កីឡាជាតិ
ជាតិ
ប្រធានសហព័ន្ធកីឡាបេស្បល៖ កីឡាផ្សារភ្ជាប់ជាមួយ សិល្បៈ ឆាប់កើនប្រជាប្រិយភាព
01, Jul 2024 , 3:39 pm        
រូបភាព
ការប្រកួតបេស្បលហ្វាយ រូបពីសហព័ន្ធកីឡាបេស្បល និងសហ្វបល
ការប្រកួតបេស្បលហ្វាយ រូបពីសហព័ន្ធកីឡាបេស្បល និងសហ្វបល
សហព័ន្ធកីឡាបេស្បល និងសហ្វបលកម្ពុជា នឹងរៀបចំការប្រកួតបេស្បលហ្វាយ លើកទី១ ពីថ្ងៃទី២២-២៤ ខែសីហា ឆ្នាំ២០២៤។ ព្រឹត្តិការណ៍នេះ មានការចូលរួមផ្សព្វផ្សាយពីក្រុមសិល្បករផ្ទះតារា លោក ឆែម តារា ដែលជាប្រធានសហព័ន្ធ យល់ថា ការចូលរួមផ្សាយកីឡាពីសិល្បករ-សិល្បការិនី នឹងធ្វើឱ្យព្រឹត្តិការណ៍ប្រកួតកីឡាបេស្បល​ដែលកម្ពុជារៀបចំឡើងជាលើកទី១នេះ មានប្រជាប្រិយភាព និងទទួលបានជោគជ័យ។


ក្នុងសន្និសីទសារព័ត៌មាន ស្ដីពីការរៀបចំការព្រឹត្តិការណ៍ប្រកួតបេស្បលហ្វាយ កាលពីថ្ងៃទី៣០ ខែមិថុនា​ ឆ្នាំ២០២៤ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា លោក ឆែម តារា បាននិយាយថា កីឡាបេស្បល មាននៅកម្ពុជា២២ឆ្នាំហើយ ពោលគឺចាប់ពីអំឡុងឆ្នាំ២០០២។ ដោយឡែក កីឡានេះ មិនមានប្រជាប្រិយភាព និងមិនមានអ្នកគាំទ្រច្រើនឡើយ។
 
ប្រធានសហព័ន្ធរូបនេះ បន្ថែមថា ការរៀបចំព្រឹត្តិការណ៍បេស្បលហ្វាយ លើកទី១នេះ គឺជាដំណើរការអភិវឌ្ឍ និងផ្សព្វផ្សាយឲ្យប្រភេទកីឡាមួយនេះ មានប្រជាប្រិយភាព និងមានអ្នកគាំទ្រច្រើន ព្រោះមានការចូលរួមពីតារាសម្ដែង សិល្បករ-សិល្បការិនីផ្ទះតារា។ ដូច្នេះហើយព្រឹត្តិការណ៍លើកទី១នេះ លោក ឆែម តារា បានប្រើពាក្យស្លោកមួយគឺ«កីឡា ផ្សារភ្ជាប់ជាមួយសិល្បៈ»។



លោក ឆែម តារា បាននិយាយដូច្នេះថា៖«យើងមានពាក្យស្លោកមួយ «កីឡាផ្សារភ្ជាប់ជាមួយសិល្បៈ»។ ដូច្នេះយើងចង់ឲ្យក្រុមសិល្បៈ ទាំងក្រុមតារាទាំងអស់បានចូលរួមចំណែកជាមួយ​​នឹងកីឡា ព្រោះជាបំណែកនៃការជួយសង្គមជាតិ ជាពិសេសការអភិវឌ្ឍប្រទេសជាតិយើង។»។
 
ក្នុងសន្និសីទដដែលនេះ លោក ផាត់ ដារារ័ត្ន ស្ថាបនិកផ្ទះតារា​ យល់ថាជឿថា តាមរយៈប្រជាប្រិយភាពរបស់សិល្បករ-សិល្បការិនី នឹងជួយផ្សព្វផ្សាយកីឡាបេស្បល ឲ្យកាន់តែមានប្រជាប្រិយភាព ហើយទទួលបានការគាំទ្រច្រើន។ ស្ថាបនិកផ្ទះតារារូបនេះ បន្ថែមទៀតថា នៅពេលកីឡានេះមានប្រជាប្រិយភាព និងមានការគាំទ្រច្រើន កីឡាករ-កីឡាការិនី មានកម្លាំងចិត្ត អាចសម្រេចបានសមិទ្ធផលនានា ទាំងឆាកជាតិ និងអន្ដរជាតិ។
 
«ខ្ញុំ យល់ថាសិល្បៈ គួរតែត្រូវផ្សារភ្ជាប់ទាំងអស់ ទាំងកីឡា ទាំងសង្គម និងវប្បធម៌ផ្សេងៗ មិនមែនយើងត្រូវធ្វើតែផ្នែកសិល្បៈ តែមួយមុខទេ។ ខ្ញុំ នឹងបន្ដដឹកនាំសិល្បករ-សិល្បការិនី ដើម្បីបំផុសព្រឹត្តិការណ៍បេស្បលហ្វាយ ឲ្យកាន់តែមានការគាំទ្រខ្លាំង ដើម្បីលើកទឹកចិត្តកីឡាករ។ នៅពេលបេស្បលហ្វាយ មានអ្នកឧបត្ថម្ភ មានអ្នកគាំទ្រ មានការជ្រោមជ្រែង កីឡាករ ក៏ពួកគាត់មានទឹកចិត្តហើយលទ្ធភាពនៃការដណ្ដើមមេដាយ ឬជ័យជម្នះមកកាន់កម្ពុជា ក៏មានសន្ទុះខ្ពស់ដែរ។» លោក ផាត់ ដារារ័ត្ន បាននិយាយដូច្នេះ៕
 

Tag:
 បេស្បល
  សហ្វបល
  ផាត់ ដារារ័ត្ន
© រក្សាសិទ្ធិដោយ thmeythmey.com