សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
ការស្ទង់មតិ៖ អ្នកបោះឆ្នោតជឿជាក់លោក ត្រាំ ផ្នែកសេដ្ឋកិច្ច តែជ្រើសលោក​ បៃឌិន លើប្រជាធិបតេយ្យ
26, Jun 2024 , 4:19 pm        
រូបភាព
អតីប្រធានាធិបតីអាម៉េរិក ដូណាល់ ត្រាំ (ឆ្វេង) និងប្រធានាធិបតីបច្ចុប្បន្ន ចូ បៃឌិន ។ រូបភាព ៖ AP
អតីប្រធានាធិបតីអាម៉េរិក ដូណាល់ ត្រាំ (ឆ្វេង) និងប្រធានាធិបតីបច្ចុប្បន្ន ចូ បៃឌិន ។ រូបភាព ៖ AP
ការស្ទង់មតិរបស់ Reuters/Ipsos នាពេលថ្មីៗនេះបង្ហាញថា អ្នកបោះឆ្នោតអាម៉េរិកចាត់ទុកលោក ដូណាល់ ត្រាំ ជាបេក្ខភាពប្រធានាធិបតីល្អជាងខាងផ្នែកសេដ្ឋកិច្ច ប៉ុន្តែពួកគេចូលចិត្តវិធីសាស្រ្តរបស់បេក្ខជនគណបក្សប្រជាធិបតេយ្យនិងជាប្រធានាធិបតីបច្ចុប្បន្ន លោក ចូ បៃឌិន ក្នុងការការពារលទ្ធិប្រជាធិបតេយ្យ។



ការស្ទង់មតិ Reuters/Ipsos រយៈពេល៣ថ្ងៃដែលបញ្ចប់នៅថ្ងៃទី២៤ ខែមិថុនា បានបង្ហាញថា មុនការបោះឆ្នោតនៅថ្ងៃទី៥ ខែវិច្ឆិកា អ្នកបោះឆ្នោតនៅតែបែងចែកវិធីសាស្រ្តរបស់បេក្ខជនប្រធានាធិបតីទាំងពីរ ក្នុងការប្រជែងតំណែងសេតវិមាន។ 
 
អត្រាគាំទ្ររបស់លោក បៃឌិន បានកើនឡើងបន្តិចពី៣៦ភាគរយក្នុងខែឧសភា ដល់ ៣៧ភាគរយក្នុងខែមិថុនា។ ប៉ុន្តែអ្នកប្រជាធិបតេយ្យបារម្ភថា លោក បៃឌិន អាចរងឥទ្ធិពលដោយការព្រួយបារម្ភរបស់អ្នកបោះឆ្នោតអំពីអាយុរបស់លោក ក៏ដូចជាការប្រឆាំងនៅក្នុងគណបក្សចំពោះការគាំទ្រសង្រ្គាមប្រឆាំងនឹងអ៊ីស្រាអែល-ហាម៉ាស។ ក្នុង​វ័យ ៨១ឆ្នាំ លោក បៃឌិន ជា​ប្រធានាធិបតី​អាម៉េរិក​ចាស់​ជាងគេ​ដែល​កាន់​តំណែងកំពូលមួយ​នេះ។
 
នៅពេលសួរថាតើបេក្ខជនទាំងពីររូបណាដែលល្អជាងក្នុងការដោះស្រាយបញ្ហាសេដ្ឋកិច្ច ដែលជាបញ្ហាចំពោះមុខសម្រាប់អ្នកបោះឆ្នោត អត្រាគាំទ្ររបស់លោក ត្រាំ មាន ៤៣ភាគរយ ខណៈអត្រាគាំទ្ររបស់លោក បៃឌិន មាន៣៧ភាគរយ។
 
អ្នកបោះឆ្នោតនៅអាម៉េរិក នៅតែមានកង្វល់ជាមួយការឡើងថ្លៃរបស់របរប្រើប្រាស់ ទោះបីជាអតិផរណាបានថយចុះគួរឱ្យកត់សម្គាល់ក្នុងប៉ុន្មានខែថ្មីៗនេះ ហើយភាពអត់ការងារធ្វើបានធ្លាក់ចុះក្រោម៤ភាគរយក៏ដោយ។ 
 
ទន្ទឹមនេះ បេក្ខជនបក្សសាធារណរដ្ឋមានការគាំទ្រច្រើនជាងជុំវិញបញ្ហាអន្តោប្រវេសន៍ដោយមានអត្រា ៤៤ភាគរយធៀបនឹងគូប្រជែង៣១ភាគរយ។ ជនអន្តោប្រវេសន៍មានចំនួន ១៣,៩ភាគរយនៃចំនួនប្រជាជនអាម៉េរិកក្នុងឆ្នាំ២០២២ ដែលជាចំនួនខ្ពស់បំផុតក្នុងរយៈពេលជាងមួយសតវត្ស។ លោក ត្រាំ បានផ្តោតលើគោលនយោបាយជនអន្តោប្រវេសន៍ខុសច្បាប់ក្នុងអំឡុងពេលយុទ្ធនាការបោះឆ្នោត។
 
ទាក់ទង​នឹង​ជម្លោះ​បរទេស និង​អំពើ​ភេរវកម្ម អត្រា​គាំទ្រ​របស់​លោក ត្រាំ មាន៤០ភាគរយ ខណៈ​អត្រា​គាំទ្រ​របស់​លោក បៃឌិន មាន៣៥ភាគរយ។
 
ទោះជាយ៉ាងណាក៏ដោយ លោក បៃឌិន មានគុណសម្បត្តិជាងលោក ត្រាំ ក្នុងការដោះស្រាយភាពជ្រុលនិយមផ្នែកនយោបាយ និងការគំរាមកំហែងដល់លទ្ធិប្រជាធិបតេយ្យ ដែលជាកង្វល់លំដាប់ទី២ របស់អ្នកបោះឆ្នោតនៅអាម៉េរិក។ អត្រា​គាំទ្រ​បេក្ខជន​បក្ស​ប្រជាធិបតេយ្យ​គឺ ៣៩ភាគរយ ខណៈ​អត្រា​គាំទ្រ​បេក្ខជន​បក្ស​សាធារណរដ្ឋ​មាន៣៣ភាគរយ។
 
កន្លងមកនេះ លោក ត្រាំ ដែលត្រូវបានកាត់ទោសកាលពីខែមុនពីបទក្លែងបន្លំរបាយការណ៍អាជីវកម្ម កំពុងរង់ចាំការកាត់ទោសព្រហ្មទណ្ឌចំនួន៣បន្ថែមទៀត ដែលចំនួន២ ពាក់ព័ន្ធនឹងការខិតខំប្រឹងប្រែងរបស់លោកដើម្បីលុបចោលលទ្ធផលបោះឆ្នោតឆ្នាំ ២០២០ ។
 
លោក បៃឌិន ក៏មានគុណសម្បត្តិលើគូប្រជែងផ្នែកលើគោលនយោបាយថែទាំសុខភាពដែរ ជាមួយនឹងអត្រាគាំទ្រ៤០ភាគរយធៀបនឹងគូប្រជែង ២៩ភាគរយ​។ នៅពេលលោក បៃឌិន ជាអនុប្រធានាធិបតីអាម៉េរិកក្នុងឆ្នាំ២០១០ ក្រោមរដ្ឋបាលប្រធានាធិបតី បារ៉ាក់ អូបាម៉ា បានជំរុញឱ្យមានកំណែទម្រង់ដ៏សំខាន់មួយ ដើម្បីបង្កើនលទ្ធភាពទទួលបានសេវាធានារ៉ាប់រងសុខភាពយ៉ាងច្រើន។
 
ការស្ទង់មតិរបស់ Reuters/Ipsos កន្លងមកបានបង្ហាញថា អត្រាគាំទ្រលោក បៃឌិន និងលោក ត្រាំ មានគម្លាតគ្នាតិចតួចប៉ុណ្ណោះ ក្នុងការប្រកួតប្រជែងសម្រាប់តំណែងនា៥ខែខាងមុខ ទោះបីជាការស្ទង់មតិនៅរដ្ឋមួយចំនួនបានបង្ហាញពីលោក ត្រាំ បាននាំមុខ។ 
 
ការស្ទង់មតិរបស់ Reuters/Ipsos ដែលធ្វើឡើងទូទាំងប្រទេសតាមប្រព័ន្ធអ៊ីនធឺណិត បានទទួលការឆ្លើយតបពីមនុស្សពេញវ័យអាម៉េរិកចំនួន១០១៩នាក់ រួមទាំងអ្នកបោះឆ្នោតដែលបានចុះឈ្មោះចំនួន ៨៥៦នាក់៕ 

Tag:
 អាម៉េរិក
  ដូណាល់ ត្រាំ
  បោះឆ្នោត
  ចូ បៃឌិន
© រក្សាសិទ្ធិដោយ thmeythmey.com