ជាតិ
សម្តេច ហ៊ុន ម៉ាណែត បញ្ជាឱ្យ​ទប់ស្កាត់រាល់សកម្មភាព​បំផ្លាញប្រព័ន្ធអេកូឡូស៊ីបឹងទន្លេសាប
01, Jul 2024 , 9:59 pm        
រូបភាព
សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងទិវាមច្ឆជាតិ លើកទី១៩ ព្រមទាំងលែងត្រី ១.៥លានក្បាលចូលទៅក្នុងបឹងធំ ដែលជាបឹងធម្មជាតិដ៏ធំ ស្ថិតក្នុងភូមិកំពង់សំណាញ់ ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។ រូបពី  STPM
សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងទិវាមច្ឆជាតិ លើកទី១៩ ព្រមទាំងលែងត្រី ១.៥លានក្បាលចូលទៅក្នុងបឹងធំ ដែលជាបឹងធម្មជាតិដ៏ធំ ស្ថិតក្នុងភូមិកំពង់សំណាញ់ ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។ រូបពី STPM
សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បញ្ជាឱ្យទប់ស្កាត់បទល្មើសនេសាទការទន្ទ្រានយកដីព្រៃលិចទឹក និងការប្រើប្រាស់ថ្នាំគីមី នៅតំបន់ជុំវិញបឹងទន្លេសាបដើម្បីការពារផលប្រយោជន៍រួម។

 
ក្នុងប្រារព្ធពិធីអបអរសាទរទិវាមច្ឆជាតិ នាថ្ងៃទី១កក្កដា សម្តេច ហ៊ុន ម៉ាណែត បានអំពាវនាវឱ្យអាជ្ញាធរ មូលដ្ឋាន រួមជាមួយពលរដ្ឋចូលរួមទប់ស្កាត់ការកាប់ទន្ទ្រានព្រៃឈើលិចទឹក ដែលសកម្មភាពទាំងនោះធ្វើឱ្យប៉ះពាល់ដល់ធនធានធម្មជាតិច្រើនយ៉ាង ដូចជាប្រព័ន្ធអេកូឡូស៊ី និងប្រព័ន្ធត្រីទឹកសាបជាដើម។
 
ការឈូសឆាយទ្រង់ទ្រាយធំ និងការប្រើប្រាស់ជីគីមីហួសហេតុ ក្នុងនៅតំបន់ជុំវិញបឹងទន្លេសាប ក៏ប្រមុខរដ្ឋាភិបាលបញ្ជាឱ្យមានការពិនិត្យមើលដែរ ព្រោះករណីនេះ បង្កឱ្យមានផលប៉ះពាល់ធ្ងន់ធ្ងរដល់ជម្រកត្រី។ 
 
ជុំវិញបញ្ហានៅតំបន់បឹងទន្លេសាបខាងលើ សម្ដេច ហ៊ុន ម៉ាណែតបានព្រមានយ៉ាងដូច្នេះ៖ «សូមកុំចង់សាកល្បង!គិតថារដ្ឋាភិបាលថ្មីក្មេងៗអត់ហ៊ានធ្វើអ្វី ខ្ញុំសូមបញ្ជូនសារឱ្យហើយ យើងនឹងបន្តធ្វើព្រោះជាកាតព្វកិច្ច។ កាន់តួនាទីនៅក្នុងរដ្ឋ មិនថាក្មេង មិនថាចាស់ មានភារកិច្ចដើម្បីការពារ និងអភិវឌ្ឍប្រទេសជាតិ ដោយចីរភាពសម្រាប់ទាំងអស់គ្នានេះ»។ 
 
ដើម្បីការពារផលប្រយោជន៍រួមរបស់ប្រទេសជាតិប្រព័ន្ធអេកូឡូស៊ីនៅជុំវិញបឹងទន្លេសាប ជម្រកត្រីពង សម្ដេចអះអាងថាមិនខ្លាចរអានឹងទប់ស្កាត់ផលប្រយោជន៍របស់មនុស្សមួយចំនួនតូចឡើយ។ ជាមួយគ្នាដែរសម្ដេចអំពាវនាវឱ្យ មានការដាំដើមឈើឡើងវិញជាប្រចាំ។ 
 
សូមជម្រាបដែរថា នៅក្នុងទិវាមច្ឆជាតិនាថ្ងៃទី១កក្កដា សម្ដេច ហ៊ុន ម៉ាណែត បានលែងត្រី១,៥លានក្បាល ចូលទៅក្នុងបឹងធំ ដែលជាបឹងធម្មជាតិដ៏ធំ ស្ថិតក្នុងភូមិកំពង់សំណាញ់ ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម៕ 

Tag:
 បឹងទន្លេសាប
© រក្សាសិទ្ធិដោយ thmeythmey.com