កីឡាអន្តរជាតិ
អន្តរជាតិ
អាហ្សង់ទីន កក់កៅអីវគ្គ ១/៤ Copa America មុនគេ ក្រោយបន្តឈ្នះស៊ីលី
26, Jun 2024 , 3:19 pm        
រូបភាព
ក្រុមជម្រើសជាតិអាហ្សង់ទីន បានក្លាយជាក្រុមដំបូងគេប្រចាំព្រឹត្តិការណ៍ Copa America កក់កៅអីវគ្គ ៨ក្រុម ចុងក្រោយ បន្ទាប់ពីឈ្នះលើស៊ី ១-០ ដណ្តើមបាន ៣ពិន្ទុបន្ថែម នៅក្នុងការប្រកួតទី២ ក្នុងពូល A។



អាហ្សង់ទីន នៅជំនួបយកឈ្នះស៊ីលី ពួកគេប្រើពេលដល់ទៅ ៨៨នាទី ដើម្បីអាចរកបានគ្រាប់បាល់នាំមុខ និងជាគ្រាប់បាល់ជ័យជម្នះ ដែលធ្វើបានដោយខ្សែប្រយុទ្ធ Lautaro Martinez ។ មុនពេលរកបានគ្រាប់ជ័យជម្នះកីឡាករ Giovani Lo Celso ស៊ុតសំដៅសំណាញ់ទី ១គ្រាប់ តែត្រូវបានអ្នកចាំទីស៊ីលី ជួយសង្គ្រោះ ហើយការបង្កើតឱកាសទាត់បាល់ជ្រុងពី Lionel Messi ជួយដល់ការគ្រាប់បាល់របស់ Martinez នៅនាទី៨៨ នោះ។
 
ជ័យជម្នះជួយអាហ្សង់ទីនបន្តឈរកំពូលតារាង ដោយមាន ៦ពិន្ទុ ពីការប្រកួត ២លើក ក្នុងពូល A ខណៈកាណដា ស្ថិតនៅលេខ ២ ក្រោយពេលដែលពួកគេយកឈ្នះប៉េរូ លទ្ធផល ១-០។ ស៊ីលី និងប៉េរូ មានម្នាក់ ១ពិន្ទុក្នុងដៃ។
 
ស៊ីលីជាក្រុមធ្លាប់ឈ្នះពាន Copa America ២សម័យ ប៉ុន្តែពួកគេមិនដែលឈ្នះការប្រកួតលើអាហ្សង់ទីនម្តងឡើយ នៅពេលប្រកួតវគ្គចែកពូលប៉ះគ្នាម្តងៗ។ ស៊ីលីធ្វើបានល្អបំផុតកាលពីឆ្នាំ ២០១៥ និង ២០១៦ ពេលដែលពួកគេបានស៊ុតបាល់កាត់សេចក្តី ១១ម៉ែត្រ ឈ្នះលើក្រុមអាហ្សង់ទីន នៅវគ្គផ្តាច់ព្រ័ត្រ។
 
ដោយឡែក ចាប់ផ្តើមការប្រកួត ២លើក ក្នុងវគ្គចែកពូល ចម្ងល់ជាច្រើនបានកើតឡើងនៅពេលអ្នកគាំទ្របានឃើញ ខ្សែប្រយុទ្ធប្រធានក្រុម Lionel Messi ចាប់ផ្តើមការប្រកួតនៅតំបន់ប្រយុទ្ធអមដោយខ្សែប្រយុទ្ធ Lautaro Martinez និង Julian Alvarez។ លោក ​​Lionel Scaloni គ្រូបង្វឹកក្រុមជម្រើសជាតិអាហ្សង់ទីន ក៏បានពន្យល់ផងដែរពីរឿងនេះ ថាជាចំណុចរួមសំខាន់មួយនៃទម្រង់លេង។
 
លោក Scaloni បាននិយាយដូច្នេះថា៖«Lautaro និង Julian ធ្លាប់បានលេងជាមួយគ្នា។ រឿងអ្វីក៏ដោយក៏ត្រូវការចំណុចរួមមួយ ហើយពិតណាស់ Lautaro គឺសប្បាយចិត្តនៅថ្ងៃនេះ ហើយ Julian ក៏ដូចគ្នា ខ្ញុំនឹងនៅតែជ្រើសរើសថានរណា ដែលធ្វើបានល្អបំផុតមួយ ដែលខ្ញុំគិតថាជាជម្រើសដ៏ល្អបំផុតសម្រាប់ការប្រកួតនោះ។ ថ្ងៃនេះ Julian លេងបានល្អ ប៉ុន្តែយើងមានកីឡាករដល់ទៅ ១១នាក់ យើងត្រូវតែធ្វើអ្វីដែលមានចំណុចរួមសំខាន់បំផុតមួយ។»។ 
 
អាហ្សង់ទីន នឹងការប្រកួតបន្ទាប់ ពួកគេនៅត្រូវជួបក្រុមប៉េរូ ថ្ងៃទី៣០ ខែមិថុនា ខណៈដែលកាណាដា នឹងត្រូវបន្តទៅប៉ះក្រុមស៊ីលី នៅថ្ងៃដូចគ្នា វេលាម៉ោង ៧ព្រឹក (ម៉ោងនៅកម្ពុជា)៕

Tag:
 Copa America
  អាហ្សង់ទីន
© រក្សាសិទ្ធិដោយ thmeythmey.com