សង្គមអន្តរជាតិ
អន្តរជាតិ
បុរសវៀតណាមអាយុ៦០ឆ្នាំទៅប្រឡងបាក់ឌុប ព្រោះចង់ធ្វើជាគំរូដល់កូនចៅ ![លោក ជិន កុង ញិន រៀនត្រៀមនៅផ្ទះមុនពេលប្រឡងបាក់ឌុប។ រូបភាព ៖ VnExpress](https://image.thmeythmey.com/pictures/2024/06/30/30620242309a.jpg)
លោក ជិន កុង ញិន រៀនត្រៀមនៅផ្ទះមុនពេលប្រឡងបាក់ឌុប។ រូបភាព ៖ VnExpress
×![]()
វៀតណាម ៖ ក្នុងវ័យ៦០ឆ្នាំ លោក ជិន កុង ញិន បានតាំងចិត្តប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដើម្បីបំពេញបំណងយុវវ័យ និងធ្វើជាគំរូដល់កូនៗចៅៗ។
លោក ញិន រស់នៅខេត្តដុងណាយភាគខាងជើងទីក្រុងហូជីមិញ ដែលជាបេក្ខជនចាស់ជាងគេក្នុងការប្រឡងសញ្ញាបត្របាក់ឌុបនៅវៀតណាមឆ្នាំនេះ។ លោកបានចុះឈ្មោះប្រឡងនៅវិទ្យាល័យក្បែរផ្ទះ ដោយជ្រើសរើសមុខវិជ្ជា គណិតវិទ្យា អក្សរសាស្ត្រ អង់គ្លេស និងមុខវិជ្ជាវិទ្យាសាស្ត្រសង្គម(ប្រវត្តិវិទ្យា ភូមិវិទ្យា ការអប់រំពលរដ្ឋ)។
បើតាមបេក្ខជនវ័យចំណាស់រូបនេះ កាលពីក្មេងដោយសារស្ថានភាពគ្រួសារមានការលំបាក រូបលោកមិនទាន់អាចមានឱកាសប្រឡងបាក់ឌុប។ ជាច្រើនឆ្នាំមកនេះ លោកតែងតែប្រាថ្នាចង់បានសញ្ញាបត្រមួយនេះ។ បច្ចុប្បន្ន បើទោះបីជាលោកមានវ័យចំណាស់ក៏ដោយ ប៉ុន្តែលោកមានលក្ខខណ្ឌល្អប្រសើរក្នុងការរៀនសូត្រដោយខ្លួនឯងបានល្អជាងមុន។
«ខ្ញុំប្រឡងព្រោះចង់ធ្វើជាគំរូដល់កូនចៅឲ្យមានស្មារតីរៀនសូត្រ»។ លោក ញិន បានប្រាប់សារព័ត៌មាន VnExpress បែបនេះ។
លោក ញិន បានឲ្យដឹងថា កន្លងមក ក្រៅពីការរៀនសូត្រខ្លួនឯងតាមសៀវភៅ និងលំហាត់ត្រៀម លោកក៏បានសួរគ្រូ និងកូនចៅនៅផ្ទះបន្ថែម ត្រង់ចំណុចដែលលោកមិនយល់។ បេក្ខជនចាស់ជាងគេនៅខេត្តដុងណាយរូបនេះ មើលឃើញបញ្ហាធំបំផុតសម្រាប់ខ្លួនសម្រាប់មុខវិជ្ជា គណិតវិទ្យា និងភាសាអង់គ្លេស។
ដូច្នេះ នៅថ្ងៃដំបូងនៃការប្រឡងបាក់ឌុប លោកមានការពេញចិត្តនឹងមុខវិជ្ជាអក្សរសាស្ត្រច្រើនជាង។ សំណួរនៅក្នុងការប្រឡងបាក់ឌុបមុខវិជ្ជាអក្សរសាស្ត្រឆ្នាំនេះ គឺការវិភាគអំពីកំណាព្យមួយពាក់ព័ន្ធ«ប្រទេសជាតិ» ជាស្នាដៃដែលលោក ញិន ចូលចិត្តខ្លាំង ហើយបានធ្វើវារួចរាល់យ៉ាងយកចិត្តទុកដាក់។ យ៉ាងណាមិញ អ្វីដែលធ្វើឱ្យលោកសោកស្ដាយ គឺដៃរបស់លោកខ្សោយ និងមិនអាចសរសេរបានលឿន។
លោក ញិន បានសង្កត់ធ្ងន់ថា ៖«ថ្ងៃនេះ ខ្ញុំនឹងព្យាយាមឱ្យអស់ពីសមត្ថភាពក្នុងការប្រឡងមុខវិជ្ជាដែលសេសសល់ និងភាសាអង់គ្លេស។ ទោះជាលទ្ធផលយ៉ាងណា ខ្ញុំសង្ឃឹមថាកូនៗ និងចៅៗរបស់ខ្ញុំនឹងមើលឃើញ ហើយយកគំរូអនុវត្តតាម»។
ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៤ នៅវៀតណាម ប្រព្រឹត្តទៅនៅថ្ងៃទី ២៧-២៨ ខែមិថុនា។ យោងតាមបទប្បញ្ញត្តិរបស់ក្រសួងអប់រំ និងបណ្តុះបណ្តាលវៀតណាម អ្នកដែលបានបញ្ចប់កម្មវិធីមធ្យមសិក្សាទុតិយភូមិ ប៉ុន្តែមិនទាន់មានសញ្ញាបត្រ ឬចង់ប្រឡងឡើងវិញដើម្បីទទួលបានពិន្ទុចូលរៀននៅសាកលវិទ្យាល័យ អាចចុះឈ្មោះចូលប្រឡងបាន៕
© រក្សាសិទ្ធិដោយ thmeythmey.com