កីឡាអន្តរជាតិ
អន្តរជាតិ
Euro 2024៖ ជំនួបគីឡូធ្ងន់ប្រចាំវគ្គ ១/៨ បារាំង-បែលហ្ស៊ិក មុនព័រទុយហ្កាល់ជួបស្លូវេនី
01, Jul 2024 , 5:29 pm        
រូបភាព
ព្រឹត្តិការណ៍ UEFA Euro 2024 បន្តការប្រកួតនៅក្នុងរាត្រីថ្ងៃទី១ ខែកក្កដានេះ ដោយ ២គូ នឹងត្រូវបន្តប្រកួតប្រជែងគ្នា ស្វែងរកកៅអីឆ្លងទៅកាន់វគ្គ ៨ក្រុម។ ជំនួបគីឡូធ្ងន់ បារាំង និង​បែលហ្ស៊ិក ស្ថិតក្នុងកីឡដ្ឋាន Dusseldorf វេលាម៉ោង ១១យប់ មុនពេលដែលជើងខ្លាំង​ព័រទុយហ្កាល់ ត្រូវប្រជែងជាមួយស្លូវេនី វេលាម៉ោង ២យប់រំលងអាធ្រាត្រ (ម៉ោងនៅកម្ពុជា)​។

 
ជំនួបរវាងបារាំង ទល់បែលហ្ស៊ិក អាចចាត់ទុកថាជាគូប្រកួតដ៏ពិសេសមួយ ប្រចាំវគ្គ ១៦​ក្រុម នៃព្រឹត្តិការណ៍ Euro 2024។ នោះក៏ព្រោះថាវាជា​ការប្រកួតនេះ ​​ដ៏ពិបាកស្មានពី​លទ្ធ​ផល ខណៈ​បារាំង ដែលធ្លាប់ត្រូវបានគេរំពឹងថា នឹងបំបាក់ប៉ូឡូញ ឈរកំពូល​តារាង​ពូល D បែរ​ជាបញ្ចប់ត្រឹមស្មើ ១-១។ ចំណែកបែលហ្ស៊ិក ក៏បានត្រឹមស្មើ ០-០ ការប្រកួតចុងក្រោយ​វគ្គចែកពូល ឈរជាក្រុមលេខ ២ប្រចាំពូលដូចគ្នា ហើយមកជួបគ្នានៅវគ្គ ១៦ក្រុម។
 
ការប៉ះគ្នាត្រឹមវគ្គ ១៦ក្រុម នេះ ក៏នឹងក្លាយជាជំនួបដ៏ពិសេសបំផុត ដោយក្រុមលំដាប់ខ្ពស់​ពិភពលោក បារាំងលេខ ២ និងបែលហ្ស៊ិកកម្រិតលេខ ៣ ត្រូវតតាំងគ្នាដណ្តើមកៅអីវគ្គ ៨​ក្រុម។ ទាំងសងខាង សុទ្ធសឹងតែជាក្រុមកំពុងជួបបញ្ហាផ្នែកទម្រង់លេង និងវិបត្តិនៃការ បញ្ចប់ទី ត្រង់តំបន់ប្រយុទ្ធ ស្ទើរតែដូចគ្នា។



បារាំង ជាក្រុមដែលគ្រប់គ្រងការប្រកួតល្អជាង ខណៈបែលហ្ស៊ិក ហាក់ត្រូវការ​ស្វែងយល់​ចិត្តគ្នា​បន្ថែមទៀត ពីតំបន់បម្រើ ទៅកាន់តំបន់ប្រយុទ្ធ។ ជំនួបចុងក្រោយបំផុត​របស់ក្រុម​ទាំងពីរ​នេះ កើតឡើងកាលពីឆ្នាំ២០២១​ ក្នុងព្រឹត្តិការណ៍ UEFA Nations League វគ្គពាក់​កណ្តាលផ្តាច់ព្រ័ត្រ ដោយបារាំងយកឈ្នះលទ្ធផល ៣-២។
 
សម្រាប់ប្រកួតក្នុងរាត្រីវិញ បារាំង​ត្រូវបានគេរំពឹងថា ​នឹងអាចបង្កើតកម្លាំងបន្ថែម​នៅតំបន់ប្រយុទ្ធ ដោយរួមមានវត្តមានរបស់កីឡាករវ័យចំណាស់ Olivier Giroud អមដោយតំបន់ស្លាបទាំងសងខាង មានប្រធានក្រុម Kylian Mbappe និង Antoine Griezmann។ 
 


បែលហ្ស៊ិក ក៏ត្រូវការកីឡាករមុតស្រួច ក្នុងតំបន់ប្រយុទ្ធ ដើម្បីបញ្ចប់ទី ស្វែងរកគ្រាប់បាល់ ខណៈបច្ចុប្បន្ន Romelu Lukaku តែម្នាក់ឯង​នៅតំបន់ប្រយុទ្ធ ដែល​ធ្វើឱ្យការសម្រេចទី ក្លាយជារឿងលំបាក។​ កន្លងមក ការស៊ុតរបស់គេ ៣លើក តែងត្រូវបដិសេធ ដោយប្រព័ន្ធ VAR ពីជំហរ Offside និងបាល់ប៉ះដៃជាដើម។
 
សម្រាប់ការប្រកួតនៅវេលាម៉ោង ២យប់ រំលងអាធ្រាត្រ (ម៉ោងនៅកម្ពុជា) ស្ថិតក្នុងកីឡ​ដ្ឋាន Deutsche Bank Park ព័រទុយហ្កាល់ រំពឹងយកឈ្នះ ដោយភាពងាយស្រួល លើស្លូវេនី ដើម្បីកៅអីវគ្គ ៨ក្រុមចុងក្រោយ។ ព័រទុយហ្កាល់ចំណោម ១៨ប្រកួត ចុងក្រោយមកនេះ ពួក​គេរងបរាជ័យត្រឹមតែ៣លើក ប៉ុណ្ណោះ ហើយការចាញ់ចុងក្រោយគឺនៅវគ្គចែកពូល ភ្លាត់ស្នៀតរបូត ២គ្រាប់ ទៅឱ្យក្រុមហ្ស៊កហ្ស៊ី។ 
 


ស្លូវេនី វិញការប្រកួតវគ្គចែកពូល ៣លើកកន្លងមក ពួកគេទប់ទល់ការប្រកួតទាំងនោះ មិន​ឱ្យមានគ្រាប់បាល់ស៊ុតបញ្ចូលទី មិនលើសពីស្ថិតិ ២,៥គ្រាប់ឡើយ។ ព័រទុយហ្កាល់ និង​ស្លូវេនី ធ្លាប់ជួបគ្នាតែមួយលើកប៉ុណ្ណោះ ប្រចាំប្រវត្តិសាស្រ្ត ដោយការប្រកួតមិត្តភាព ហើយស្លូវេនី ដើរចេញដោយជ័យជម្នះដ៏គួរឱ្យភ្ញាក់ផ្អើល លទ្ធផល ២-០ កាលពីខែមីនា។ យ៉ាងណារាត្រីនេះ ព័រទុយហ្កាល់ រំពឹងធំពីការប្រកួតមួយនេះ។
 
សម្រាប់ការប្រកួតទល់ស្លូវេនី កីឡាករសំខាន់មួយចំនួន ដូចជា Pepe, Bruno Fernandes, Ruben Dias, Bernardo Silva, Vitinha និង Joao Cancelo ជាដើមនឹងត្រូវបន្តចាប់ផ្តើមក្នុង​ជម្រើស ១១នាក់ដំបូងរបស់ព័រទុយហ្កាល់ ក្រោយការសម្រាកបន្ទាប់ពីចាញ់ហ្ស៊កហ្ស៊ី។ ខ្សែ​ប្រយុទ្ធដ៏លេចធ្លោមួយទៀត Rafael Leao ក៏ត្រឡប់មកវិញ ក្រោយជាប់ពិន័យ ១ប្រកួត ខណៈស្លូវេនី មានក្តីបារម្ភចំពោះកីឡាករសំខាន់ៗ មានបញ្ហារបួស និងជាប់ពិន័យ។
 
យ៉ាងណាក៏ដោយ ការប្រកួតនៅរាត្រីនេះទៀតសោត បើមើលតាមស្ថិតិ​ការប្រកួតរបស់​ស្លូវេនី ៩លើកចុងក្រោយ ពួកគេក៏ជាក្រុមមិនងាយឱ្យរបូតគ្រាប់បាល់ ចាញ់ការប្រកួត​ដូចគ្នាដែរ។ រឿងនេះ នឹង​ធ្វើឱ្យក្រុមព័រទុយហ្កាល់ ​លំបាក​ទម្លុះសំណាញ់ទី​​​​ក្រុមស្លូវេនី៕

Tag:
 Euro 2024
  បារាំង
  បែលហ្ស៊ិក
© រក្សាសិទ្ធិដោយ thmeythmey.com