ជាតិ
អាជ្ញាធរគ្រោងដាំដើមឈើជាង១ម៉ឺនដើម ក្នុងក្រុងសៀមរាប
29, Jun 2024 , 6:59 pm        
រូបភាព
សកម្មភាពដាំកូនឈើលើខ្សែផ្លូវក្រោយវត្តពោធិលង្កា ក្នុងក្រុងសៀមរាប។
សកម្មភាពដាំកូនឈើលើខ្សែផ្លូវក្រោយវត្តពោធិលង្កា ក្នុងក្រុងសៀមរាប។
សៀមរាប៖ រដ្ឋបាលខេត្ត គ្រោងដាំកូនឈើចម្រុះជាង១ម៉ឺនដើមនៅក្នុងក្រុងសៀមរាប ដើម្បីបង្កើតភាពបៃតង ទប់រលកកម្ដៅដោយសារការបម្រែបម្រួលអាកាសធាតុ ពិសេសដើម្បីទាក់ទាញភ្ញៀវទេសចរដែលស្រឡាញ់បរិស្ថានបៃតង។

 
អភិបាលរងខេត្តសៀមរាប លោក យុន លីនណេ បានឱ្យដឹងថា រដ្ឋបាលខេត្តនឹងចាប់ផ្តើមដាំដើមឈើចម្រុះ នៅតាមខ្សែផ្លូវសំខាន់ៗក្នុងក្រុងសៀមរាបសរុប៤១ខ្សែ។ ការងារនេះ នឹងចាប់ផ្តើមពីរដូវភ្លៀងឆ្នាំនេះតទៅ ហើយនឹងអាចបញ្ចប់ដាំដើមឈើជាង១ម៉ឺនដើមទៅតាមផែនការដែលគ្រោងទុក នៅដើមរដូវវស្សាឆ្នាំក្រោយ។ 
 
មានហេតុផលសំខាន់ៗចំនួន៣ ដែលរដ្ឋបាលខេត្តសៀមរាបប្រកាសពីយុទ្ធនាការដាំដើមឈើក្នុងក្រុងនេះ គឺទី១ដោយសារការបម្រែបម្រួលអាកាសធាតុ រលកកម្ដៅឡើងខ្លាំងកាលកន្លងទៅថ្មីៗនេះ ទី២ដើម្បីចូលរួមក្នុងចលនាថ្នាក់ជាតិដែលរៀបចំដោយក្រសួងបរិស្ថាន និងទី៣ ជាគំនិតផ្តួចផ្តើមរបស់អភិបាលខេត្ត ដែលបំផុសចលនាដាំដើមឈើនៅគ្រប់ខ្សែផ្លូវក្នុងក្រុង បង្កើតភាពស្អាត និងបៃតង។


 
តាមការលើកឡើងរបស់លោក យុន លីនណេ កន្លងមករដ្ឋបាលខេត្តក៏បានដាំដើមឈើមួយចំនួនរួចហើយដែរ ប៉ុន្តែបន្ទាប់ពីគម្រោងស្ថាបនាផ្លូវ៣៨ខ្សែ មានដើមឈើខ្លះប៉ះពាល់លើខ្សែផ្លូវទាំងនោះហើយត្រូវបានដកទុកនៅទីតាំងផ្សេង ដូច្នេះយុទ្ធនាការខាងលើ នឹងរៀបចំដាំឡើងវិញ និងដាំកាន់តែច្រើនបន្ថែម។ ចំពោះការងារនេះដែរ លោកអភិបាលរងបញ្ជាក់ថា មិនមែនចេះតែយកដើមឈើមកដាំនោះទេ គឺរដ្ឋបាលខេត្តមានការសិក្សាត្រឹមត្រូវ ដើម្បីការដាំមានភាគរស់នៅច្រើន និងសមស្របទៅតាមបរិស្ថានតាមតំបន់ទាំងនោះ។ លោក យុន លីនណេ បន្ថែមថា៖« យើងបានពិភាក្សាកិច្ចការនេះជាមួយមន្ទីរបរិស្ថាន និងមន្ទីរកសិកម្ម អំពីខ្សែផ្លូវ និងប្រភេទដីដែលយើងអាចដាំបាន ថាតើខ្សែផ្លូវណាដែលយើងអាចដាំប្រភេទផ្កា ខ្សែផ្លូវណាដែលមានភាពបៃតងគ្រប់រដូវ ហើយឱ្យត្រូវនឹងបរិស្ថានរបស់យើងផង  យើងមិនយកដើមឈើនាំចូលពីក្រៅទេ យើងយកដើមឈើដែលមានប្រវត្តិធ្លាប់រស់នៅក្នុងខេត្ត ដូចជាយាង គគីរ កកោះ ដើមផ្កាមួយចំនួន»។ 
 
នៅថ្ងៃទី២៩ មិថុនា អង្គការជឿជាក់លើសិស្សជនបទកម្ពុជា សហការជាមួយដៃគូពាក់ព័ន្ធ បានរៀបចំកម្មវិធីដាំកូនឈើ២២២ដើម នៅលើខ្សែផ្លូវក្រោយវត្តពោធិលង្កា ក្នុងភូមិដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប។ នេះជាសកម្មភាពទី១ ក្នុងគម្រោងដាំដើមក្នុងក្រុងសៀមរាប។ លោក យុន លីនណេ សង្ឃឹមថា អង្គការ និងវិស័យឯកជនដទៃទៀត នឹងបន្តការចូលរួមដូចនេះ ហើយពួកគេអាចជ្រើសរើសខ្សែផ្លូវណាមួយក្នុងក្រុង និងបន្ទាប់ពីដាំដើមឈើត្រូវបានអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ចូលរួមថែរក្សាផងដែរ។


 
ប្រធានអង្គការជឿជាក់លើសិស្សជនបទកម្ពុជា (CRCT) លោក ឆាយ ដឹប បានឱ្យដឹងថា តាមរយៈគម្រោង T គឺគម្រោងដាំដើមឈើសម្រាប់ជីវិត អង្គការបានចាប់ផ្តើមដាំកូនឈើនៅតាមតំបន់នានាចាប់ពីខែឧសភា មក ដែលក្នុងមួយខែដាំបាន៦០០ដើម។ ចំណែកដាំឈើដែលដាំខាងលើ ជាប្រភេទកូនផ្កាលឿងរាជ ដែលមានអាយុចន្លោះពី២ទៅ៣ឆ្នាំ។  
 
លោក ឆាយ ដឹប បន្ថែមថា៖« យើងសង្ឃឹមថា ការដាំកូនឈើនេះជាផ្នែកមួយសំខាន់ក្នុងការជំរុញជួយទាក់ទាញភ្ញៀវទេសចរ ព្រោះបើសិនជាយើងបង្កើតទីក្រុងបៃតងគឺនឹងមានភាពទាក់ទាញ ហើយភ្ញៀវទេសចរគាត់នឹងអាចមកទស្សនាខេត្តសៀមរាបកាន់តែច្រើន»។
 
ជាមួយគ្នានេះ ប្រធានអង្គការ CRCT ស្នើឱ្យពលរដ្ឋគ្រប់រូបចូលរួមក្នុងយុទ្ធនាការដាំដើមឈើក្នុងក្រុង ហើយប្រសិនពួកគេមិនមានពេលគ្រប់គ្រាន់ គឺអាចត្រឹមចូលរួមថែរក្សាដើមឈើដែលបានដាំរួចនៅមុខផ្ទះក៏ជាការចូលរួមដ៏ល្អផងដែរ។
 
សម្រាប់លោក យុន លីន ពលរដ្ឋគួរចាប់ផ្តើមពីការស្រឡាញ់ភាពបៃតង ដើម្បីចូលរួមដាំដើមឈើ និងថែរក្សាបរិស្ថាននៅជុំវិញខ្លួន។ ការកើនឡើងនៃរលកកម្ដៅពីមួយឆ្នាំទៅមួយឆ្នាំជាឧទាហរណ៍ ដូច្នេះការបង្កើតគម្របដើមឈើ បង្កើតម្លប់សម្រាប់ជ្រកកាន់តែច្រើន ជារឿងដែលគួរធ្វើទាំងអស់គ្នា។ លោក លីនណេ បន្តថា ការណ៍នេះ ក៏ដើម្បីភាពទាក់ទាញរបស់ភ្ញៀវទេសចរផងដែរ ព្រោះទេសចរភាគច្រើន ស្រឡាញ់ភាពបៃតង៕







Tag:
 បរិស្ថាន
  ដើមឈើ១ម៉ឺនដើម
© រក្សាសិទ្ធិដោយ thmeythmey.com