សង្គមអន្តរជាតិ
អន្តរជាតិ
មនុស្សជាង ៥០នាក់ស្លាប់ ដោយសារពុលស្រានៅឥណ្ឌា ![អ្នកជំងឺសម្រាកនៅមន្ទីរពេទ្យក្នុងរដ្ឋ Tamil Nadu បន្ទាប់ពីហេតុការណ៍ពុលស្រា។ រូបភាព ៖ AFP](https://image.thmeythmey.com/pictures/2024/06/24/24620241407b.jpg)
អ្នកជំងឺសម្រាកនៅមន្ទីរពេទ្យក្នុងរដ្ឋ Tamil Nadu បន្ទាប់ពីហេតុការណ៍ពុលស្រា។ រូបភាព ៖ AFP
×![]()
មន្ត្រីនៅរដ្ឋ Tamil Nadu ភាគខាងត្បូងឥណ្ឌាបានប្រកាសថា មនុស្សចំនួន ៥៣នាក់បានស្លាប់ ដោយសារការផឹកស្រាលាយសារធាតុមេតាណុលខ្ពស់ ដែលជាប្រភេទថ្នាំពុល។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ព័ត៌មានបារាំង AFP។
ហេតុការណ៍ពុលស្រានៅឥណ្ឌា បានកើតឡើងនៅថ្ងៃទី១៨ ខែមិថុនា បណ្តាលឲ្យមនុស្សជាង១០០នាក់ត្រូវបញ្ជូនទៅមន្ទីរពេទ្យ ប៉ុន្តែជនរងគ្រោះជាច្រើននាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរដែលគ្រូពេទ្យមិនអាចព្យាបាលបាន។ លោក Muthuvel Stalin ប្រមុខរដ្ឋ Tamil Nadu បាននិយាយថា មនុស្ស ៣៧នាក់បានស្លាប់ប៉ុន្មានម៉ោង បន្ទាប់ពីផឹកស្រាលាយជាមួយនឹងមេតាណុលកម្រិតខ្ពស់។
លោក MS Prasanth មន្ត្រីជាន់ខ្ពស់នៅស្រុក Kallakurichi ក្នុងរដ្ឋ Tamil Nadu បានប្រកាស នៅថ្ងៃទី២២ ខែមិថុនាថា មនុស្ស ៥៣នាក់បានស្លាប់ ដោយសារពុលស្រា ហើយមនុស្ស ៧នាក់ដែលពាក់ព័ន្ធជុំវិញកាផលិតស្រាត្រូវបានចាប់ខ្លួន។ ប្រព័ន្ធផ្សព្វផ្សាយឥណ្ឌាបានរាយការណ៍កាលពីថ្ងៃទី២៣ ខែមិថុនាថា មនុស្ស ៥៦នាក់បានស្លាប់ ប៉ុន្តែមន្ត្រីរបស់ប្រទេសនេះមិនបានធ្វើអត្ថាធិប្បាយលើព័ត៌មាននេះទេ។
បើតាមសមាជិកក្រុមប្រឹក្សាក្នុងស្រុក Palraj កម្មករក្រីក្រនៅក្នុងស្រុក Kallakurichi តែងតែទិញស្រាមួយថង់ក្នុងតម្លៃ ០,៧ដុល្លារ ដើម្បីផឹកមុនពេលទៅធ្វើការ។ ក្នុងហេតុការណ៍ពុលស្រាកាលពីថ្ងៃទី១៨ មិថុនា បណ្តាលឱ្យមនុស្សខ្លះពិការភ្នែកយកទៅមន្ទីរពេទ្យ ចំណែកអ្នកខ្លះទៀតបានស្លាប់តាមផ្លូវ ។
ឥណ្ឌាបានកត់ត្រាការស្លាប់រាប់រយនាក់ក្នុងមួយឆ្នាំៗ ដោយសារការផឹកស្រាមានតម្លៃថោកដែលទិញពីរោងចក្រចម្រាញ់ខុសច្បាប់។ ហេតុការណ៍នៅក្នុងរដ្ឋ Tamil Nadu ជាករណីពុលដ៏អាក្រក់បំផុតមួយនៅឥណ្ឌាក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។
រោងចក្រចម្រាញ់ស្រាជាច្រើននៅឥណ្ឌា តែងតែលាយសារធាតុមេតាណុលចូលទៅក្នុងស្រាដើម្បីបង្កើនកម្លាំង។ អ្នកដែលផឹកស្រាមានលាយសារធាតុច្រើន អាចធ្វើឲ្យពិការភ្នែក រងការខូចខាតថ្លើម ឬស្លាប់។
កាលពីឆ្នាំមុន ការពុលស្រានៅក្នុងរដ្ឋ Bihar ភាគខាងកើតឥណ្ឌា បានធ្វើឱ្យមនុស្ស ២៧នាក់បានស្លាប់។ ក្នុងឆ្នាំ២០២២ នៅរដ្ឋ Gujarat ឧប្បត្តិហេតុពុលស្រាស្រដៀងគ្នា បានសម្លាប់មនុស្ស ៤២នាក់៕
© រក្សាសិទ្ធិដោយ thmeythmey.com