កីឡាអន្តរជាតិ
អន្តរជាតិ
Copa America៖ ប្រេស៊ីលមិនរកបាន៣ពិន្ទុពីកូស្តារីកា ខណៈ Rodriguez ត្រឡប់ជួយកូឡុំប៊ី ឈ្នះប៉ារ៉ាហ្គាយ
25, Jun 2024 , 2:06 pm        
រូបភាព
ក្រុមជម្រើសជាតិប្រេស៊ីល បានត្រឹមប្រកួតស្មើលទ្ធផល ០-០ ទល់នឹងក្រុមកូស្តារីកា នៅក្នុងការប្រកួតបើកឆាកពូល D ពានរង្វាន់ Copa America ថ្ងៃទី២៥ ខែមិថុនា ក្រោយពេលដែលក្រុមកូឡុំប៊ី ដែលមានវត្តមានកីឡាករខ្សែបម្រើប្រយុទ្ធ James Rodriguez បានជួយដល់ក្រុមយកឈ្នះលើប៉ារ៉ាហ្គាយ លទ្ធផល ២-១​។



ពិតជារឿងមួយដ៏ខកចិត្តសម្រាប់អ្នកគាំទ្រប្រេស៊ីល បន្ទាប់ពីក្រុមរបស់ពួកគេ ចាប់ផ្តើមការប្រកួតព្រឹត្តិការណ៍ Copa America ជាមួយនឹងលទ្ធផលដ៏ខ្សោយបំផុត មិនធ្លាប់មានពីមុនមក។ ទោះបីជាប្រេស៊ីលមានការគ្រប់គ្រងបាល់ក្នុងការប្រកួតច្រើន ប៉ុន្តែការស្វែងរកគ្រាប់បាល់នៅតំបន់ប្រយុទ្ធគឺមិនមានភាពមុតស្រួចឡើយ ដោយឱកាសស៊ុតសំដៅទី ១៩លើក ចំគោលដៅបានត្រឹមតែ ៣លើក ប៉ុណ្ណោះ។
 
​ឱកាសនាំមុខមុន ១-០ ដែលរកបានដោយខ្សែការពារ Marquinhos នៅនាទី៣០ ជាការទាត់បាល់ពិន័យ Freekick ពីសំណាក់កីឡាករ Rodrygo ត្រូវបានបដិសេធដោយប្រព័ន្ធ VAR ព្រោះតែស្ថិតនៅជំហ Offside។ ប្រេស៊ីល នៅតែមិនអាចរកគ្រាប់យកឈ្នះបាន ហើយបានត្រឹមបញ្ចប់ចំណាត់ថ្នាក់ស្មើ ០​​-០ ទល់នឹងកូស្តារីកា។
  


ដោយឡែកស្ថិតក្នុងពូល D ដូចគ្នានេះ វត្តមានសារជាថ្មីរបស់ James Rodriguez បានជួយដល់ក្រុមកូឡុំប៊ី យកឈ្នះការប្រកួត ទៅលើក្រុមប៉ារ៉ាហ្គាយ នៅជំនួបបើកពូលរបស់ពួកគេ នឹងដណ្តើមបាន ៣ពិន្ទុ ឈឈរកំពូលតារាងបណ្តោះអាសន្ន។ 
 
កូឡុំប៊ី មកដល់ពេលនេះពួកគេជាក្រុមដែលឆ្លងកាត់ការប្រកួត ២៤លើក មិនដែលចាញ់ឡើយ ចាប់តាំងពីឆ្លងកាត់វគ្គជម្រុះពានរង្វាន់ផ្សេងៗ ចាប់តាំងពីឆ្នាំ ២០២២ មកដល់ពេលនេះ។ ជ័យជម្នះលទ្ធផល ២-០ ដោយ ២គ្រាប់ ដែលកីឡាករ Daniel Munoz និង Jefferson Lerma  ស៊ុតម្នាក់ ១គ្រាប់បញ្ចូលទីនោះ កើតចេញពីការបញ្ជូនបាល់ពីសំណាក់ James Rodriguez ទាំង ២ លើក។ 
 
១គ្រាប់របស់ប៉ារ៉ាហ្គាយ ធ្វើបានដោយកីឡាករ Julio Enciso ប៉ុន្តែមិនសមល្មមជួយឱ្យក្រុមតាមបានលទ្ធផលស្មើមកវិញឡើយ។
 
សម្រាប់ការប្រកួតបន្ទាប់នៅក្នុងជំនួបពូល D នេះវិញ កូឡុំប៊ី នឹងត្រូវបន្តទៅប៉ះកូស្តារីកា នៅថ្ងៃទី២៨ ខែមិថុនា ស្ថិតក្នុងទីក្រុង Glendale រដ្ឋ Arizona ចំណែកប៉ារ៉ាហ្គាយ បន្តទៅប៉ះប្រេស៊ីល ក្នុងរដ្ឋ Las Vegas៕

Tag:
 Copa America
© រក្សាសិទ្ធិដោយ thmeythmey.com