កីឡាអន្តរជាតិ
អន្តរជាតិ
ហ្ស៊កហ្ស៊ី បង្កើតប្រវត្តិសាស្ត្រថ្មីនៅ Euro ដោយឈ្នះព័រទុយហ្កាល់ ២-០ ឡើងវគ្គ១៦ក្រុម
27, Jun 2024 , 10:19 am        
រូបភាព
ជារឿងមិនគួរឱ្យជឿដែលក្រុមកីឡាល់ទាត់ហ៊្សកហ្ស៊ី អាចយកឈ្នះជើងខ្លាំងព័រទុយហ្កាល់ដល់ទៅ ២-០ ក្នុងការប្រកួតចុងក្រោយពូល F ដើម្បីទទួលបានកៅអីវគ្គ១៦ក្រុមចុងក្រោយ UEFA Euro 2024។ ក្រុមដ៏ក្មេងខ្ចីមួយនេះបង្កើតប្រវត្តិសាស្ត្រជាបន្តបន្ទាប់នៅជើងឯកអឺរ៉ុប ក្នុងប្រទេសអាល្លឺម៉ង់។



ក្រោយឆ្លងកាត់ការប្រកួត៣លើករៀងខ្លួនក្នុងវគ្គចែកពូលទាំង៦ គេបានរកឃើញ១៦ក្រុមឡើងទៅវគ្គខ្វែងដែលរួមមាន ម្ចាស់ផ្ទះអាល្លឺម៉ង់ អេស្ប៉ាញ ហ្ស៊កហ្ស៊ី ដាណឺម៉ាក ព័រទុយហ្កាល់ ស្លូវេនី បារាំង បែលហ្ស៊ិក ហូឡង់ រូម៉ានី អូទ្រីស តួកគី អង់គ្លេស​​ ស្លូវាគី ស្វ៊ីស និងអ៊ីតាលី។
 
អ្វីដែលគួរឱ្យភ្ញាក់ផ្អើល ហ្ស៊កហ្ស៊ី ដែលបង្ហាញខ្លួនលើកដំបូងនៅពានរង្វាន់អឺរ៉ុប បន្តបង្កើតប្រវត្តិសាស្ត្រថ្មីថែមទៀត ដោយអាចឆ្លងផុតវគ្គចែកពូល ជាពិសេសតាមរយៈការយកឈ្នះព័រទុយហ្កាល់ដែលជាម្ចាស់ជើងឯកឆ្នាំ២០១៦។
 
កីឡាករឆ្នើម Khvicha Kvaratskhelia ជាអ្នកសម្រេចទីនាំមុខឱ្យហ្ស៊កហ្ស៊ីនៅនាទីទី២ដើមវគ្គទី១ និងដៃគូរបស់គេ Georges Mikautadze បន្ថែមគ្រាប់ទីពីរនីនាទី៥៧ដោយបាល់ប៉េណាល់ទី។
  


លោក Willy Sagnol គ្រូបង្វឹកហ្ស៊កហ្ស៊ីបង្ហាញក្តីរំភើបចំពោះកូនក្រុមដែលអាចរកបានជ័យជម្នះដ៏មិនគួរឱ្យជឿនេះ។ «និយាយត្រង់ទៅ ខ្ញុំមិនចាំអ្វីដែលខ្ញុំបាននិយាយទៅកាន់កីឡាករមុនការប្រកួតនោះទេ។ ខ្ញុំគ្រាន់តែប្រាប់ពួកគេឱ្យចងចាំពីរបៀបដែលពួកគេលេងនៅពេលពួកគេអាយុ ១៦ ឬ ១៧ឆ្នាំ ពោលគឺលេងដោយគ្មានសម្ពាធ។ ទីបំផុតពួកគេសម្រេចលទ្ធផលយ៉ាងអស្ចារ្យ។ អតីតខ្សែការពារបារាំងវ័យ៤៧ឆ្នាំបន្ថែម។
 
ដោយឡែកគ្រូបង្វឹកព័រទុយហ្កាល់ លោក Roberto Martinez បានលើកសរសើរពីទម្រង់ប្រកួតរបស់ហ្ស៊កហ្ស៊ីដែលអាចយកឈ្នះក្រុមខ្លួនដល់ទៅ២គ្រាប់។
 
គ្រូសញ្ជាតិអេស្ប៉ាញបន្ថែមថា៖«យើងមិនបានមើលស្រាលហ្ស៊កហ្ស៊ីទេ ប៉ុន្តែពួកគេបានបង្កើតប្រវត្តិសាស្ត្រសម្រាប់ក្រុមពួកគេ ស្របពេលព័រទុយហ្កាល់លេងក្នុងការប្រកួតចុងក្រោយ ខណៈក្រុមឈរកំពូលតារាងទៅហើយ»។
 
Kvaratskhelia សមាជិកក្លិប Napoli ដែលជាប់ជាកីឡាករឆ្នើមប្រចាំការប្រកួត ក៏មិនជឿថាក្រុមខ្លួនហ្ស៊កហ្ស៊ី អាចឈ្នះព័រទុយហ្កាល់ដល់ទី ២-០ ដែរ។ ទោះមានការលើកសរសើរពីទេពកោសល្យរបស់ខ្លួនដែលនាំឱ្យមានជ័យជម្នះនេះ ប៉ុន្តែខ្សែបម្រើឆ្នើមវ័យ២៣ឆ្នាំលើកឡើងថា សមិទ្ធផលទាំងនេះដោយសារភាពខ្លាំងរបស់ក្រុមទាំងមូល។
 
ឈានដល់វគ្គ១៦ក្រុមជាលើកដំបូង ហ្ស៊កហ្ស៊ី ត្រូវជួបក្រុមខ្លាំងអេស្ប៉ាញ ដែលការប្រកួតនឹងធ្វើឡើងនៅរាត្រីថ្ងៃទី៣០ ខែមិថុនា។ ចំណែកជំនួប៧គូទៀតរួមមាន៖
 
- ស្វ៊ីស ជួប អ៊ីតាលី
- អាល្លឺម៉ង់ ជួប ដាណឺម៉ាក
- អង់គ្លេស ជួប ស្លូវ៉ាគី
- បារាំង ជួប បែលហ្ស៊ិក
- ព័រទុយហ្កាល់ ជួបស្លូវេនី
- រូម៉ានី ជួប ហូឡង់
- អូទ្រីស ជួប តួកគី៕

Tag:
 Euro 2024
© រក្សាសិទ្ធិដោយ thmeythmey.com