កីឡាអន្តរជាតិ
អន្តរជាតិ
UEFA នឹងបង្កើនសន្តិសុខតឹងរឹង បន្ទាប់អ្នកគាំទ្ររត់ចូលទីលានសំដៅ Ronaldo
24, Jun 2024 , 7:39 pm        
រូបភាព
សហព័ន្ធបាល់ទាត់អឺរ៉ុប (UEFA) នឹងចាត់វិធានការតឹងរឹង ដើម្បីបង្កើនកងការពារសន្តិសុខនៅក្នុងការប្រកួតបន្ថែមទៀត បន្ទាប់ពីជួបបញ្ហាអ្នកគាំទ្ររត់ចូលលុកលុយទីលាន អំឡុងការប្រកួតរវាងព័រទុយហ្កាល់យកឈ្នះលើតួកគី ក្នុងនោះអ្នកគាំទ្រ ៦នាក់ បានរត់សំដៅតារាបាល់ទាត់វ័យចាស់ Cristiano Ronaldoដើម្បីថតរូប។



យ៉ាងហោចមានអ្នកគាំទ្រទាំងចាស់ ក្មេង ចំនួន ៦នាក់ បានរត់ចូលលុកលុយទីលាន អំឡុងការប្រកួតរវាងក្រុមព័រទុយហ្កាល់បំបាក់តួកគី លទ្ធផល ៣-០ កាលពីថ្ងៃទី២២ ខែមិថុនា។ Ronaldo បានចាកចេញពីទីលានដោយភាពមិនរីករាយ ព្រោះតែមានអ្នកគាំទ្រតែងរត់ចូលមកសុំថតរូប បង្កការរំខានដល់រូបគេអំឡុងពេលប្រកួត។ 
 
ជំនួបរវាងព័រទុយហ្កាល់ ឈ្នះតួកគី នៅចុងការប្រកួតហៀបបញ្ចប់ តែងមានការរំខានដោយអ្នកគាំទ្រ បន្ទាប់ពីមានអ្នកគាំទ្រវ័យក្មេងម្នាក់បានទៅសុំ Ronaldo ថតរូបជាមួយ ហើយពេលនោះកីឡាករវ័យ ៣៩ឆ្នាំ បានផ្តល់ឱកាសដល់អ្នកគាំទ្រវ័យក្មេងនោះ។ បន្ទាប់មកអ្នកគាំទ្រផ្សេងទៀតសុរប ៥នាក់ បានរត់ចូលទីលានបន្តបន្ទាប់គ្នាបែបនេះដល់ចប់ការប្រកួត។ 
 
ដោយមើលឃើញពីការរំខាន ក៏ដូចជាក្តីបារម្ភជាចម្បងទៅលើកីឡាករ និងការប្រកួត ស្ថាប័ន UEFA បានប្រកាសថាខ្លួននឹងបង្កើនកងសន្តិសុខការពារបន្ថែមទៀត នៅគ្រប់កីឡដ្ឋានប្រកួតទាំងអស់។
  


បើតាមសម្តីអ្នកនាំពាក្យរបស់ UEFA៖«ដើម្បីសុវត្ថិភាព និងសន្តិសុខក្នុងកីឡដ្ឋាន នៅលើទីលាន និងទៅដល់ក្រុមនីមួយៗ រួមទាំងគ្រឿងបរិក្ខារបស់ក្រុម គឺជាអាទិភាពចុងក្រោយសម្រាប់ UEFA, សហព័ន្ធបាល់ទាត់អាល្លឺម៉ង់ DFB និងនៅ Euro 2024។ ដើម្បីបញ្ចប់បញ្ហានេះ ការបង្កើនចំនួនអ្នកការពារសន្តិសុខ នឹងត្រូវធ្វើឡើងនៅរាល់ការប្រកួតតាមកីឡដ្ឋាននានា ដែលទាមទារចាំបាច់ក្នុងការប្រកួត ហើយដើម្បីបញ្ជៀសហេតុការណ៍ផ្សេងៗ។[…]»។
 
អ្នកគាំទ្រមិនតម្រូវឱ្យចូលចិត្តកីឡាករប្រកួតបានឡើយ នៅគ្រប់ទីកន្លែងនៅលើទីលានប្រកួត អំឡុងការប្រកួតកំពុងតែចាប់លេង ប៉ុន្តែបញ្ហាអ្នកគាំទ្រលុកលុយទីលាន នៅតែជាបញ្ហាមិនចេះចប់ក្នុងវិស័យបាល់ទាត់ជាយូឆ្នាំមកហើយ។
 
ពិតណាស់ ខ្សែប្រយុទ្ធក្រុម Al Nassr នៅមិនទាន់បញ្ចប់ភារកិច្ចនៅក្នុងការប្រកួតពានរង្វាន់ Euro 2024 នៅឡើយ ខណៈរូបគេត្រូវផ្តោតជួយក្រុមដើម្បីឱ្យទទួលបានលទ្ធផលល្អក្នុងការប្រកួត ខណៈពេលវេលារបស់គេក្នុងការប្រកួតអន្តរជាតិ កាន់តែខ្លីទៅ។ Ronaldo បានបង្ហាញភាពរីករាយចំពោះពេលវេលានៅសល់របស់គេលេងឱ្យជម្រើសជាតិព័រទុយហ្កាល់ ជាក់ស្តែងនៅក្នុងការប្រកួតឈ្នះតួកគីកីឡាករវ័យ ៣៩ឆ្នាំ មានឱកាសស៊ុតបាល់បញ្ចូលទី តែរូបគេបែរជាបញ្ជូនបាល់នោះទៅមិត្តរួមក្រុម Bruno Fernandes ស៊ុតបញ្ចូលទី។
 
លេងពេញ ៩០នាទី ចំនួន ២ប្រកួត វគ្គចែកពូលក្នុងពានរង្វាន់ Euro 2024 តារាបាល់ទាត់ព័រទុយហ្កាល់ ចង់មានអារម្មណ៍ល្អជាមួយនឹងក្រុម ក៏ដូចជាការបង្ហាញអារម្មណ៍ល្អក្នុងការប្រកួត ប៉ុន្តែការបញ្ចប់ការប្រកួតទល់តួកគី ហាក់បីជាការរំខានអារម្មណ៍មួយសម្រាប់ កីឡាករម្ចាស់ពាន Ballon d’Or ៥សម័យ៕

Tag:
 UEFA
  Euro 2024
  Cristiano Ronaldo
© រក្សាសិទ្ធិដោយ thmeythmey.com