ជាតិ
សិល្បះ
សមាគមសិល្បករខ្មែរ អំពាវនាវឱ្យសាធារណជន ចូលរួមបុណ្យព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ
29, Jun 2024 , 3:05 pm        
រូបភាព
ដោយ: ថ្មីៗ
សមាគមសិល្បករខ្មែរ បានអំពាវនាវឱ្យសាធារណជន ទៅចូលរួមដោយផ្ទាល់ ពិធីបុណ្យសពរបស់ព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ ឱ្យបានច្រើនកុះករ ឱ្យស័ក្ដិសមនឹងវីរភាព និងកិត្តិនាមរបស់ព្រឹទ្ធាចារ្យ។

 
ពិធីបុណ្យសព ព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ រៀបចំនៅគេហដ្ឋានរបស់លោក ស្ថិតនៅក្នុងភូមិដូង ឃុំស្វាយទងខាងជើង ស្រុកកំពង់ត្រាច ខេត្តកំពត។ មិនអាចចូលរួមផ្ទាល់ សាធារណជន ក៏អាចចូលរួមចំណែកជាថវិកាគណនីធនាគារ របស់សមាគមសិល្បករខ្មែរបានដែរ។ សមាគមសិល្បករខ្មែរ បញ្ជាក់ដូច្នេះនៅទំព័រហ្វេសប៊ុក នៅថ្ងៃទី២៩ ខែមិថុនានេះ។
 
សម្រាប់សមាគមសិល្បករខ្មែរ ពេញមួយជីវិតរបស់ព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ បានលះបង់យ៉ាងធំធេង ក្នុងបុព្វហេតុវិស័យសិល្បៈវប្បធម៌ជាតិទាំងនៅថ្នាក់ជាតិ និងតំបន់ ក៏ដូចជាការលើកម្ពស់កិត្យានុភាព និងមោទនភាពជាតិនៅលើឆាកអន្តជាតិ។ សមាគមសិល្បករខ្មែរ ចាត់ទុកមរណភាពរបស់ព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ គឺជាការបាត់បង់នូវស្វាមី ឪពុក ជីតា ជាទីគោរពស្រឡាញ់ ប្រកបដោយព្រហ្មវិហារធម៌ និងគុណូបការ:ចំពោះកូនចៅគ្រប់ៗគ្នា។ 
 
សម្រាប់វិស័យសិល្បៈវប្បធម៌ជាតិវិញ អវត្តមានរបស់លោកតាព្រឹទ្ធាចារ្យ គឺជាការបាត់បង់ធនធានមនុស្សផ្នែកចាប៉ីដងវែងដ៏កម្រ ប្រកបដោយសមត្ថភាព ទេពកោសល្យ ដែលធ្លាប់បានចូលរួមយ៉ាងសកម្មក្នុងការលើកកម្ពស់វិស័យសិល្បៈវប្បធម៌ជាតិទាំងនៅឆាកជាតិ និងតំបន់ ក៏ដូចជាការលើកម្ពស់កិត្យានុភាពជាតិនៅលើឆាកអន្តជាតិផងដែរ។ នេះបើតាមសមាគមសិល្បករខ្មែរ។ 
 
សូមជម្រាបថា ព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ បានទទួលមរណភាពនៅថ្ងៃទី២៨ ខែ មិថុនានេះ ក្នុងជន្មាយុ៨០ឆ្នាំ ដោយជរាពាធ។ សពព្រឹទ្ធាចារ្យ គង់ ណៃ នឹងបញ្ចុះនៅថ្ងៃទី ៣០ មិថុនា នាស្រុកកំណើត ក្នុងខេត្តកំពត។ 


  
ព្រឹទ្ធាចារ្យ គង់ ណៃ ជាអ្នកសិល្បៈផ្នែកចាប៉ីដងវែង ដែលពូកែវោហារ និងកាព្យចុងជួន បូករួមជាមួយសំនៀងចាប៉ី យ៉ាងពិរោះរណ្ដំ។  ព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ  ត្រូវបានព្រះមហាក្សត្រផ្តល់គោរមងាថ្នាក់ជាតិ ជាមត៌កមនុស្សរស់ ថា «កោសល្យវាហារគង់ ណៃ» នៅឆ្នាំ២០១២។
 
 មរណភាព របស់ព្រឹទ្ធាចារ្យ កោសល្យវោហារ គង់ ណៃ គឺជាដំណឹងដ៏សោកសៅសម្រាប់ប្រជាជាតិកម្ពុជាកម្ពុជា។ ទាំងប្រមុខរាជរដ្ឋាភិបាល រដ្ឋមន្ត្រីក្រសួងនានា អ្នកនយោបាយ សិល្បករ សិល្បការិនី និងសាធារណជន បានបង្ហាញសាររំលែកទុក្ខ សោកស្តាយ និងក្តុកក្តួល ព្រោះថាមរណភាពរបស់ព្រឹទ្ធាចារ្យ កោសល្យវោហារ គង់ ណៃ គឺជាការបាត់បង់មត៌កមនុស្សរស់ដ៏ឆ្នើមមួយរូបផ្នែកចាប៉ីដងវែង និងបាត់បង់ធនធានមនុស្សផ្នែកសិល្បៈម្នាក់ទៀតសម្រាប់កម្ពុជា៕

© រក្សាសិទ្ធិដោយ thmeythmey.com