អន្តរជាតិ
ម៉ាឡេស៊ីចាប់ខ្លួនមនុស្ស៨នាក់ សង្ស័យរៀបគម្រោងវាយប្រហារព្រះមហាក្សត្រ
25, Jun 2024 , 11:41 am        
រូបភាព
ព្រះមហាក្សត្រម៉ាឡេស៊ី Sultan Ibrahim Iskandar ។ រូបភាព ៖ AFP
ព្រះមហាក្សត្រម៉ាឡេស៊ី Sultan Ibrahim Iskandar ។ រូបភាព ៖ AFP
ប៉ូលិសម៉ាឡេស៊ីបានចាប់ខ្លួនមនុស្ស ៨នាក់ សង្ស័យថាមានទំនាក់ទំនងជាមួយក្រុមរដ្ឋឥស្លាមទាក់ទងការរៀបគម្រោងវាយប្រហារព្រះមហាក្សត្រ និងនាយករដ្ឋមន្ត្រី។

 
រដ្ឋមន្ត្រីមហាផ្ទៃម៉ាឡេស៊ី Saifuddin Nasution Ismail បាននិយាយនៅថ្ងៃទី២៤ ខែមិថុនាថា បុរស ៦នាក់ និងស្ត្រី២ នាក់ត្រូវបានចាប់ខ្លួននៅក្នុងតំបន់ផ្សេងៗគ្នាក្នុងប្រទេសនេះកាលពីសប្តាហ៍មុន ដោយសង្ស័យមាននទំនាក់ទំនងជាមួយអង្គការរដ្ឋឥស្លាម។
 
បើតាមលោក Saifuddin ការស៊ើបអង្កេតបឋមរបស់ប៉ូលិសបានបង្ហាញថា ជនសង្ស័យទាំងនេះកំពុងរៀបចំគម្រោងប្រឆាំងនឹងព្រះមហាក្សត្រ នាយករដ្ឋមន្ត្រី មន្ត្រីជាន់ខ្ពស់ជាមួយថ្នាក់ដឹកនាំរបស់កងកម្លាំងប៉ូលិសម៉ាឡេស៊ីមួយចំនួន។ លោកបន្ថែមថា ប៉ូលិសត្រូវតែចាត់វិធានការដើម្បីពង្រឹងសន្តិសុខប្រទេស។
 
បើតាមរដ្ឋមន្ត្រីមហាផ្ទៃម៉ាឡេស៊ី អាជ្ញាធរកំពុងស៊ើបអង្កេតដើម្បីកំណត់ពីទំនាក់ទំនងរវាងជនសង្ស័យដែលសុទ្ធតែមានមនោគមវិជ្ជាដូចគ្នា។ ជន​សង្ស័យ​ទាំង​នេះ​ មាន​អាយុ​ចាប់​ពី​២៥​ដល់​៧០​ឆ្នាំ ហើយ​មក​ពី​មជ្ឈដ្ឋាន​ផ្សេង​គ្នា​ពី​អ្នក​អត់​ការងារ​ធ្វើ​រហូត​ដល់​មាន​ការ​អប់រំ​ខ្ពស់។
 
លោក​បញ្ជាក់​ថា រដ្ឋាភិបាល​ម៉ាឡេស៊ី​នឹង​មិន​សម្របសម្រួល​ជាមួយ​បក្សពួក​ណា​ដែល​ចូលរួម ឬ​គាំទ្រ​ក្រុម​ដែលមាន​មនោគមវិជ្ជា​ជ្រុលនិយម​ឡើយ។ រដ្ឋមន្ត្រី Saifuddin សង្កត់ធ្ងន់ថា អាជ្ញាធរនឹងមិនស្ទាក់ស្ទើរក្នុងការចាត់វិធានការតឹងរ៉ឹងបំផុតប្រឆាំងនឹងក្រុមមនុស្សទាំងនេះទេ។
 
រដ្ឋមន្ត្រី​រូបនេះ​ក៏​បាន​ធានា​ដែរ​ថា ម៉ាឡេស៊ី​នៅតែមាន​សុវត្ថិភាព ហើយ​ប្រជាជន​មិនចាំបាច់​ព្រួយបារម្ភ​អំពី​ស្ថានភាព​សន្តិសុខ​ក្នុង​ប្រទេស​ឡើយ​។
 
កាលពីខែមីនា បុរសម្នាក់កាន់កាំបិតបានចូលប៉ុស្តិ៍ប៉ូលីសក្នុងរដ្ឋ Johor ដោយកាប់មន្ត្រីម្នាក់ មុនពេលប្រើកាំភ្លើងបាញ់សម្លាប់មន្ត្រីពីរនាក់។ ជនសង្ស័យនាពេលនោះ មានទំនាក់ទំនងជាមួយក្រុម Jemaah Islamiyah (JI) ដែលជាអង្គការភេរវករជិតស្និទ្ធនឹងក្រុមអាល់កៃដា។
 
ក្រុម JI ទទួលខុសត្រូវចំពោះភេរវកម្មបង្ហូរឈាមជាបន្តបន្ទាប់នៅក្នុងតំបន់ រួមទាំងឧបទ្ទវហេតុនៅលើកោះបាលីរបស់ឥណ្ឌូណេស៊ី ដែលបានសម្លាប់មនុស្ស ២០២នាក់ក្នុងឆ្នាំ ២០០២ រួមទាំងពលរដ្ឋអូស្ត្រាលី ៨៨នាក់៕ 

Tag:
 ម៉ាឡេស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com