ប្រទេសក្នុងតំបន់ជាច្រើន កំពុងប្រជែងគ្នាលើគោលនយោបាយពង្រីកការលើកលែងទិដ្ឋាការ ដើម្បី ទាញភ្ញៀវទេសចរអន្តរជាតិ។ ថ្មីៗនេះ ថៃបានពង្រីកការលើកលែងទិដ្ឋាការសម្រាប់ភ្ញៀវទេសចរដល់ ប្រទេសចំនួន៩៣, ម៉ាឡេស៊ីមាន១៣៤ និងសិង្ហបុរី១៦២ ស្របពេលកម្ពុជាមានត្រឹម ១១ប្រទេស។ តើកម្ពុជាដល់ពេលពង្រីកទិដ្ឋាការ ដើម្បីទាក់ទាញភ្ញៀវទេសចរអន្តរជាតិ?
គោលនយោបាយលើកលែងទិដ្ឋាការរបស់បណ្តាប្រទេសអាស៊ីអាគ្នេយ៍មួយចំនួន បានទាក់ទាញភ្ញៀវទេសចរអន្តរជាតិ ជាពិសេសភ្ញៀវទេសចរចិន។ កំណើនភ្ញៀវទេសចរចិននៅតំបន់ទេសចរណ៍នានា ជាសញ្ញានៃការរស់ឡើងវិញយ៉ាងខ្លាំងនៅក្នុងវិស័យទេសចរណ៍នៅក្នុងតំបន់ ចាប់តាំងពីទីក្រុងប៉េកាំងបានលុបចោលការរឹតបន្តឹងការធ្វើដំណើរយ៉ាងតឹងរ៉ឹងនៅដើមឆ្នាំ២០២៣ បន្ទាប់ពីការបិទព្រំដែនរយៈពេល ៣ឆ្នាំ។
ចិន និងថៃបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងលើកលែងទិដ្ឋាការ នៅថ្ងៃទី២៨ ខែមករា ដែលអនុញ្ញាតឱ្យប្រជាជនប្រទេសទាំងពីរចេញ-ចូល ដោយគ្មានទិដ្ឋាការរយៈពេល៣០ថ្ងៃ ដោយចូលជាធរមានចាប់ពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២៤។
ថ្មីនេះ ថៃបានពង្រីកការលើកលែងទិដ្ឋាការដល់ ៣៦ប្រទេសបន្ថែមទៀតក្នុងនោះមានកម្ពុជាផង ដោយបង្កើនចំនួនប្រទេស និងដែនដីដែលគ្មានទិដ្ឋាការពី៥៧ រហូតដល់៩៣ប្រទេស ដែលអនុវត្តបានចាប់ពីថ្ងៃទី១ ខែមិថុនា។ ជាមួយទិដ្ឋាការថ្មីនេះ ភ្ញៀវទេសចរអាចស្នាក់នៅថៃរហូតដល់ ៦០ថ្ងៃ។ នេះបើតាមកាសែត Bangkok Post។
ទន្ទឹមនេះ គណៈរដ្ឋមន្ត្រីក៏បានអនុម័តទិដ្ឋាការពេលមកដល់ (visa on arrival) ដល់ប្រទេសចំនួន៣១ ដែលកើនឡើងជិតទ្វេដងធៀបពីមុនមានត្រឹមតែចំនួន ១៩ប្រទេស។
លើសពីនេះ សម្រាប់ភ្ញៀវទេសចរដែលចង់ទាំងធ្វើការ និងកម្សាន្តនៅថៃ អាចត្រូវបានផ្តល់ទិដ្ឋាការមានរយៈពេល ៥ឆ្នាំជាមួយនឹងការស្នាក់នៅរហូតដល់ ១៨០ថ្ងៃ និងអាចបន្តបាន ១៨០ថ្ងៃបន្ថែមទៀត។ ពីមុន ថៃបានកំណត់កម្មវិធីទិដ្ឋាការប្រចាំថ្ងៃដែលភ្ញៀវអាចចេញចូលតែ២ដងប៉ុណ្ណោះ ក្នុងរយៈពេល៣០ថ្ងៃ។
សម្រាប់ម៉ាឡេស៊ី គោលនយោបាយលើកលែងទិដ្ឋាការរបស់ប្រទេសនេះបានពង្រីកទៅកាន់ប្រទេសចំនួន ១៣៤ នៅពាសពេញពិភពលោក។ នេះបើតាមវេបសាយ Travel and Tour World ចុះផ្សាយថ្ងៃទី១៨ ខែមិថុនា។ គោលនយោបាយនេះ បានជំរុញគំនិតផ្តួចផ្តើមយុទ្ធសាស្រ្តដែលមានគោលដៅទាក់ទាញភ្ញៀវទេសចរឲ្យបាន ៣៥,៦លាននាក់នៅឆ្នាំ២០២៦។ ម៉ាឡេស៊ីផ្តល់ការលើកលែងទិដ្ឋាការដល់អ្នកដំណើរមកពីប្រទេសផ្សេងៗទៅតាមប្រភេទការលើកលែងទិដ្ឋាការ̣៩០ថ្ងៃ, ៣០ថ្ងៃ, ១៤ថ្ងៃ។
នៅពេលថ្មីៗនេះ ម៉ាឡេស៊ី បានផ្តល់ការលើកលែងទិដ្ឋាការដល់ប្រភពភ្ញៀវទេសចរធំពីរលើពិភពលោក គឺឥណ្ឌា និងចិន រួមជាមួយនឹងអ្នកកាន់លិខិតឆ្លងដែនមកពីប្រទេសមួយចំនួន ព្រមទាំងប្រទេសសមាជិកអាស៊ាន អាចទៅកម្សាន្តនៅប្រទេសនេះដោយគ្មានទិដ្ឋាការរហូតដល់ ៣០ថ្ងៃ។ លើសពីនេះ បុគ្គលដែលកាន់ប័ណ្ណធ្វើដំណើរតំបន់រដ្ឋបាលពិសេសម៉ាកាវ ត្រូវបានអនុញ្ញាតឱ្យស្នាក់នៅ ១៤ថ្ងៃដោយគ្មានទិដ្ឋាការ។
អាម៉េរិក អង់គ្លេស អូស្រាលី និងនូវែលសេឡង់ ក៏ទទួលបានការលើកលែងទិដ្ឋាការដែលចូលមកកម្សាន្តនៅម៉ាឡេស៊ីរយៈពេល ៩០ថ្ងៃ។ ទន្ទឹមនេះ រដ្ឋជាសមាជិកសហភាពអឺរ៉ុបក៏អាចចូលទៅម៉ាឡេស៊ី ៩០ថ្ងៃដោយគ្មានទិដ្ឋាការដែរ។
លើសពីនេះ ក្រុមប្រទេស Gulf Cooperation Council រួមមាន អារ៉ាប៊ីសាអូឌីត បារ៉ែន គុយវ៉ែត អូម៉ង់ កាតា និងអេមីរ៉ាតអារ៉ាប់រួប ត្រូវបានអនុញ្ញាតឱ្យទៅទស្សនា និងស្នាក់នៅម៉ាឡេស៊ីរហូតដល់ ៩០ថ្ងៃសម្រាប់គោលបំណងទេសចរណ៍ ឬអាជីវកម្ម។
សម្រាប់វៀតណាម បច្ចុប្បន្នកំពុងលើកលែងទិដ្ឋាការដល់ភ្ញៀវទេសចរពីប្រទេសចំនួន ២៥ ដែលក្នុងនោះប្រទេសចំនួន១៣ ត្រូវបានលើកលែងទិដ្ឋាការជាឯកតោភាគីរួមមាន អាល្លឺម៉ង់ បារាំង អ៊ីតាលី អេស្ប៉ាញ អង់គ្លេស និងអៀរឡង់ខាងជើង រុស្ស៊ី ជប៉ុន និងកូរ៉េខាងត្បូង ស៊ុយអែត ន័រវេស ហ្វាំងឡង់ បេឡារុស្ស។
ក្រៅពីនេះ មានប្រទេសជាច្រើនក្នុងទ្វីបអាស៊ីកំពុងបង្កើនការប្រកួតប្រជែងដើម្បីទាក់ទាញភ្ញៀវទេសចរជាមួយនឹងគោលនយោបាយគ្មានទិដ្ឋាការ ឧទាហរណ៍ សិង្ហបុរីបានលើកលែងទិដ្ឋាការសម្រាប់ប្រទេសចំនួន១៦២, ហ្វីលីពីន (១៥៧ប្រទេស), ជប៉ុន (៦៨ប្រទេស) និងកូរ៉េខាងត្បូង (៦៦ ប្រទេស)។ នេះបើតាមសារព័ត៌មាន VnExpress នៅថ្ងៃទី១៦ ខែកម្ភៈ ឆ្នាំ២០២៤។
ចំណែកកម្ពុជាវិញ បច្ចុប្បន្នប្រទេសនេះមានការការលែងទិដ្ឋាការដល់ភ្ញៀវទេសចរចំនួន ១១ប្រទេសប៉ុណ្ណោះ។ ភ្ញៀវទេសចរមកពី ឥណ្ឌូណេស៊ី ឡាវ ម៉ាឡេស៊ី ម៉ាល់ឌីវ ហ្វីលីពីន វៀតណាម និងសិង្ហបុរី អាចចូលមកកម្ពុជាដោយគ្មានទិដ្ឋាការរយៈពេល ៣០ថ្ងៃ។ ទន្ទឹមនេះ កម្ពុជាក៏បានលើកលែងទិដ្ឋាការដល់ប្រទេសសីស្ហែល ១៥ថ្ងៃ ខណៈព្រុយណេ មីយ៉ាន់ម៉ា និងថៃមានត្រឹមតែ ១៤ថ្ងៃ។
ចំនួននេះ ហាក់មានតិចនៅឡើយបើធៀបប្រទេសនៅក្នុងតំបន់។ ដើម្បីសម្រេចនូវចក្ខុវិស័យក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០ កម្ពុជាគួរពង្រីកការលើកលែងទិដ្ឋាការដល់ប្រទេសជាច្រើនទៀត ដើម្បីជំរុញចំណូលសេដ្ឋកិច្ចជាតិតាមរយៈភ្ញៀវទេសចរអន្តរជាតិ។
គួរបញ្ជាក់ថា គិតត្រឹមត្រីមាសទី១ឆ្នាំនេះ ថៃបានស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិជាង ៩លាននាក់ ដែលជាចំនួនខ្ពស់បំផុតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដោយច្រើនជាង១,៦ដងនៃចំនួនភ្ញៀវទេសចរទៅកាន់ម៉ាឡេស៊ី ដែលឈរលំដាប់ទីពីរប្រចាំតំបន់។ ឈរលេខរៀងបន្ទាប់គឺសិង្ហបុរី មានភ្ញៀវ៤,៣៥លាននាក់ ឥណ្ឌូណេស៊ីមាន៣លាននាក់ ហ្វីលីពីន១,៦លាននាក់ កម្ពុជា១,៥លាននាក់ និងឡាវ១លាននាក់៕