RFI
អន្តរជាតិ
ឥណ្ឌូណេស៊ី កំពូលសេដ្ឋកិច្ចអាស៊ាន បន្តមានវឌ្ឍនភាពសេដ្ឋកិច្ច ជាង៥% ឆ្នាំនេះនិងឆ្នាំថ្មី អនាគតប្រធានាធិបតីឥណ្ឌូណេស៊ី លោក ប្រាបូវូ ស៊ូប៊ីយ៉ានតូ ជន្មាយុ ៧២ ឆ្នាំ នឹងមកជំនួស លោក ចូកូ វីដូដូ នៅខែតុលាខាងមុខ។ REUTERS - Edgar Su
×
ដោយ៖ហេង ឧត្តម/RFI ខេមរភាសា
ធនាគារពិភពលោក បញ្ជាក់ថា ឥណ្ឌូណេស៊ីមានសេដ្ឋកិច្ចរឹងមាំល្អ ហើយនិងបន្តមានស្ថិរភាពវឌ្ឍនភាព ថែមទៀត។ វឌ្ឍនភាពសេដ្ឋកិច្ចរបស់កំពូលមហាអំណាចសេដ្ឋកិច្ច ទី១ ប្រចាំតំបន់អាស៊ាននេះ ក៏ដោយសារតែការទំហំប្រើប្រាស់ក្នុងស្រុកច្រើនខ្លាំង ការចំណាយសាធារណៈកើនខ្ពស់ និងវិនិយោគទុនបរទេស ក៏បានកើនឡើងច្រើនជាលំដាប់ នៅឥណ្ឌូណេស៊ី។ ទោះបីជាយ៉ាងនេះក្តី ធនាគារពិភពលោក ក៏បានព្រមានបន្តិចដែរ អំពីហានិយភ័យ ជុំវិញអត្រាការប្រាក់ខ្ពស់ និងវិបត្តិជម្លោះក្នុងតំបន់ ដែលអាចប៉ះពាល់ដល់វឌ្ឍនភាពសេដ្ឋកិច្ច ជាយថាហេតុ។
សុខភាពសេដ្ឋកិច្ចរបស់ឥណ្ឌូណេស៊ី មានវឌ្ឍនភាពល្អ ល្អជាងការរំពឹងរបស់ធនាគារពិភពលោក កាលពីលើកមុខទៅទៀត។ លើកមុន កំណើនសេដ្ឋកិច្ចរបស់ឥណ្ឌូណេស៊ី ត្រូវគេព្យាករថាកើនត្រឹមតែ ៤,៩% ក្នុងឆ្នាំនេះ ក៏ប៉ុន្តែ នៅគ្រានេះ ធនាគារពិភពលោក បានវាយតម្លៃជាថ្មីថា មានវឌ្ឍនភាពកើនឡើងដល់ជាង៥%ឯណោះ។
ជាក់ស្តែង ឥណ្ឌូណេស៊ី បានងើបស្ទុះ រើបម្រះខ្លួនពីភាពរងគ្រោះព្រោះជំងឺកូវីដ ហើយសុខភាពប្រទេស១នេះក៏បានប្រសើរឡើងវិញ ដូចនៅកាលពីមុខសម័យកាលកូវីដ១៩ ទៀតផង។ ក្នុងសន្និសីទសារព័ត៌មាន នៅថ្ងៃច័ន្ទ ទី២៤មិថុនា លោក Wael Mansour អ្នកជំនាញជាន់ខ្ពស់ ផ្នែកសេដ្ឋកិច្ចរបស់ធនាគារពិភពលោកប្រចាំប្រទេសឥណ្ឌូណេស៊ី បានពន្យល់បញ្ជាក់ថា កំណើនលូតលាស់ខ្លាំងនៃសេដ្ឋកិច្ចឥណ្ឌូណេស៊ី ដោយផ្អែកទៅលើទំហំប្រើប្រាស់ក្នុងស្រុកច្រើនខ្លាំង ការចំណាយសេវាសាធារណៈជាទូទៅកើនខ្ពស់ ព្រមទាំងការវិនិយោគទុនពីបរទេស ក៏បានកើនឡើងច្រើនខ្លាំងជាលំដាប់។ ហើយប្រព័ន្ធច្បាប់ហិរញ្ញវត្ថុឥណ្ឌូណេស៊ី ក៏នៅតែបន្តនយោបាយលើកទឹកចិត្តនិងទាក់ទាញបរទេសឲ្យមកវិនិយោគទុនថែមទៀត។ ក្រុមហ៊ុនបរទេសគ្រាក់ៗ បានទៅបោះទីតាំងរឹងរឹតតែច្រើននាពេលថ្មីៗ។ ម្យ៉ាងទៀត ការចំណាយលើការបោះឆ្នោតប្រធានាធិបតីកាលពីខែកុម្ភៈ ក៏បានជះឥទ្ធិពលវិជ្ជមាន និងដែលតម្រូវឲ្យកែសម្រួលការវាយតម្លៃជាថ្មី។ ពោលគឺរបាយការណ៍ថ្មី ស្តីពីទស្សនវិស័យសេដ្ឋកិច្ច របស់ធនាគារពិភពលោក បង្ហាញថា ផលិតផលចំណូលក្នុងស្រុកសរុប របស់ឥណ្ឌូណេស៊ី មានកំណើនវឌ្ឍនភាពល្អ កើនឡើង ៥% ក្នុងឆ្នាំនេះ ហើយនិងបន្តកើនឡើងថែមទៀត ជាង៥% នៅឆ្នាំថ្មីខាងមុខ ឆ្នាំ២០២៥-២០២៦ ។
ចំពោះការចំណាយសាធារណៈរដ្ឋ ថ្នាក់ដឹកនាំឥណ្ឌូណេស៊ីនៅបន្តអាទិភាព។ អនាគតប្រធានាធិបតីឥណ្ឌូណេស៊ី លោក ប្រាបូវូ ស៊ូប៊ីយ៉ានតូ ជន្មាយុ ៧២ ឆ្នាំ ដែលនឹងមកជំនួស លោក ចូកូ វីដូដូ នៅខែតុលាខាងមុខ នឹងបន្តការចាយវាយច្រើនទៀតលើវិស័យអប់រំ។ ក្នុងយុទ្ធនាការបោះឆ្នោត លោក ប្រាបូវូ ស៊ូប៊ីយ៉ានតូ បានសន្យាថា ផ្តល់អាហារ១ពេល និងទឹកដោះគោ១កែវ ជាប្រចាំថ្ងៃ ដោយឥតគិតថ្លៃ ចំពោះកូនសិស្សចាប់ពីថ្នាក់មត្តេយ្យសិក្សា រហូតដល់វិទ្យាល័យ ហើយនិងសម្រាប់ស្ត្រីមានផ្ទៃពោះ។ កូនសិស្ស ចំនួន ប្រមាណ ៩២,៣ លាននាក់ នឹងទទួលបានអត្ថប្រយោជន៍នេះ ហើយដែលអាចត្រូវចំណាយថវិការដ្ឋ ប្រមាណ ២៦,៥ ពាន់លានអឺរ៉ូ។ នេះបើតាមកាសែត Le Courrier International ចុះផ្សាយថ្ងៃទី១៤ ឧសភា កន្លងទៅ។
ទោះជាយ៉ាងណាក៏ដោយចុះ អ្នកជំនាញជាន់ខ្ពស់ ផ្នែកសេដ្ឋកិច្ចរបស់ធនាគារពិភពលោក ដដែល ក៏បានក្រើនរំឭកដែរ អំពីគ្រោះថ្នាក់ហានិយភ័យប្រឈមមួយចំនួន ដែលអាចធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចឥណ្ឌូណេស៊ី។ នោះគឺបញ្ហាអត្រាការប្រាក់ខ្ពស់ ហើយនិងជម្លោះវិបត្តិនៅក្នុងតំបន់ ដែលអាចជះចំហាយឥទ្ធិពលជាយថាហេតុ៕
© រក្សាសិទ្ធិដោយ thmeythmey.com