កីឡាអន្តរជាតិ
អន្តរជាតិ
Euro 2024៖ Ronaldo នៅតែជាជម្រើស ១១នាក់ដំបូងរបស់ព័រទុយហ្កាល់ ទល់ហ្ស៊កហ្ស៊ី
26, Jun 2024 , 9:59 pm        
រូបភាព
Cristiano Ronaldo នឹងត្រូវចាប់ផ្តើមការប្រកួតនៅក្នុងជម្រើស ១១នាក់ ដំបូងជាថ្មី សម្រាប់ក្រុមជម្រើសជាតិព័រទុយហ្កាល់ នៅក្នុងជំនួបទល់នឹងក្រុមហ្ស៊កហ្ស៊ី ប្រកួតចុងក្រោយវគ្គចែកពូល ពូល F នៃព្រឹត្តិការណ៍ Euro 2024។ នេះបើតាមការអះអាងរបស់លោក Roberto Martinez គ្រូបង្វឹកជម្រើសជាតិព័រទុយហ្កាល់។



ទោះបីជាក្រុមបានកក់កៅអីរួចស្រេច សម្រាប់វគ្គ ១៦ក្រុម ចុងក្រោយ ក្រោយពីយកឈ្នះលើក្រុមសាធារណរដ្ឋឆែក និងតួកគី ភាពងឿងឆ្ងល់ចំពោះវត្តមានរបស់ Ronaldo សម្រាប់ជំនួបចុងក្រោយទល់ហ្ស៊កហ្ស៊ី បានកើតឡើងចំពោះអ្នកគាំទ្រ។ យ៉ាងណាលោក Martinez អះអាងថាប្រធានក្រុមវ័យចំណាស់ នឹងចាប់ផ្តើមជម្រើស ១១នាក់ដំបូងដដែល។
 
គ្រូបង្វឹកក្រុមព័រទុយហ្កាល់ បាននិយាយក្នុងសន្និសីទកាសែតមុនការប្រកួតបែបនេះថា៖«ខ្ញុំអាចនិយាយបានថានៅថ្ងៃស្អែកនេះ Ronaldo នឹងចាប់ផ្តើមនៅក្នុងជម្រើស ១១នាក់ដំបូង។ ពិតណាស់ជារឿងសំខាន់ ដែលរូបគេនឹងត្រូវតែលេង ព្រោះគេបានលេងពេញរាល់ការប្រកួតពេញរដូវកាលនេះ គេមានពេលវេលាលេងជាច្រើន ហើយខ្ញុំគិតថាការបន្តបែបនេះ សម្រាប់ការប្រកួតប្រជែងរបស់គាត់។ វានឹងមិនល្អនោះទេ សម្រាប់ការឱ្យគាត់សម្រាក ហើយនឹងវិលត្រលប់មកប្រកួតវិញនៅ ៦ថ្ងៃបន្ទាប់។»។
  


សម្រាប់ជំនួបរវាងព័រទុយហ្កាល់ ទល់ជាមួយនឹងក្រុមហ្ស៊កហ្ស៊ី ស្ថិតក្នុងកីឡដ្ឋាន Veltins Arena ព័រទុយហ្កាល់រំពឹងរកបានជ័យជម្នះបន្តទៀតពីការប្រកួតរាត្រីនេះ ខណៈហ្ស៊កហ្ស៊ីនឹងព្យាយាមប្រជែងរកឱកាសជាក្រុមលេខ ៣ល្អ លេខ២ ខណៈខ្លួនក៏មាន ១ពិន្ទុក្នុងដៃ។ រវាងព័រទុយហ្កាល់ និងហ្ស៊កហ្ស៊ី ធ្លាប់ប៉ះគ្នាបានត្រឹមតែ ១លើក ប៉ុណ្ណោះ កាលពីឆ្នាំ ២០០៨ ដោយក្រុមម្ចាស់ពាន ២០១៦ យកឈ្នះការប្រកួត ២-០។
 
ហ្ស៊កហ្ស៊ី ស្ថិតក្នុងការប្រកួតព្រឹត្តិការណ៍ Euro 2024 លើកដំបូង ២ប្រកួត ចុងក្រោយពួកគេក៏បានរកគ្រាប់បាល់ស៊ុតបញ្ចូលទីទាំង ២ប្រកួត ដែលចាញ់តួកគី ៣-១ និងស្មើឆែក ១-១។



​ស្ថិតក្នុងជំនួបពូល F ដូចជានេះ ឆែក ក៏នឹងត្រូវប្រជែងតំណែងលេខ ២ និងលេខ​៣ ទល់ តួកគី ដែលមាន ៣ពិន្ទុក្នុងដៃរួចស្រេច ដូចគ្នា វេលាម៉ោង ២យប់រំលងអាធា្រត្រ (ម៉ោងនៅកម្ពុជា) ក្នុងកីឡដ្ឋាន Volkspark។ បេសកកម្មរបស់ឆែក នឹងត្រូវការស្វែងរកជ័យជម្នះដាច់ខាតទល់នឹង តួកគី ដើម្បីមានឱកាសឡើងទៅកាន់វគ្គខ្វែង ខណៈតួកគី ក៏ចង់រក្សាតំណែងលេខ ២ របស់ខ្លួន។
 
កន្លងមកក្រុមទាំងពីរនេះធ្លាប់បានជួបគ្នាចំនួន ១១លើក ខណៈទាំងសងខាងបានយកឈ្នះការប្រកួត ៥លើក រៀងៗខ្លួន និងស្មើ ១លើក។
  


ដោយឡែក មុនការប្រកួតពូល F ជំនួបពូល E នឹងចាប់ផ្តើមការប្រកួតបង្ហើយ នៅវេលាម៉ោង ១១យប់ នៃព្រឹត្តិការណ៍ Euro 2024។ ពូល E នេះក៏ជាជំនួបដ៏សំខាន់បំផុតមួយដែរ ដោយទាំង ៤ក្រុម បែលហ្ស៊ិល ស្លូវ៉ាគី រូម៉ានី និងអ៊ុយក្រែន សុទ្ធសឹងតែមាន ៣ពិន្ទុ ស្មើគ្នាទាំង ៤ក្រុម ប៉ុន្តែខុសតែត្រង់គ្រាប់បាល់ស៊ុតបញ្ចូលទី។
 
ស្លូវ៉ាគី ដែលឈ្នះការប្រកួតពីបែលហ្ស៊ិកលទ្ធផល ១-០ ដ៏តានតឹង និងចាញ់អ៊ុយក្រែន ២-១ ទាំងប្រផិតប្រផើយ នឹងត្រូវមកកាត់សេចក្តីជាមួយ រូម៉ានី ដែលឈ្នះការប្រកួតលើអ៊ុយក្រែន ៣-០ និងចាញ់បែលហ្ស៊ិក ២-០ ក្នុងកីឡដ្ឋាន Deutsche Bank។ 
 
ចំណែក អ៊ុយក្រែន នឹងត្រូវប្រឈមមុខ បែលហ្ស៊ិក នៅការប្រកួតចុងក្រោយនេះ ដែលជាបេសកកម្មដ៏លំបាកមួយសម្រាប់ពួកគេ។ កីឡដ្ឋាន MHP Arena នឹងកាត់សេចក្តីការប្រកួតរបស់អ៊ុយក្រែន និងបែលហ្ស៊ិក ខណៈការប្រកួតនឹងត្រូវធ្វើស្របពេលគ្នាជាមួយនឹង ស្លូវ៉ាគី និងរូម៉ានី៕

Tag:
 Euro 2024
  Cristiano Ronaldo
© រក្សាសិទ្ធិដោយ thmeythmey.com