កីឡាអន្តរជាតិ
អន្តរជាតិ
Euro 2024៖ Kolo Muani នាំសំណាងជួយបារាំងទម្លាក់បែលហ្ស៊ិកឡើងវគ្គ ១/៤ ទាំងលំបាក
02, Jul 2024 , 12:52 am        
រូបភាព
កីឡាករខ្សែប្រយុទ្ធ Kolo Muani ស៊ុត ១គ្រាប់ចុងវគ្គទីពីរ ប៉ះជើងខ្សែការពារ Jan Vertonghen ចូលទីខ្លួនឯង ជួយក្រុមជម្រើសជាតិបារាំង ទម្លាក់បែលហ្ស៊ិកនៅត្រឹមវគ្គ ១៦ក្រុម ចុងក្រោយនៃព្រឹត្តិការណ៍ UEFA Euro 2024 ជាមួយលទ្ធផល ១-០ ទាំងលំបាក ដើម្បីឈ្នះកៅអីឡើងវគ្គ ៨ក្រុម។



នៅក្នុងការប្រកួតវគ្គទីមួយ បារាំង និងបែលហ្ស៊ិក ហាក់បីជាមានទម្រង់លេងសន្សឹមៗរៀងៗខ្លួន រួមទាំងការប្រុងប្រយ័ត្នដូចគ្នា ដើម្បីស្វែងរកឱកាសដ៏មានតម្លៃមួយក្នុងការរកគ្រាប់បាល់ស៊ុតបញ្ចូលទី។ តែយ៉ាងណាការវាយសម្រុកគ្នាម្តងកាល ក៏បានកើតឡើងសម្រាប់ក្រុមទាំង ២ ប៉ុន្តែមិនមានឱកាសទាត់បាល់ស៊ុតសំដៅចំគោលដៅឡើយ។ ចុងវគ្គហៀបបញ្ចប់ការប្រកួតបារាំង ហាក់បីជាបើកការសម្រុកខ្លាំង ប៉ុន្តែគ្មានសំណាង ខណៈបែលហ្ស៊ិកក៏ព្យាយាមការពារ មិនចង់ឱ្យរបូតគ្រាប់បាល់។
 
ចូលវគ្គទី២ គ្រាប់បាល់របស់ក្រុមទាំង ២ ក៏នៅតែស្ងប់ស្ងាត់ ប៉ុន្តែបារាំងកែប្រែទម្រង់លេង ដោយមានការសម្រុកខ្លាំងលើសពីវគ្គទីមួយ។ បារាំងព្យាយាមរកគ្រាប់ ស្របពេលបែលហ្ស៊ិកព្យាយាមទប់ ទោះបីជាបារាំងមានឱកាសស៊ុតចំគោលដៅមួយលើកជាពីរលើកក៏ដោយ។
 
បែលហ្ស៊ិក ទោះជាមានឱកាសល្អៗ ម្តងម្កាល តែក្រុមរហស្សនាមបិសាចក្រហមមួយនេះ ហាក់បីជាគ្មានសំណាងដូចគ្នា ខណៈមិនចង់ឱ្យខ្លួនភ្លាតស្នៀតរបូតបាល់ឱ្យបារាំងវាយបកវិញឡើយ។ បារាំងផ្លាស់ប្តូរកីឡាករចូលក្នុងតំបន់ប្រយុទ្ធកាន់តែច្រើនឡើង ខណៈបែលហ្ស៊ិកកាន់តែព្យាយាមទប់ទល់ការសម្រុករបស់បារាំង ប៉ុន្តែយ៉ាងណា នៅចុងវគ្គទៅហើយ ពោលនៅនាទី ៨៥ កីឡាករ Kolo Muani មានឱកាសបណ្តើរបាល់ និងស៊ុតសំដៅទីបែលហ្ស៊ិក ទៅប៉ះជើងខ្សែការពារ Jan Vertonghen ចូលទីខ្លួនឯង ដើម្បីនាំមុខ ១-០។
 
ក្រោយរកបាន ១គ្រាប់ បារាំងកាន់តែមានទឹកមាត់លេប សម្រាប់ឡើងវគ្គ ៨ក្រុម ចុងក្រោយ ខណៈការព្យាយាមស្វែងរកគ្រាប់បាល់មកវិញតាមស្មើរបស់បែលហ្ស៊ិក កាន់តែយឺតពេលទៅ។ បញ្ចប់ការប្រកួតបារាំងឈ្នះបែលហ្ស៊ិក ទាំងលំបាក ក្នុងលទ្ធផល ១-០។
 
បារាំងត្រូវឡើងទៅកាន់វគ្គ ៨ក្រុមចុងក្រោយ ដោយអង្គុយរង់ចាំប៉ះក្រុមដែលឈ្នះការប្រកួតរវាង ព័រទុយហ្កាល់ ទល់នឹងស្លូវេនី៕
 

Tag:
 Euro 2024
© រក្សាសិទ្ធិដោយ thmeythmey.com