កីឡាជាតិ
ជាតិ
រដ្ឋាភិបាលកម្ពុជា នឹងដាក់ពហុកីឡដ្ឋានមរតកតេជោ ជាគោលដៅទេសចរណ៍
24, Jun 2024 , 6:59 pm        
រូបភាព
រដ្ឋាភិបាល ក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំង គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) នឹងដាក់ពហុកីឡដ្ឋានជាតិមរតកតេជោ ជាគោលដៅទេសចរណ៍មួយសម្រាប់ភ្ញៀវជាតិ និងអន្ដរជាតិ។ នេះជាការអះអាងរបស់លោក វ៉ាត់ ចំរើន នៅថ្ងៃទិវាអូឡាំពិក ដែលធ្វើឡើងនៅពហុកីឡដ្ឋានជាតិមរតកតេជោ ថ្ងៃទី២៣ ខែមិថុនា។



ពហុកីឡដ្ឋានជាតិមរតកតេជោ បានដើរតួនាទីសំខាន់ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ នៅកម្ពុជា។ ទីតាំងនេះ គឺហេដ្ឋារចនាសម្ព័ន្ធកីឡា ដែលអាចរៀបចំបានច្រើនប្រភេទកីឡា និងជាកន្លែង ដែលម្ចាស់ផ្ទះ បានរៀបចំពិធីបើក និងបិទ ហើយអាចផ្ទុកអ្នកទស្សនា ច្រើនជាង៥ម៉ឺននាក់។
 
នាថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៤ ក្នុងទិវាអូឡាំពិក លោក វ៉ាត់ ចំរើន បាននិយាយថា រាជរដ្ឋាភិបាល ក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងគណៈកម្មាធិការជាតិអូឡាំពិក នឹងជំរុញឲ្យហេដ្ឋារចនាសម្ព័ន្ធកីឡាដ៏ល្អនេះ ទៅជាគោលដៅទេសចរណ៍សម្រាប់ភ្ញៀវជាតិ និងអន្ដរជាតិ។ អគ្គលេខាធិការរូបនេះ លើកឡើងដូច្នេះ ដោយសំអាងថាទីតាំងព័ន្ធជុំវិញពហុកីឡដ្ឋានជាតិនោះ មានទេសភាពស្អាត វិស័យឯកជន សណ្ឋាគារ សួនសត្វSafari កន្លែងលេងទឹកកម្សាន្ដ និងវិមានឈ្នះ ជាពិសេសសារមន្ទីរអូឡាំពិក។
  
លោក វ៉ាត់ ចំរើន ផ្ដល់បទសម្ភាសមកសារព័ត៌មាន រូបពី NOCC

«រាជរដ្ឋាភិបាល ក្រសួងអប់រំ  ក៏ដូចជាគណៈកម្មាធិការជាតិអូឡាំពិក  ដែលបង្កើតឲ្យចេញជាគ្រឹះស្ថានសាធារណៈមួយ ដែលគ្រប់គ្រង់កីឡដ្ឋាននេះ ដាក់គោលដៅពហុកីឡដ្ឋានជាតិមរតកតេជោនេះ ឲ្យទៅជាគោលដៅទេសចរណ៍មួយ។ ម្ដុំនេះ គឺជាគោលដៅទេសចរណ៍ ដ៏សំខាន់ហើយ ព្រោះយើងមានវិស័យឯកជន មានសួនសត្វ កន្លែងលេងទឹក ហើយមានវិមានឈ្នះៗ។ យើងដាក់កន្លែងនេះ ឲ្យក្រុមហ៊ុនទេសចរណ៍អាចទស្សនា ពហុកីឡដ្ឋានជាតិនេះ ហើយចូលទស្សនានៅសារមន្ទីររបស់យើង ដើម្បីជាការំលឹកនៅអ្វី ដែលយើង បានធ្វើកន្លងមកនេះ ហើយនិងការរីកចម្រើន នៃព្រះរាជាណាចក្រកម្ពុជា។»។ លោក វ៉ាត់ ចំរើន បាននិយាយដូច្នេះ។
 
អគ្គលេខាធិការ NOCC រូបនេះ បន្ថែមទៀតថា សារមន្ទីរអូឡាំពិក ដែលស្ថិតក្នុងពហុកីឡដ្ឋានដ៏ធំនេះ មានសារសំខាន់ខ្លាំងចំពោះសិស្សានុសិស្ស និងសម្រាប់ភ្ញៀវទេសចរ។ សិស្សានុសិស្ស និងអ្នកសិក្សាពីកីឡា អាចស្រាវជ្រាវ និងធ្វើនិក្ខេបបទនានា ពាក់ព័ន្ធជាមួយនិងវិស័យកីឡា។ ចំណែកអ្នកទេសចរ ក៏អាចមកទស្សនាពីវត្ថុអនុស្សាវរីយ៍ ឬរូបភាព ដែលជាភស្ដុតាង និងទឹកតាង នៃស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម។

រូបស្ដាតមរតកតេជោ
 
 «សារមន្ទីរអូឡាំពិក មានសារសំខាន់ក្នុងការបណ្ដុះបណ្ដាលសម្រាប់ការចងចាំ និងសម្រាប់អប់រំយុវជនជំនាន់ក្រោយៗទៀត ឲ្យយល់ថាអ្វីទៅជាចលនាអូឡាំពិក និងអ្វីទៅជាគុណតម្លៃអូឡាំពិក សម្រាប់ជីវិត។ នេះ ជាកន្លែងមួយផ្ទុកនៅការចងចាំ និងការស្រាវជ្រាវបន្ដទៀត អំពីអ្វីដែលជាខ្លឹមសារ និងអត្ថប្រយោជន៍កីឡា សម្រាប់សង្គមជាតិ។ សម្រាប់មនុស្សម្នាក់ៗ និងសម្រាប់ជីវិតម្នាក់ៗ។ ម្នាក់ៗត្រូវតែលេងកីឡា ដើម្បីឲ្យមានគុណភាពជីវិត ក្នុងការរស់នៅ ទៅបង្កើតសកម្មភាពអប់រំកាយ និងកីឡា។»។ លោក វ៉ាត់ ចំរើន បាននិយាយដូច្នេះ។
 
គួរបញ្ជាក់ផងដែរ ក្នុងទិវាអូឡាំពិកនោះ មានអ្នកចូលរួម ៣០០នាក់ ក្នុងអត្ដពលិកជាតិ ១០០នាក់ និងសិស្សានុសិស្ស ២០០នាក់។ ព្រឹត្តិការណ៍នេះ ត្រូវបានធ្វើនៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៤ នៅពហុកីឡដ្ឋានជាតិអូឡាំពិក៕

Tag:
 វ៉ាត់ ចំរើន
  ពហុកីឡដ្ឋានជាតិមរតកតេជោ
© រក្សាសិទ្ធិដោយ thmeythmey.com