ជាតិ
រដ្ឋ ​ជំរុញឱ្យកសិករធ្វើទំនើបកម្មកសិកម្ម ខណៈកម្លាំងពលកម្មថយចុះមកត្រឹម៣៦​ភាគ​រយ
01, Jul 2024 , 3:59 pm        
រូបភាព
ភ្នំពេញ៖ កម្លាំងពលកម្មក្នុងវិស័យកសិកម្ម បានធ្លាក់ចុះមកត្រឹម ៣៦​ភាគរយប៉ុណ្ណោះ ក្នុង​ពេល​បច្ចុប្បន្ន ដោយសារពលរដ្ឋកាន់តែច្រើនងាកទៅរកការងារក្នុងវិស័យឧស្សាហកម្ម។ ការ​វិវឌ្ឍ​បែបនេះ ធ្វើឱ្យប៉ះពាល់ដល់ទំហំផលិតកម្ម ស្របពេល​តម្រូវការកាន់តែឡើង។ ដើម្បីដោះស្រាយគម្លាតតម្រូវការ និងការផ្គត់ផ្គង់​ ប្រមុខរាជរដ្ឋាភិបាល បានដាក់ចេញគោល​នយោបាយលើកទឹក​ចិត្ត​ឱ្យ​ធ្វើទំនើបកម្ម ដែលជាផ្នែកមួយកាត់បន្ថយកម្លាំងពលកម្ម និងបង្កើនទិន្នផល តាមរយៈការអនុគ្រោះពន្ធ, ការដាក់ពង្រាយមន្ត្រីកសិកម្មឃុំ និងការនាំចូលបច្ចេកវិទ្យាថ្មីៗជាដើម។

 
នៅក្នុង​ «ទិវាមច្ឆជាតិ» ១កក្កដា លើកទី១៩ ដែលរៀបចំនៅបឹងធំ ស្ថិតស្រុកព្រៃឈរ ខេត្តកំពង់ចាម ​សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានរំឭកថា កាលពី៣-៤ទសវត្សរ៍មុន ពលរដ្ឋកម្ពុជា ​ពឹងផ្អែក​ចម្បងលើរបរធ្វើស្រែចម្ការ។ ប៉ុន្តែបច្ចុប្បន្ននេះ មានពលរដ្ឋប្រហែល៣៦ភាគរយប៉ុណ្ណោះ ដែលប្រកបការងារកសិកម្ម។ ក្រៅពីនោះ ពួកគេចាប់យកការងារនៅក្នុងវិស័យឧស្សាហកម្ម។
 
សម្ដេច ហ៊ុន ម៉ាណែត ថ្លែងដូច្នេះ​ថា៖«បច្ចុប្បន្ន អ្នកបរិភោគមានការកើនឡើងជាលំដាប់ ខណៈអ្នកផលិតថយចុះ!»។



ដើម្បីដោះស្រាយគម្លាតតម្រូវការ និងការផ្គត់ផ្គង់ ប្រមុខរដ្ឋាភិបាល​ លើកទឹក​ចិត្ត​កសិករ​​ឱ្យផ្លាស់ប្ដូរវិធីសាស្រ្តក្នុងការធ្វើកសិកម្មបែបទំនើប ដែលជួយកាត់បន្ថយកម្លាំងពលកម្ម ចំណេញ​ពេលវេលា និងផ្ដល់ទិន្នផលខ្ពស់។ ទន្ទឹមនឹងនេះ រដ្ឋាភិបាលនឹងជួយគាំទ្របន្ថែម តាមរយៈគោលនយោបាយអនុគ្រោះពន្ធ ពង្រាយមន្រ្តីកសិកម្មឃុំ ប្រព័ន្ធធារាសាស្រ្ត និងនាំយកនូវបច្ចេកវិទ្យាទំនើបៗបន្ថែមទៀត។
 
«ឥឡូវ! អ្នកត្រូវការហូបច្រើន ឯអ្នកផលិតថយ។ នេះហើយគឺជាស្ថានភាពបច្ចុប្បន្ន ដូច្នេះ បើរដ្ឋមិនជួយ ហើយប្រជាពលរដ្ឋមិនផ្លាស់ប្ដូរវិធីសាស្រ្តក្នុងការធ្វើកសិកម្មទេនោះ យើងមិនអាចទប់ជាប់ទេ។»។ នេះ​ជា​ការ​លើក​ឡើង​របស់​សម្ដេច​ ហ៊ុន ម៉ាណែត ដោយ​បន្ថែមថា ហេតុនេះ បាន​រដ្ឋាភិបាល​ដាក់ចេញគោលនយោបាយលើកទឹកចិត្ត ដើម្បីធ្វើឱ្យ​មានទំនើបកម្ម ក្នុងវិស័យកសិកម្ម។
 
រដ្ឋាភិបាល មានមហិច្ឆតាធ្វើទំនើបកម្មលើវិស័យកសិកម្មកម្ពុជា​ឱ្យមាន​លក្ខណៈ​ប្រកួត​ប្រជែង បរិយាប័ន្ន ធន់នឹងការប្រែប្រួលអាកាសធាតុ និងនិរន្តរភាព សំដៅបង្កើនប្រាក់​ចំណូល​​គ្រួសារកសិករ និងលើកកម្ពស់សុខុមាលភាព របស់ពលរដ្ឋកម្ពុជា។ ដើម្បីប្រែក្លាយ​វិស័យនេះ គឺទាមទារឱ្យមានការប្រើប្រាស់បច្ចេកទេស បច្ចេកវិទ្យាថ្មីៗ ការស្រាវជ្រាវ និង​អភិវឌ្ឍន៍​យន្តូបនីយកម្ម ព្រមទាំងការបង្កើនសមត្ថភាពស្រោចស្រព ដើម្បីលើកកម្ពស់​ផលិតភាព ពិពិធភាវូបនីយកម្មដំណាំដែលមានសក្តានុពល និងទីផ្សារ៕
 

Tag:
 កសិកម្ម
  ទំនើបកម្មវិស័យកសិកម្ម
  ហ៊ុន​ ម៉ាណែត
© រក្សាសិទ្ធិដោយ thmeythmey.com