RFI
អន្តរជាតិ
ចិន៖ យានឆានអឺ-៦ត្រលប់មកពីផែនដីវិញដោយជោគជ័យ ជាមួយសំណាកដីនិងថ្មរបស់ព្រះចន្ទ យានឆានអឺ-៦របស់ចិនត្រលប់មកផែនដីវិញដោយជោគជ័យ REUTERS - Tingshu Wang
×
ដោយ៖អៀង សុខម៉ិញ/RFI ខេមរភាសា
ជាជោគជ័យដ៏ធំធេងណាស់! យានឆានអឺ-៦ បានបញ្ចប់បេសកកម្មនិងត្រលប់មកផែនដីវិញ នៅថ្ងៃទី ២៥មិថុនានេះដោយសុវត្ថិភាព។ ជាពិសេសយានឆានអឺ-៦បានពាំនាំមកជាមួយនូវសំណាកដីដំបូងរបស់ព្រះចន្ទ ត្រង់ផ្នែកដែលបែរខ្នងមកភពផែនដីផង។
នៅវេលាម៉ោងពីរនិង៧នាទីរសៀល ម៉ោងនៅក្នុងស្រុក យានឆានអឺ-៦ បានអណ្តែតចុះពីលើមេឃយ៉ាងសន្សឹមៗ តាមកម្លាំងឆ័ត្រយោងពណ៌ក្រហមសមកសំចតលើផែនដី ត្រង់តំបន់វាលរហោស្ថានម៉ុងហ្គោលីខាងក្នុង ដែលស្ថិតនៅភាគខាងជើងប្រទេសចិន។ ទង់ជាតិចិនក្រហមឆ្អៅ ត្រូវបានគេយកទៅដោតក្បែរយានភ្លាម។
មានទម្រង់ដូចបួកទង់ដែងកាលពីសម័យបុរាណ ជ្រុះនៅលើវាលស្មៅមិនគួរឱ្យរើសមែន តែយានមានផ្ទុកវត្ថុមានតម្លៃដូចមាស។ អ្វីៗដំណើរការដូចបានគ្រោងទុក។ នេះបើតាមសេចក្តីថ្លែងការណ៍របស់ទីភ្នាក់ងារអវកាសចិន CNSA ដោយបន្ថែមថា នេះជាជោគជ័យយ៉ាងពេញលេញនៃបេសកកម្មរបស់យានឆានអឺ-៦ និងជាការពាំនាំមកជាលើកទីមួយ នូវសំណាកដីរបស់ព្រះចន្ទខាងផ្នែកដែលបែរខ្នងមកផែនដី។
ព្រឹត្តិការណ៍វិលត្រលប់របស់ឆាងអឺ-៦ បានទទួលការតាមដានយ៉ាងខ្លាំងនៅចិន ព្រោះកម្មវត្ថុទៅយកសំណាកនៅផ្នែកខ្នងនៃព្រះចន្ទជាមោទនភាពជាតិចិនទាំងមូលផង និងក៏ជាព្រឹត្តិការណ៍ថ្នាក់អន្តរជាតិផង។ ប៉េកាំងបានភ្ជាប់បេសកកម្មឆានអឺ-៦ជាមួយបណ្តាប្រទេសជាច្រើនផ្សេងទៀត មានជាអាទិ៍បារាំងផង ដើម្បីឱ្យកាន់តែល្បីរន្ទឺ។
ផ្នែកខ្នងនៃព្រះចន្ទដែលមើលមិនឃើញពីផែនដី ជាតំបន់ដែលកម្រមានការសិក្សារុករក នៅឡើយ ដូច្នេះបេសកកម្មឆានអឺ-៦ជាតំណាងមហិច្ឆតាដ៏ធំធេងរបស់ចិនក្នុងវិស័យអវកាស។
សារព័ត៌មានរដ្ឋចិន បានរំលឹកថានាឱកាសនេះថា ក្នុងរយៈពេលបីឆ្នាំចុងក្រោយមកនេះ រដ្ឋបាលអវកាសចិនបានចែកចាយសំណាកព្រះចន្ទចំនួន ៧គំរូដែលមានទម្ងន់ជាង៨៥ក្រាម ដល់អ្នកវិទ្យាសាស្ត្រចំនួន១៣១ក្រុម នៅលើពិភពលោក។ ហើយការសិក្សាវិភាគសំណាកដីនិងថ្មថ្មីបានមកពីផ្នែកខ្នងនៃព្រះចន្ទ នឹងជួយឱ្យអ្នកស្រាវជ្រាវបានយល់ថាហេតុអ្វីបានជាស្រទាប់ដីខាងខ្នង ក្រាស់ឃ្មឹកខ្លាំង ជាងផ្នែកមើលឃើញពីផែនដី។ លម្អដី-ថ្មរបស់ព្រះចន្ទ អាចនឹងជួយឱ្យយើងបានយល់អំពីកំណើតនៃកកើតភព។ នេះបើតាមការពន្យល់របស់លោកលីនយ៉ាងទិង អ្នកស្រាវជ្រាវនៅវិទ្យាស្ថានភូមព្ភសាស្ត្រ នៅពេលយានឆានអឺ-៦ ត្រលប់មកដល់ផែនដីវិញ។
សូមបញ្ជាក់ថា ឆានអឺ-៦ហោះចេញពីផែនដីនៅថ្ងៃទី៣ឧសភា ទៅកាន់ផ្នែកខ្នងនៃព្រះចន្ទ។ជាបេសកកម្មអវកាសដ៏ស្មុគស្មាញបើយោលទៅលើភាពសាំញ៉ាំនៃបច្ចេកទេសទូរគមនាគមន៍ដែលតម្រូវឱ្យមានផ្កាយរណបបន្តបន្តាក់គ្នាដើម្បីអាចបញ្ជាតានដានពីភពផែនដីទៅ រហូតដល់ផ្នែកខ្នងនៃព្រះចន្ទ ទាំងក្នុងដំណើរទៅនិងមករបស់យាន៕
© រក្សាសិទ្ធិដោយ thmeythmey.com