កីឡាជាតិ
ជាតិ
ក្រុមបាល់ទះ U20 កម្ពុជា ប៉ះវៀតណាម ដណ្តើមសំបុត្រទៅប្រកួតជើងឯក AVC រសៀលនេះ
25, Jun 2024 , 3:48 pm        
រូបភាព
ក្រុមបាល់ទះអាយុក្រោម ២០ឆ្នាំ កម្ពុជា មានភារកិច្ចប្រជែងដណ្តើមកៅអី ក្នុងព្រឹត្តិការណ៍កីឡាបាល់ទះអាស៊ី កម្រិតយុវជនអាយុក្រោម ២០ឆ្នាំ (Asian Man’s U20 Volleyball Championship) ឆ្នាំ ២០២៤ និងលើកទី២២ ទល់ជាមួយនឹងក្រុមអាយុក្រោម ២០ឆ្នាំ វៀតណាម នៅវេលាម៉ោង ៤:៣០រសៀលនេះ ដែលការប្រកួតធ្វើឡើងក្នុងកីឡដ្ឋាន Nakhon Pathom Gym ប្រទេសថៃ ថ្ងៃទី២៥ ខែមិថុនា។



ក្រោយពីប្រមូលផ្តុំហ្វឹតហាត់ជាច្រើនខែ ពេលនេះក្រុមបាល់ទាត់អាយុក្រោម ២០ឆ្នាំ កម្ពុជា បានធ្វើដំណើរទៅកាន់ការប្រកួតដណ្តើមកៅអី AVC លើកទី២២ ដោយប្រកួតតទល់ជាមួយក្រុមអាយុក្រោម ២០ឆ្នាំ វៀតណាម នៅក្នុងប្រទេសថៃ។ ក្រុមបាល់ទះអាយុក្រោម ២០ឆ្នាំ កម្ពុជា បានធ្វើដំណើរទៅប្រទេសថៃ កាលពីថ្ងៃទី២៣ ខែមិថុនា។
 
ជាការប្រកួតជម្រុះក្រុមក្នុងតំបន់អាស៊ីអាគ្នេយ៍ ក្រុមបាល់ទះ U20 កម្ពុជា នឹងមានភារកិច្ចប្រកួតតទល់ជាមួយ វៀតណាម តែមួយប៉ុណ្ណោះ ដើម្បីសម្រេចថានរណា នឹងបន្តដំណើរទៅក្នុងពូល D នៃការប្រកួត AVC លើកទី២២ ដែលធ្វើនៅប្រទេសឥណ្ឌូណេស៊ី។ 
  


២ក្រុមស្ថិតក្នុងពូល D ដែលអង្គុយរង់ចាំជាស្រេចរួមមាន ថៃ និងកូរ៉េខាងត្បូង ខណៈក្នុងពូលនេះក៏រង់ចាំក្រុមដែលឈ្នះការប្រកួតជម្រុះរវាងក្រុមមកពីតំបន់កណ្តាល កាហ្សាក់ស្ថាន ប្រជែង អ៊ូសបេគីស្ថាន។
 
សមាសភាពរបស់ក្រុមបាល់ទះ U20 កម្ពុជា ដែលទៅប្រកួតរួមមានកីឡាករ អុន សុវណ្ណរាជ ប្រធានក្រុម, យុន ខេមរៈ, សោម សិរីសម្បត្តិ, ស ពិសី, ខេង មិថុនា, លឹម ចិត្ត្រា, ឆោម ទីណា, គ្រុយ មេងហួរ, សយ រ៉ាស៊ីត, ណែក ផានិត, កែវ ស្រេងលីហួរ និង ហុក គីមហាន។
 
ប្រតិភូដឹកនាំក្រុមទៅកាន់ការប្រកួតមានលោក អាំង សិរីពិសិដ្ឋ អគ្គលេខាធិការសហព័ន្ធបាល់ទះកម្ពុជា (VFC) ជាអ្នកចាត់ការក្រុមដោយផ្ទាល់ រួមជាមួយនឹង ប៉េង សុវណ្ណនូ​ ជាមួយនឹងគ្រូបង្វឹកលោក Li Jun អមដោយជំនួយការ លោក សេង ងួន និងលោក នៀវ សាម៉េត៕





Tag:
 បាល់ទះ
© រក្សាសិទ្ធិដោយ thmeythmey.com