ជាតិ
នាយករដ្ឋមន្ត្រី ​ឱ្យបង្កើនការចិញ្ចឹមសត្វ បង្កាត់ពូជត្រី និងលែងត្រីជិតផុតពូជ
01, Jul 2024 , 11:59 am        
រូបភាព
សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងទិវាមច្ឆជាតិ លើកទី១៩ ព្រមទាំងលែងត្រី ១.៥លានក្បាលចូលទៅក្នុងបឹងធំ ដែលជាបឹងធម្មជាតិដ៏ធំ ស្ថិតក្នុងភូមិកំពង់សំណាញ់ ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។ រូបពី វីដេអូ STPM
សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងទិវាមច្ឆជាតិ លើកទី១៩ ព្រមទាំងលែងត្រី ១.៥លានក្បាលចូលទៅក្នុងបឹងធំ ដែលជាបឹងធម្មជាតិដ៏ធំ ស្ថិតក្នុងភូមិកំពង់សំណាញ់ ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។ រូបពី វីដេអូ STPM
ភ្នំពេញ៖ សម្ដេច ហ៊ុន ម៉ាណែត នាយរដ្ឋមន្ត្រី បានជំរុញឱ្យក្រសួងកសិកម្ម បង្កើនការ​បង្កាត់ពូជត្រីជិតផុតពូជ រួមទាំងបង្កើតចលនាលែងត្រីបន្ថែមទៀត។ ប្រមុខរាជរដ្ឋាភិបាល អំពាវនាវបែប​នេះ នៅក្នុងទិវាមច្ឆជាតិ ១ កក្កដា លើកទី១៩ ​ដែលប្រារព្ធធ្វើឡើងចំណុច បឹងធំ ​ក្នុងភូមិកំពង់សំណាញ់ ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។

 
ក្រៅពីនេះ សម្តេចនាយករដ្ឋមន្ត្រី ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋ ​បង្កើនការចិញ្ចឹម​ត្រី និងវារីសត្វផ្សេងៗ ទាំងសត្វទឹកសាប និងទឹកប្រៃ ​ដើម្បី​ធានា​សន្តិសុខស្បៀង និងតម្រូវការបរិភោគរបស់​ប្រជាពលរដ្ឋ ខណៈធនធានត្រីធម្មជាតិ មិនអាចបំពេញតម្រូវការបានគ្រប់គ្រាន់។
 
«ខ្ញុំសុំឱ្យក្រសួងកសិកម្ម បន្តដឹកនាំការស្រាវជ្រាវ ការភ្លាស់ត្រី ការចែកចាយ និងការអភិរក្ស បូកជាមួយនឹងការចែកចាយ និងការលែង(ត្រី)ជាបន្តបន្តាប់។ ហើយការលែងនេះ កុំឱ្យលែងតែម្តង។ លែងរហូត(បន្តបន្ទាប់) បើអាចធ្វើទៅបាន»។ សម្តេច ហ៊ុន ម៉ាណែត បញ្ជាក់ដូច្នេះ។
 
សូមជម្រាបថា នៅក្នុង​ទិវា មច្ឆជាតិ លើកទី១៩ នៅថ្ងៃនេះ ក៏មានការ​លែងកូនត្រី និង​មេពូជត្រី ក៏ដូចជាវារីសត្វផ្សេងៗប្រមាណ២០ ប្រភេទ សរុបប្រមាណ ១.៥លានក្បាល ចូលក្នុងបឹងធម្មជាតិផងដែរ។ ប្រភេទវារីសត្វទាំងនោះមានដូចជាត្រីប្រា ត្រីពោ ត្រីឆ្ពិន ត្រីកាហែ ត្រីគល់រាំង បង្កងទឹកសាប អណ្តើក និងកន្ធាយជាដើម។
 
ទិវាមច្ឆជាតិ គឺប្រារព្ធឡើងដើម្បីបំផុសចលនាចូលរួមអភិរក្ស និងអភិវឌ្ឍធន​ធានជលផល ប្រកបដោយនិរន្តរភាព ​ដើម្បី​ធានានូវសន្តិសុខស្បៀង និងតម្រូវការប្រចាំការថ្ងៃរបស់​ប្រជាពលរដ្ឋ៕
 

Tag:
 កសិកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com