RFI
អន្តរជាតិ
ឥណ្ឌូណេស៊ី​ ​​កំពូល​សេដ្ឋកិច្ច​អាស៊ាន បន្ត​មាន​វឌ្ឍនភាព​សេដ្ឋកិច្ច​ ជាង​៥% ​​ឆ្នាំនេះនិង​ឆ្នាំថ្មី
25, Jun 2024 , 7:59 am        
រូបភាព
អនាគតប្រធានាធិបតីឥណ្ឌូណេស៊ី លោក ប្រាបូវូ ស៊ូប៊ីយ៉ានតូ ជន្មាយុ ៧២ ឆ្នាំ ​នឹងមកជំនួស លោក ចូកូ វីដូដូ នៅខែតុលាខាងមុខ។ REUTERS - Edgar Su
អនាគតប្រធានាធិបតីឥណ្ឌូណេស៊ី លោក ប្រាបូវូ ស៊ូប៊ីយ៉ានតូ ជន្មាយុ ៧២ ឆ្នាំ ​នឹងមកជំនួស លោក ចូកូ វីដូដូ នៅខែតុលាខាងមុខ។ REUTERS - Edgar Su
ដោយ៖ហេង ឧត្តម/RFI ខេមរភាសា

ធនាគារ​ពិភពលោក បញ្ជាក់​ថា ឥណ្ឌូណេស៊ី​មាន​សេដ្ឋកិច្ចរឹងមាំល្អ​ ហើយ​និង​បន្ត​មាន​ស្ថិរភាព​វឌ្ឍនភាព​ ថែមទៀត​។ វឌ្ឍនភាព​សេដ្ឋកិច្ចរបស់​​កំពូល​មហា​អំណាច​​សេដ្ឋកិច្ច​ ទី១ ប្រចាំតំបន់​អាស៊ាន​នេះ ក៏ដោយសារ​តែការទំហំប្រើប្រាស់​ក្នុង​ស្រុកច្រើន​​ខ្លាំង ការ​​ចំណាយ​សាធារណៈកើន​​ខ្ពស់​ និង​វិនិយោគ​ទុន​បរទេស ក៏​បាន​កើនឡើងច្រើនជាលំដាប់ នៅឥណ្ឌូណេស៊ី​។ ទោះបី​ជាយ៉ាងនេះក្តី ធនាគារ​ពិភពលោក ក៏បាន​ព្រមាន​បន្តិចដែរ អំពី​ហានិយភ័យ ជុំវិញ​អត្រា​ការប្រាក់​ខ្ពស់ និង​វិបត្តិ​ជម្លោះ​ក្នុង​តំបន់ ដែលអាច​ប៉ះពាល់​ដល់​វឌ្ឍនភាព​សេដ្ឋកិច្ច​ ជាយថាហេតុ​។​ ​​ ​



សុខភាព​សេដ្ឋកិច្ច​របស់​ឥណ្ឌូណេស៊ី មាន​វឌ្ឍនភាព​​ល្អ ល្អ​ជាង​ការ​រំពឹង​​របស់​ធនាគារ​ពិភពលោក​ កាលពី​លើកមុខ​ទៅទៀត។ លើកមុន កំណើនសេដ្ឋកិច្ចរបស់ឥណ្ឌូណេស៊ី ​ត្រូវ​គេ​ព្យាករថា​កើនត្រឹមតែ​​ ៤,៩% ក្នុង​ឆ្នាំនេះ ក៏ប៉ុន្តែ​ នៅគ្រា​​នេះ ធនាគារ​ពិភពលោក​ បាន​វាយ​តម្លៃជាថ្មីថា មាន​វឌ្ឍនភាពកើនឡើង​​ដល់​ជាង​៥%ឯណោះ។
 
ជាក់ស្តែង ឥណ្ឌូណេស៊ី បាន​ងើប​ស្ទុះ រើ​​បម្រះខ្លួន​ពីភាព​រងគ្រោះព្រោះ​ជំងឺកូវីដ ហើយ​សុខភាព​ប្រទេស​១​នេះ​ក៏​បាន​ប្រសើរឡើងវិញ ដូច​នៅកាលពី​មុខ​សម័យ​កាល​កូវីដ១៩ ​ទៀត​ផង។ ក្នុង​សន្និសីទ​សារព័ត៌មាន​ នៅថ្ងៃច័ន្ទ ទី​២៤មិថុនា លោក Wael Mansour អ្នក​ជំនាញ​ជាន់​ខ្ពស់ ផ្នែក​សេដ្ឋកិច្ច​របស់​ធនាគារ​ពិភពលោក​​ប្រចាំ​ប្រទេស​ឥណ្ឌូណេស៊ី​ បាន​ពន្យល់​បញ្ជាក់ថា កំណើន​លូត​លាស់​ខ្លាំង​នៃ​សេដ្ឋកិច្ច​ឥណ្ឌូណេស៊ី ដោយ​ផ្អែក​ទៅលើ​​ទំហំប្រើប្រាស់​ក្នុង​ស្រុកច្រើន​​ខ្លាំង ការ​​ចំណាយ​សេវា​សាធារណៈជាទូទៅ​កើន​​ខ្ពស់ ព្រមទាំងការ​​វិនិយោគ​ទុនពី​​បរទេស ក៏​បាន​កើនឡើងច្រើនខ្លាំង​ជាលំដាប់​។ ហើយ​ប្រព័ន្ធ​ច្បាប់​ហិរញ្ញវត្ថុ​ឥណ្ឌូណេស៊ី ក៏នៅតែបន្ត​នយោបាយលើកទឹកចិត្ត​និង​​ទាក់ទាញបរទេស​ឲ្យ​មក​វិនិយោគទុន​ថែមទៀត​​។ ក្រុមហ៊ុន​បរទេសគ្រាក់ៗ​ បាន​ទៅ​​បោះទីតាំង​រឹងរឹតតែច្រើន​នាពេល​ថ្មីៗ​។​ ម្យ៉ាងទៀត​ ​ ការ​ចំណាយ​លើការ​បោះឆ្នោត​ប្រធានាធិបតី​កាល​ពី​ខែកុម្ភៈ​ ​ក៏បាន​ជះឥទ្ធិពល​វិជ្ជមាន និងដែល​​តម្រូវ​​ឲ្យ​​កែសម្រួល​ការ​វាយ​តម្លៃ​ជាថ្មី។ ពោល​គឺ​​របាយការណ៍​ថ្មី ស្តីពី​ទស្សនវិស័យ​សេដ្ឋកិច្ច ​​របស់​ធនាគារ​ពិភពលោក  ​បង្ហាញថា ផលិត​ផល​ចំណូល​ក្នុង​ស្រុក​សរុប របស់​ឥណ្ឌូណេស៊ី មាន​កំណើនវឌ្ឍនភាព​​ល្អ កើនឡើង​ ៥% ក្នុង​ឆ្នាំនេះ ហើយ​និង​បន្តកើនឡើង​ថែមទៀត ជាង​៥% នៅ​ឆ្នាំ​ថ្មីខាងមុខ ឆ្នាំ២០២៥-២០២៦ ។
 
ចំពោះការ​​ចំណាយ​សាធារណៈ​រដ្ឋ ថ្នាក់ដឹកនាំ​ឥណ្ឌូណេស៊ី​នៅបន្ត​អាទិភាព។ អនាគត​ប្រធានា​ធិបតី​ឥណ្ឌូ​ណេស៊ី លោក ប្រាបូវូ ស៊ូប៊ីយ៉ានតូ ជន្មាយុ ​៧២ ​ឆ្នាំ  ដែល​នឹង​មក​ជំនួស​​ លោក ចូកូ វីដូដូ នៅ​ខែ​តុលាខាងមុខ នឹង​​បន្ត​ការ​ចាយវាយ​ច្រើន​ទៀត​លើវិស័យ​អប់រំ។​ ក្នុង​យុទ្ធនាការ​បោះឆ្នោត ​​​លោក ប្រាបូវូ ស៊ូប៊ីយ៉ានតូ បាន​សន្យា​ថា ផ្តល់​អាហារ​​១ពេល និង​ទឹកដោះគោ១កែវ​ ជា​ប្រចាំថ្ងៃ​ ដោយ​ឥត​គិតថ្លៃ ចំពោះ​កូន​សិស្សចាប់​​ពី​ថ្នាក់​មត្តេយ្យ​សិក្សា រហូត​ដល់​វិទ្យាល័យ ហើយ​និង​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ​។ កូន​សិស្ស ចំនួន ប្រមាណ ៩២,៣ លាន​​នាក់ នឹង​ទទួល​បាន​អត្ថប្រយោជន៍​នេះ ហើយ​ដែល​អាច​ត្រូវ​ចំណាយ​ថវិការដ្ឋ​ ប្រមាណ ២៦,៥ ពាន់​លាន​អឺរ៉ូ​។ នេះបើតាម​​កាសែត Le Courrier International ​ចុះផ្សាយថ្ងៃទី​១៤ ឧសភា កន្លងទៅ​។​
 
ទោះ​ជា​យ៉ាងណាក៏ដោយចុះ អ្នក​ជំនាញ​ជាន់​ខ្ពស់ ផ្នែក​សេដ្ឋកិច្ច​របស់​ធនាគារ​ពិភពលោក ដដែល ក៏បានក្រើនរំឭកដែរ អំពីគ្រោះថ្នាក់​​ហានិយភ័យ​ប្រឈ​ម​មួយចំនួន ដែល​អាច​ធ្វើឲ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ចឥណ្ឌូណេស៊ី។ នោះគឺ​បញ្ហា​អត្រា​ការប្រាក់​ខ្ពស់ ហើយ​និង​ជម្លោះ​វិបត្តិ​នៅក្នុង​តំបន់​ ដែលអាច​​ជះចំហាយ​ឥទ្ធិពល​ជាយថាហេតុ​​៕​
 

© រក្សាសិទ្ធិដោយ thmeythmey.com