងទៅវិញទៅមក​ ហើយអ៊ុយរូហ្គាយក៏បន្ថែមបានគ្រាប់ទី៣ ដោយកីឡាករ Matias Vina នាទី៩០+១។ ១គ្រាប់របស់ប៉ាណាម៉ា ធ្វើបានដោយកីឡាករ Michael Murillo នៅនាទី ៩០+៤។
 
ចំណែកក្រុមអាមេរិកវិញ ខ្សែបម្រើប្រយុទ្ធ Christian Pulisic បានរួមចំណែកយ៉ាងខ្លាំងនៅក្នុងជ័យជម្នះមួយនេះ ដោយរូបគេ ជាអ្នកស៊ុតគ្រាប់បញ្ចូលទី ទី១ តាំងពីនាទី៣ នៃការប្រកួតទល់បូលីវី រហូតធ្វើឱ្យអាមេរិក បន្តរកបានគ្រាប់បាល់បន្ថែមយកឈ្នះការប្រកួត។ 
 
នៅចុងវគ្គទី១ ពោលនាទី៤៤ Christian Pulisic ដដែល បានបញ្ជូនបាល់ ១គ្រាប់ឱ្យមិត្តរួមក្រុម Folarin Balogun ស៊ុតបន្ថែមគ្រាប់ទីពីរ ហើយលទ្ធផលតាំងពីវគ្គទី១ នេះរក្សាដល់ចប់ការប្រកួត។
 
ក្រោយបញ្ចប់ការប្រកួតវគ្គចែកពូលជុំទី១ អ៊ុយរូហ្គាយ ជាក្រុមឈរកំពូលតារាងពូល C ប៉ុណ្ណោះអាសន្ន​ ខណៈអាមេរិក ស្ថិតនៅលេខ ២ ប៉ាណាម៉ា លេខ ៣ និងបូលីវីលេខ ៤។ ជំនួបបន្ទាប់សម្រាប់ពូល C របស់ពានរង្វាន់ Copa America នេះ ប៉ាណាម៉ា ដែលចាញ់នឹងបន្តទៅជួបម្ចាស់ផ្ទះអាម៉េរិក នៅថ្ងៃទី២៨ ខែមិថុនា ចំណែកអ៊ុយរូហ្គាយ បន្តទៅប៉ះក្រុមបូលីវី នៅថ្ងៃទី២៨ ដូចគ្នា៕

Tag:
 Copa America
  អ៊ុយរូហ្គាយ
© រក្សាសិទ្ធិដោយ thmeythmey.com