RFI
អន្តរជាតិ
ចូលកាន់អំណាចបាន១ខែ ប្រធានាធិបតីតៃវ៉ាន់អះអាងថា តៃវ៉ាន់មិនចុះចាញ់ការដាក់សម្ពាធយោធារបស់ចិន ចូលកាន់អំណាចបាន១ខែ ប្រធានាធិបតីតៃវ៉ាន់អះអាងថា តៃវ៉ាន់មិនចុះចាញ់ការដាក់សម្ពាធរបស់ចិន AP - Chiang Ying-ying
×
ដោយ៖ឈាង បុប្ផា/RFI ខេមរភាសា
ប្រធានាធិបតីថ្មីរបស់តៃវ៉ាន់ លោកឡៃ ឈីងទឿដែលទើបចូលកាន់តំណែងបាន១ខែ បានគូសបញ្ជាក់ នៅថ្ងៃពុធទី ១៩មិថុនានេះថា តៃវ៉ាន់នឹងមិនចុះចាញ់ការដាក់សម្ពាធរបស់ចិន។ ចិនដែលប្រើគ្រប់វិធីសាស្រ្ត ដើម្បីដាក់សម្ពាធទាំងផ្នែកយោធា និងនយោបាយលើកោះតៃវ៉ាន់ ដែលចិនគំរាមយកមកគ្រប់គ្រងវិញ ទោះត្រូវប្រើកម្លាំងយោធា។ នៅក្នុងសន្និសីទកាសែតដែលបញ្ជាក់ការចូលកាន់តំណែងរបស់លោកក្នុងរយៈពេល១ខែមកនេះ ប្រធានាធិបតីតៃវ៉ាន់អះអាងថា ប្រជាជនតៃវ៉ាន់នឹងការពារដែនអធិបតេយ្យភាពជាតិ ថែរក្សាមាគ៌ាប្រជាធិបតេយ្យ សេរីភាពដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញ។
ចូលកាន់ក្បាលម៉ាស៊ីនដឹកនាំរដ្ឋាភិបាលតៃវ៉ាន់បានមួយខែ លោកប្រធានាធិបតីឡៃ ឈីងទឿបានធ្វើសន្និសីទកាសែតដែលនៅក្នុងនោះ លោកបានបញ្ជាក់សាជាថ្មីថា តៃវ៉ាន់នឹងមិនចុះញ៉ម ចុះចាញ់ការដាក់សម្ពាធរបស់ចិន។ បើតាមមេដឹកនាំតៃវ៉ាន់ ការដាក់បញ្ចូលកោះតៃវ៉ាន់ទៅក្នុងផែនទីរបស់ចិនគឺជានយោបាយជាតិរបស់សាធារណរដ្ឋប្រជាមានិតចិន។ ដូច្នេះ ក្រៅតែពីបង្ហាញសាច់ដុំយោធា រដ្ឋាភិបាលចិនបានប្រើវិធីសាស្រ្តថ្មីៗ ប្លែកៗជាច្រើន ខុសពីទម្លាប់ដើម ដើម្បីចាប់បង្ខំតៃវ៉ាន់ឲ្យលត់ជង្គង់ ចុះចាញ់។ ប៉ុន្តែ តៃវ៉ាន់នឹងមិនព្រមចុះចាញ់នោះទេ។ ប្រជាជនតៃវ៉ាន់ការពារដាច់ខាតដែនអធិបតេយ្យភាពជាតិ និងថែរក្សាសេរីភាព របៀបរស់នៅតាមបែបប្រជាធិបតេយ្យ។
នៅក្នុងសន្និសីទកាសែត នៅថ្ងៃពុធទី ១៩មិថុនា ប្រធានាធិបតីតៃវ៉ាន់នៅបានថ្លែងអំណរគុណអាមេរិកដែលបន្តគាំទ្រជួយតៃវ៉ាន់។ លោក ឡៃ ឈីងទឿចង់និយាយដល់មន្ទីរបញ្ចកោណអាមេរិកដែលទើបបានសម្រេចកាលពីថ្ងៃអង្គារ បើកភ្លើងខៀវឲ្យលក់សព្វាវុធបន្ថែមទៅឲ្យតៃវ៉ាន់។ នៅក្នុងសេចក្តីប្រកាស ក្រសួងការពារជាតិតៃវ៉ាន់និយាយថា អាមេរិកយល់ព្រមលក់ដ្រូនទៅឲ្យតៃវ៉ាន់ ក្នុងតម្លៃ៣០០លានដុល្លារ ចំណែកកិច្ចសន្យាមួយទៀត តម្លៃជាង៦០លានដុល្លារផ្តោតទៅលើការលក់ដ្រូនអត្តឃាត។ បើតាមក្រសួងការពារជាតិតៃវ៉ាន់ដដែល ដោយសារតែកងទ័ពចិនធ្វើសកម្មភាពកាន់តែច្រើននៅច្រកសមុទ្រតៃវ៉ាន់ ភាគីអាមេរិកបានយល់ព្រមលក់អាវុធដែលអនុញ្ញាតឲ្យតៃវ៉ាន់អាចឆ្លើយតបភា្លមៗនឹងការគំរាមកំហែងរបស់សត្រូវ។ នៅខែមិថុនានេះដែរ វ៉ាស៊ីនតោនទើបបានយល់ព្រមលក់គ្រឿងផ្គុំរបស់យន្តហោះចម្បាំង F-16ទៅឲ្យទៅតៃវ៉ាន់ក្នុងទំហំទឹកប្រាក់ ៣០០លានដុល្លារ។ នៅចំពោះមុខការគំរាមកំហែងរបស់ចិន តៃវ៉ាន់បានចំណាយទឹកប្រាក់រាប់ពាន់លានដុល្លារដើម្បីទិញសព្វាវុធទំនើបៗរបស់អាមេរិកមកបំពាក់ឲ្យកងទ័ពរបស់ខ្លួន។
ចំពោះលោកប្រធានាធិបតី ឡៃ ឈីងទឿ ប្រជាជនតៃវ៉ាន់ស្រឡាញ់ណាស់សន្តិភាព និងយកចិត្តទុកដាក់ជួយប្រជាជនដទៃ។ ប៉ុន្តែ សន្តិភាពត្រូវការជំនួយពីការប្រើកម្លាំង។ សន្តិភាពតាមរយៈការត្រៀមប្រុងប្រៀបខ្លួន គឺជាមធ្យោបាយជួយឲ្យគេជៀសផុតពីជម្លោះ។
ប៉ុន្តែ នៅក្នុងក្រសែភ្នែករបស់ចិន ប្រធានាធិបតីថ្មីរបស់តៃវ៉ាន់ លោក ឡៃ ឈីងទឿជាជនទាមទារបំបែកទឹកដីដ៏គ្រោះថ្នាក់។ បន្ទាប់ពីរៀបចំសមយុទ្ធទ្រង់ទ្រាយធំ ឡោមព័ទ្ធតៃវ៉ាន់ នៅចុងខែឧសភា ចិនប្តេជ្ញាបន្តដាក់សម្ពាធយោធាលើតៃវ៉ាន់ ដរាបណាថ្នាក់ដឹកនាំតៃវ៉ាន់នៅតែបន្តញុះញង់ទាមទារឯករាជ្យ។ លោក ឡៃ ឈីងទឿវិញអះអាងរួចហើយថា តៃវ៉ាន់មិនចាំបាច់អ្វីដែលត្រូវប្រកាសឯករាជ្យជាផ្លូវការនោះទេ ព្រោះតៃវ៉ាន់ឯករាជ្យរួចទៅហើយ៕
© រក្សាសិទ្ធិដោយ thmeythmey.com